ទីក្រុង​កំពត បាត់ដំបង និង ក្រចេះ ត្រូវ​អភិវឌ្ឍ​ឱ្យ​ក្លាយជា​តំបន់​គោលដៅ​ទេសចរណ៍​ទី​២
ជាតិ
ទីក្រុង​កំពត បាត់ដំបង និង ក្រចេះ ត្រូវ​អភិវឌ្ឍ​ឱ្យ​ក្លាយជា​តំបន់​គោលដៅ​ទេសចរណ៍​ទី​២
04, Aug 2019 , 10:59 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ប្ដេជ្ញា​អភិវឌ្ឍ​ទីក្រុង​កំពត បាត់ដំបង និង ក្រចេះ ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ទី​២ (secondary urban tourism destination) បន្ទាប់ពី​គោលដៅ​ទេសចរណ៍​ធំៗ មាន សៀមរាប​-​អង្គរ រាជធានី​ភ្នំពេញ និង​តំបន់​ឆ្នេរសមុទ្រ​។ ការ​អនុ​អភិវឌ្ឍ គឺ​អនុវត្ត​គម្រោង «​ទីក្រុង​ប្រកបដោយ​បរិ​យា​ប័ន្ន​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្រសួងទេសចរណ៍​។

 
​លោក ថោង ខុន  រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍​ចំពោះមុខ លោក Philippe Sternmetz នាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​៣១​កក្កដា ថា កន្លងមក​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អង្គការ UNESCO បាន​សហការគ្នា​រៀបចំ​អភិវឌ្ឍ​ទីក្រុង​ទាំង​៣​ខាងលើ ទៅជា​ទីក្រុង​ទេសចរណ៍ វប្បធម៌​បេតិកភណ្ឌ និង​ជា​គោលដៅ​ទេសចរណ៍​ទី​២​។ លោក​បាន​បន្តថា  ដើម្បី​ធានាបាន​នូវ​ការ​ស្នាក់នៅ​រយៈពេល​យូរ របស់​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​នៅ​កម្ពុជា ចាំ​ចាច់​ត្រូវមាន​ការអភិវឌ្ឍ​មួយ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។​
 
​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ខេត្តកំពត ត្រូវបាន​គេ​ស្គាល់​ថា ជា​តំបន់​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ខ្លាំង​តាមរយៈ​ប្រព័ន្ធ​អេកូ​ទេសចរណ៍ ដែលមាន​ចម្ការ​ម្រេច និង​ចម្ការ​ផ្លែឈើ​ជាច្រើន​ប្រភេទ ជាពិសេស​ចម្ការ​ធុ​រ៉េ​ន​។ កាលពី​ចុងឆ្នាំ​២០១៨ មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បានកំណត់​យ​ក​តំបន់​សក្តានុពល​ទេសចរណ៍​ចំនួន​១១​កន្លែង ជា​រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​កាន់តែច្រើន​។  តំបន់​ទេសចរណ៍​ទាំងនោះ រួមមាន ឧទ្យាន​ជាតិ​ព្រះមុន្នីវង្ស​បូកគោ ទឹកឈូ ណា​តា​យ៉ា​ព្រែក​អំពិល អន្លង់​ធំ ស្រែអំបិល ភ្នំ​ឈ្ងោក ទំនប់​ប្រទាក់​ក្រ​ទ្បា ភ្នំ​កំពង់ត្រាច ជម្រក​សត្វ​ស្លាប​អន្លង់​ព្រឹង និង ចម្ការ​ម្រេច​។ 
 
​សម្រាប់​ខេត្តបាត់ដំបង គឺមាន​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ ប្រវត្តិសាស្ត្រ និង​បុរាណ​ជាច្រើន សម្រាប់​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ មក​សិក្សា​និង​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​នានា​។ តំបន់​ទេសចរណ៍​សំខាន់​ក្នុង​ខេត្តបាត់ដំបង​មាន ផ្ទះ​បុរាណ​របស់​លោកយាយ ប៊ុន រឿង ដែល​កសាងឡើង​ក្នុង​ឆ្នាំ​១៩២០ វត្ត​ឈើខ្មៅ​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​តំបន់​ព្រៃ​លិច​ទឹក នៃ​បឹង​ទ​នេ្ល​សាប​លើ​ទួល​មួយ ក្នុងភូមិ​កោះ ជី​វាំង ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ និង ប្រាសាទ​បាណន់​ជាដើម​។​
 
​ដោយឡែក ខេត្តក្រចេះ​វិញ មាន​តំបន់​សក្កា​នុព​ល​មួយចំនួន​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន គឺ​ការ​មក​ទស្សនា​សត្វ​ផ្សោត ដែលជា​មច្ឆា​កម្រ​មួយ​ប្រភេទ​។ ហើយ​តំបន់​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យទៅ​លេង​កម្សាន្ត​ក្នុង​ទឹកដី​ខេត្តក្រចេះ​នេះ គឺ​ភូមិ​កាំ​ពី​ដែលមាន​ចម្ងាយ​ប្រហែល​១៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​។ ក្រៅពីនេះ​ក៏​នៅមាន​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ផងដែរ ដូចជា ភ្នំ​សំបុក​ជា​ប្រាសាទតូច និង​សហគមន៍​ចាម ដែល​ស្គាល់​ថា​ជា​ភូមិ​ត្បាញ​កន្ត្រក​៕ 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com