ភ្នំពេញ៖ ជាធម្មតា នៅក្នុងអន្តរកម្មសង្គម តែងតែជំរុញឱ្យមនុស្សធ្វើអ្វីមួយដោយអនុលោមទៅតាមទម្លាប់ គោលករណ៍ ឬវប្បធម៌របស់ក្រុម។ ហេតុនេះហើយបានជាមានសុភាសិតមមួយលើកឡើងថា «ចូលស្ទឹងតាមបទ»។ តើសុភាសិតនេះមានអត្ថន័យដូចម្ដេច? ហើយវាមានខ្លឹមសារអប់រំយ៉ាងណាដែរ?
មុននឹងបកស្រាយសុភាសិតខាងលើនេះ យើងគួរយល់ដឹងនូវពាក្យគន្លឹះមួយចំនួនជាមុនសិន។ ពាក្យគន្លឹះទីមួយ «បត់» ក្នុងន័យត្រង់ សំដៅយក ភាពបត់បែន ភាពព័ទ្ធពេន ភាពកាច់ចុះកាច់ឡើងនៃស្ថានភាពផ្លូវ ឬស្ថានភាពនៃអ្វីមួយ។ ក្នុងន័យធៀប«បត់» អាចមានន័យថាជា របត់ ការផ្លាស់ប្ដូរ ភាពប្លែកៗគ្នានៃប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា វប្បធម៌ គោលការណ៍ ច្បាប់ ឬបែបបទរបស់ក្រុមនីមួយៗ។ ពាក្យគន្លឹះទីពីរ«ស្ទឹង» តាមន័យត្រង់ គឺជាផ្លូវទឹកដែលមានក្បាលឬប្រភពហូរចេញពីភ្នំ ពីជ្រោះ ពីបឹង ហើយហូរធ្លាក់ចុះទៅជួបនឹងទន្លេឬសមុទ្រ។ ក្នុងន័យធៀប «ស្ទឹង» អាចសំដៅយកក្រុម សហគមន៍ ស្ថានប័ន អង្គភាព សង្គម រដ្ឋ ឬតំបន់ណាមួយ។
ក្នុងន័យត្រង់ «ចូលស្ទឹងតាមបត់» មានន័ថា បើយើងធ្វើដំណើរតាមផ្លូវទឹកស្ទឹង ទន្លេ អូរ ឬប្រឡាយណាមួយដោយធ្យោបាយក្បូន ទូក ឬកាណូត យើងត្រូវតែបណ្ដែត អ៊ុំ ចែវ ឬបើកបរដោយបត់បែនទៅតាមស្ថានភាពព៍ទ្ធពេននៃដងស្ទឹង ទន្លេ អូរ ឬប្រឡាយនោះ។ ជាការណ៍ពិត យើងពិតជាមិនអាចមិនគោរពទៅតាមសភាពបត់បែននៃដងស្ទឹង ទន្លេ អូរ ឬប្រឡាយនោះបានឡើយ បើមិនដូច្នោះទេ ក្បូន ទូក ឬកាណូតរបស់យើងនឹងបុកច្រាំង មិនអាចទៅមុខបាន ឬអាចក្រឡាប់ដែលបណ្ដាលឱ្យខូចមធ្យោបាយធ្វើដំណើររបស់យើង ឬអាចបណ្ដាលឱ្យអ្នកធ្វើដំណើរតាមមធ្យោបាយទាំងនោះលង់ទឹកស្លាប់ជាយថាហេតុ។
ក្នុងន័យធៀប «ចូលស្ទឹងតាមបត់» មានន័យថា ប្រសិនបើយើងទៅរស់នៅ ឬទៅធ្វើការក្នុងក្រុម សហគមន៍ ស្ថានប័ន សង្គម រដ្ឋ ឬតំបន់ណាមួយ យើងត្រូវតែគោរពតាមទម្លាប់ សីលធម៌ វិន័យ វប្បធម៌ គោលការណ៍ បទបញ្ជា ឬច្បាប់របស់អង្គភាពទាំងនោះ។ បើមិនដូច្នោះទេ យើងនឹងមិនបានសេចក្ដីសុខ មិនអាចចុះសម្រុង ឬ មិនអាចរស់នៅឬមិនអាចបំពេញការងារនៅទីនោះបានឡើយ។ ពេលខ្លះអាចមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។
ជារួមយើងបានមើលឃើញថា ក្នុងសុភាសិតនេះ ចង់អប់រំមនុស្សឱ្យបង្ខំចិត្តត្រូវតែទទួលយកគំរូ ឬស្តង់ដាររបស់ក្រុម សហគមន៍ ស្ថានប័ន សង្គម រដ្ឋ ឬតំបន់ មកអនុវត្តក្នុងការរស់នៅ និងការបំពេញការងាររបស់ខ្លួន ដោយមិនអាចចៀសរួចឡើយ ទោះបីជាគំរូ ឬស្តង់ដាររបស់ក្រុម ឬអង្គភាពទាំងនោះមិនល្អក៏ដោយ ក៏យើងត្រូវតែគោរពនិងធ្វើតាមដែរ។
យោងតាមការបកស្រាយខាងលើ ឃើញថា សុភាសិត «ចូលស្ទឹងតាមបត់» អាចជាអាវុធមុខពីរ បើទោះបីជាដូនតារបស់យើងដែលជាអ្នកបង្កើតសុភាសិតនេះ ចង់អប់រំកូនខ្មែរឱ្យប្រព្រឹត្តតាមតែផ្លូវល្អ ដែលជាគោលករណ៍របស់ក្រុម ឬសង្គមក៏ដោយ ក៏អត្ថន័យរបស់វាអាចរេទៅរកខ្លឹមសារអប់រំមួយទៀតថា អ្វីៗក៏ដោយឱ្យតែជាគោលករណ៍របស់ក្រុម ឬសង្គមត្រូវតែគោរពនិងអនុវត្តតាម បើទោះបីជាវាល្អ ឬអាក្រក់ក៏ដោយ។ ប្រហែលជាដោយសារខ្លឹមសារអប់រំទីពីរនេះហើយបានជាមនុស្សមួយចំនួនដែលស្ថិតនៅក្នុងក្រុមមួយចំនួនដែលមានទម្លាប់ គោលការណ៍ និងបំណងអាក្រក់ នៅតែបន្តប្រព្រឹត្តអំពើអសីលធម៌ និងអំពើល្មើសច្បាប់មកលើសង្គម និងមនុស្សស្លូតត្រង់។
ហេតុនេះ ពលរដ្ឋខ្មែរបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយត្រូវតែពិចារណាអំពីសុភាសិតនេះ យើងមិនត្រូវគោរពតាមអ្វីមួយដោយរឹងស្តូកនិងគ្មានការពិចារណាហ្មត់ចត់នោះទេ។ យើងគួរតែគោរពតាមគំរូ ឬស្តង់ដារត្រឹមត្រូវរបស់ក្រុម ប៉ុន្តែ យើងក៏មិនត្រូវគោរពតាមគំរូ ឬស្តង់ដារមិនត្រឹមត្រូវរបស់ក្រុមឡើយ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏ការជំទាស់ ឬការប្រឆាំងនឹងគំរូ ឬស្តង់ដាររបស់ក្រុម ឬសង្គម មិនមែនជារឿងងាយស្រួលធ្វើនោះទេ៕
ដោយលោកសាស្ត្រាចារ្យ៖ ឈត ប៊ុនថង