ជាតិ
ក្រសួងឧស្សាហកម្ម បញ្ជាឲ្យផ្អាកផ្គត់ផ្គង់ទឹកដល់សំណង់ខុសច្បាប់
× ភ្នំពេញ ៖ ស្ថាប័នរដ្ឋមួយទៀតហើយ ដែលប្រកាស ចូលរួមទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់នៅកម្ពុជា។ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃទី១សីហា បានចេញសេចក្ដីណែនាំដល់អង្គភាពរដ្ឋាករទឹកចំណុះក្រសួង និងប្រតិបត្តិករទឹកស្អាតឯកជន ត្រូវផ្អាកផ្គត់ផ្គង់ទឹកដល់សំណង់ខុសច្បាប់។
ក្រសួងណែនាំដល់អង្គភាពក្រោមឱវាទដូច្នេះថា៖«ត្រូវសហការជាមួយរដ្ឋបាលដែនដីក្នុងមូលដ្ឋានរបស់ខ្លួន និងមន្ទីរអង្គភាពជំនាញ ជាពិសេសមន្ទីររៀបចំដែនដី ក្នុងការផ្អាកការផ្គត់ផ្គង់ទឹកស្អាត ទៅដល់ការដ្ឋានសំណង់សណ្ឋាគារ ផ្ទះសំណាក់ អគារស្នាក់នៅរួម សំណង់អគារពាណិជ្ជកម្ម អគាររោងចក្រ សហគ្រាស សិប្បកម្ម អគារសម្រាប់លក់ ឬជួលស្នាក់នៅ និងការដ្ឋានសំណង់ដទៃទៀត ដែលជាប្រភេទសំណង់ខុសច្បាប់ និង/ឬ សាងសង់ខុសបច្ចេកទេស ដែលត្រូវបានកំណត់បញ្ជាក់ដោយស្ថាប័ន ឬអង្គភាពមានសមត្ថកិច្ច លើកលែងតែសំណង់លំនៅដ្ឋានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ»។
ក្រសួងឧស្សាហកម្មបញ្ជាក់ថា ការតបណ្ដាញទឹកស្អាតដល់ប្រភេទសំណង់ ដែលត្រូវបានរៀបរាប់ខាងលើ អាចធ្វើទៅបាន លុះត្រាតែមានឯកសារបញ្ជាក់គ្រប់គ្រាន់ពីក្រសួង មន្ទីរ និង/ឬរដ្ឋបាលដែនដី ដែលមានសមត្ថកិច្ចគ្រប់គ្រងការដ្ឋានសំណង់ទាំងអស់។
វិធានការត្រូវបានស្ថាប័នពាក់ព័ន្ធប្រកាសចេញជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ បន្ទាប់ពីមានករណីបាក់រលំអគារនៅព្រះសីហនុ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដួចផ្ដើមស្នើឲ្យមានការចូលរួមដាក់វិធានការ តាមសមត្ថកិច្ចរបស់ស្ថាប័ននីមួយៗ ចំពោះសំណង់ខុសច្បាប់។ ចំណែកឯទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ កាលពីដើមខែកក្កដា ដើម្បីឲ្យមានការចូលរួមជាវិធានការផ្សេងៗចំពោះបញ្ហានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com