ខ្មែរក្រហម
ជាតិ
ដឹងថាខ្លួនត្រូវស្លាប់ នួន ជា ស្នើមេធាវីឲ្យបន្តនីតិវិធីនៅតុលាការដើម្បីបង្ហាញការពិត លោក លីវ សុវណ្ណា សហមេធាវីការពារក្តីលោក នួន ជា នាសន្និសីទសារព័ត៌មាននៅពេទ្យរុស្ស៊ី។ ថតដោយ ប៉ាន់ បូនី
× លោក លីវ សុវណ្ណា សហមេធាវីជាតិការពារក្តីឲ្យលោក នួន ជា បងធំទីពីរនៃរបបខ្មែរក្រហម បានអះអាងថា កូនក្តីរបស់ខ្លួននៅតែព្យាយាមបង្ហាញការពិតជូនសារធារណជន។ លោកបានបញ្ជាក់យ៉ាងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែសីហា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទីដែលជនជាប់ចោទ នួន ជា បានស្លាប់ក្នុងអាយុ៩៣ឆ្នាំ នាវេលាម៉ោង៦ល្ងាចថ្ងៃទី៤ ខែសីហា។
«គាត់ [នួន ជា] នៅតែមានបំណងសំដែងការពិតនៅក្នុងការពិតជូនដល់សាធារណជន ជូនដល់ជនរួមជាតិរបស់គាត់ និងប្រជាជននៅលើពិភពលោក»។ នេះជាអះអាងរបស់លោកមេធាវី លីវ សុវណ្ណា ដោយបញ្ជាក់ថា កាលពីដើមខែកក្កដា កូនក្តីរបស់លោក បានដាក់លិខិតមួយជូនដល់តុលាការកំពូលនៃអង្គជំនុំជម្រះសាលាក្តីខ្មែរក្រហម ដើម្បីសុំផ្ទេរសិទ្ធិជូនគ្រួសារ និងក្រុមមេធាវី បន្តនីតិវិធី ដោយសារតែគាត់មានសុខភាពទ្រុឌទ្រោមដោយសារជំងឺរ៉ាំរៃ និងជរាភាព។
បើតាម លោក លីវ សុវណ្ណា អតីតបងធំទីពីរនៃរបបខ្មែរក្រហម ចង់ឲ្យសារណាស្តីពីមូលហេតុនៃបណ្តឹងសារទុក្ខរបស់ខ្លួន ត្រូវបានបន្តនីតិវិធី បើទោះបីជាគាត់ស្លាប់ហើយក៏ដោយ ដែលនេះជាគោលបំណងចុងក្រោយរបស់គាត់។
មូលហេតុនៃបណ្តឹងសារទុក្ខរបស់ជនជាប់ចោទ នួន ជា មានមូលដ្ឋាននៃបណ្តឹងសារទុក្ខ៣៥១ចំណុច និងមានចំណុចតូចៗ ៥៤១ចំណុច ទាក់ទងនឹងកំហុសរបស់អង្គជំនុំជម្រះសាលាដំបូងក្នុងសំណុំរឿង០០២/០២»។ បើតាមមេធាវី មូលដ្ឋានកំហុសដែល កូនក្តីរបស់ខ្លួនលើកឡើងនោះ ពាក់ព័ន្ធនឹងការបំពានលើនីតិវិធី ជាពិសេសបានបំពានលើសិទ្ធិជនជាប់ចោទ ជាពិសេសសិទ្ធិកោះហៅសាក្សី ដែលអង្គជំនុំជម្រះសាលាដំបូងអត់បានគោរពសិទ្ធិ និង ភាពលំអៀង។
លោក លីវ សុវណ្ណា បានរំលឹកដដែលថា កូនក្តីរបស់ខ្លួននៅតែចង់សំដែងការពិតនៅក្នុងការពិតជូនដល់សាធារណជន ហើយការពិតនេះ មាននៅក្នុងមូលហេតុនៃបណ្តឹងសារទុក្ខដែលគ្រោងនឹងដាក់ តែលោកមិនដឹងថា អាចដំណើរការទៅមុខឬយ៉ាងណានោះឡើយ។
បទចោទនៅក្នុងសំណុំរឿង ០០២/០២ គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ពាក់ព័ន្ធទៅនឹងទីតាំងឧក្រិដ្ឋកម្ម និងការចោទប្រកាន់លើអង្គហេតុដូចតទៅ៖ ការដ្ឋានការងារ និងសហ- ករណ៍ (សហករណ៍ត្រាំកក់ ការដ្ឋានទំនប់ត្រពាំងថ្ម ការដ្ឋានទំនប់ ១ មករា និងការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង) មន្ទីរសន្តិសុខ និងទីតាំងសម្លាប់មនុស្ស (មន្ទីរសន្តិសុខ ស-២១ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង និងមន្ទីរសន្តិសុខភ្នំក្រោល) អំពើប្រល័យពូជសាសន៍ទៅលើប្រជាជនចាម និងវៀតណាម ការប្រព្រឹត្តចំពោះពុទ្ធសាសនិកជន និងអតីតមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ និងការរៀបអាពាហ៍ពិពាហ៍នៅទូទាំងប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com