Pep ៖ យើង​ពិតជា​ចង់បាន Maguire ពី Leicester តែ​លុយ​មិន​ដល់ Man Utd
កីឡាអន្តរជាតិ
អន្តរជាតិ
Pep ៖ យើង​ពិតជា​ចង់បាន Maguire ពី Leicester តែ​លុយ​មិន​ដល់ Man Utd
05, Aug 2019 , 12:00 pm        
រូបភាព
Pep Guardiola អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City សារភាពថា​លោក​ពិតជា​ចង់​ទិញយក​កីឡាករ Harry Maguire ពី Leicester City ខ្លាំងណាស់ ប៉ុន្តែ​លោក​មិនអាច​មានលទ្ធភាព​គ្រប់គ្រាន់​ដើម្បី​យក​ខ្សែការពារ​រូបនេះ​មក​រួម​ក្រុម​បាន​។​


 
​វ័យ ២៦ ឆ្នាំ ខ្សែការពារ​កណ្តាល​សញ្ជាតិ​អង់គ្លេស​រូបនេះ​ត្រូវបាន BBC ផ្សាយ​ថា​បាន​ផ្ទេរ​ទៅកាន់ Manchester United ហើយ​ក្នុងតម្លៃ ៨០ លាន​ផោន (៩៧​លាន​ដុល្លារ​អាមេរិក​) ដែលជា​តម្លៃ​ជាប់​ក្នុង​កំណត់ត្រា​ខ្សែការពារ​ថ្លៃ​ជាងគេ​លើ​លោក​។​
 
​បន្ទាប់ពី​ជួយ​ក្រុម​មេឃ​ខៀវ Man City យកឈ្នះ Liverpool ដោយ​ការទា​ត់បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី ៥-៤ ដើម្បី​លើក​ពាន Community Shield ពីរ​ឆ្នាំ​ជាប់​គ្នា លោក Guardiola បាន​អះអាង​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន​ថា Maguire ជា​កីឡាករ​ឆ្នើម​លំដាប់​កំពូល​ដែល​លោក​ត្រូវការ​បំផុត​។​


 
«​យើង​ចាប់អារម្មណ៍ និង​ចង់បាន​រូបគេ​ណាស់​ប៉ុន្តែ​មិនមាន​លទ្ធភាព​ទិញ​ទេ​។ Man United អាចមាន​លទ្ធភាព​ទិញ​បាន​។ Maguire បានបង្ហាញ​ខ្លួន​ក្នុង​ការប្រកួត World Cup ដ៏​មិនគួរ​ឲ្យ​ជឿ​។ គាត់​រឹងមាំ​ទាំង​ការការពារ និង​គ្រប់គ្រង​បាល់ គាត់​ពិតជា​លឿន​ណាស់​។ សូម​អបអរសាទរ Man Utd»​។​
 
​ដោយសារ​មើលឃើញ​ពី​ការ​នាំចូល​កីឡាករ​ល្អៗ​របស់​ក្រុម​ផ្សេងៗ​នៅ​រដូវ​កាល​នេះ អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មើលឃើញថា នឹងមិន​មានការ​ប្រជែង​ពាន Premier League តែ​ក្រុម​ចំនួន​ពីរ​ដូច​រដូវ​កាល​មុន​ឡើយ​។​
 
​រដូវ​កាល​មុន Man City បាន​រក្សា​ជើងឯក​លី​គ​កំពូល​អង់គ្លេស​ពីរ​ឆ្នាំ​ជាប់​គ្នា ដែល​បញ្ចប់ទៅ​ដោយមាន ៩៨​ពិន្ទុ នាំមុខ​គូប្រជែង Liverpool ចំនួន​មួយ​ពិន្ទុ​ប៉ុណ្ណោះ​។ យ៉ាងណា​ក្រុម​រងជើង​ឯក Liverpool មាន​ពិន្ទុ​លើស​ក្រុម​លេ​៣ Chelsea ដល់​ទៅ​២៧​ពិន្ទុ​ឯណោះ​។​
 
​លោក Guardiola អះអាងថា នឹងមាន​ក្រុម​ច្រើន​ដើម្បី​ប្រជែង​ពាន​នៅ​រដូវ​កាល ២០១៩-២០​នេះ​។ ក្រុម​បិសាច​ក្រហម​មានលទ្ធភាព​ខ្ពស់​ផងដែរ ដ្បិត​ពួកគេ​មាន Maguire និង​កីឡាករ​ឆ្នើម​ផ្សេងទៀត​ដែល​បាន​នាំចូល​ថ្មីៗ​នេះ​។ Arsenal, Chelsea និង Tottenham Hotspur ក៏​ជា​ក្រុម​មិនអាច​មើលរំលង​ដែរ ប៉ុន្តែ​អតីត​អ្នកចាត់ការ Barcelona និង Bayern Munich រូបនេះ​នៅតែ​គិតថា Liverpool ដែលជា​ម្ចាស់​ជើងឯក Champions League នៅតែ​ជា​ក្រុម​លំដាប់​កំពូល​លើស​ក្រុម​ដទៃ​៕


 

Tag:
 បាល់ទាត់​
  Pep Guardiola
  Harry Maguire
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com