ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ​នឹង​យាង​ចូលរួម​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​
06, Aug 2019 , 7:59 am        
រូបភាព
ព្រះអង្គ Naruhito ធ្លាប់​បំពេញ​ព្រះដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជាកាលពីឆ្នាំ​២០១២ ។ រូបថត AFP
ព្រះអង្គ Naruhito ធ្លាប់​បំពេញ​ព្រះដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជាកាលពីឆ្នាំ​២០១២ ។ រូបថត AFP
​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា នឹង​យាង​ទៅ​ចូលរួម​ព្រះរាជ​ពិធី​ឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន ណា​រ៉ូ​ហ៊ី​តុ នៅ​ថ្ងៃទី​២២ តុលា​ខាងមុខ​។ នេះ​បើតាម​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក តា​រ៉ូ កូ​ណូ កាលពី​ថ្ងៃទី​១ សីហា ក្រោយពី​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ជាមួយ​ដៃគូ​សន្ទនា​របស់​អាស៊ាន​។​


 
​ឆ្លើយតប​នឹង​ព័ត៌មាន​នេះ​លោក តា​រ៉ូ កូ​ណូ បាន​និយាយថា រដ្ឋាភិបាល​លោក​នឹង​រង់ចាំ​ទទួល​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​កម្ពុជា​។ «​ថ្លែងអំណរគុណ​ថ្វាយ​ចំពោះ​ព្រះករុណា​ព្រះមហាក្សត្រ និង​រំពឹង​រង់ចាំ​ព្រះរាជដំណើរ​នេះ​»​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស ដែល​បាន​ស្រង់​សម្តី​លោក តា​រ៉ូ កូ​ណូ​។​
 
​រជ្ជទាយាទ​ជប៉ុន ព្រះចៅអធិរាជជប៉ុន ណា​រ៉ូ​ហ៊ី​តុ បាន​ក្លាយជា​អធិរាជ​ទី​១២៦ របស់​ជប៉ុន​ដោយ​ស្នង​តំណែង​ពី​បិតា​របស់​ទ្រង់ គឺ​អធិរាជ អាគី​ហ៊ី​តុ ដែល​ដាក់រាជ្យ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៣០ មេសា​កន្លងមក​។ កម្មវិធី​គ្រងរាជ្យ​ដ៏​អធិកអធម​ជា​សាធារណៈ​ដែល​ចូលរួម​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​ពិភពលោក​ជាច្រើន នឹងធ្វើ​នៅ​ថ្ងៃទី​២២ ខែតុលា​។​
 
​រជ្ជកាល​ថ្មី​របស់​ព្រះចៅអធិរាជ ណា​រ៉ូ​ហ៊ី​តូ ត្រូវបាន​គេ​កំណត់​ឈ្មោះថា “Reiwa”  ដែល​មានន័យថា វប្បធម៌​នឹងត្រូវ​បាន​រីកលូតលាស់​ឡើង នៅពេលដែល​ដួងចិត្ត​របស់​ប្រជាជន​រួមគ្នា​ជា​ធ្លុង​មួយ​ប្រកបដោយ​សុ​ខុ​ដុមរ​មនា​។​តាមរយៈ​អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ធ្លាប់បាន​លើកឡើងថា ៖«​ខ្ញុំ​សង្ឃឹមថា នៅ​រជ្ជកាល Reiwa ប្រជាជន​ជប៉ុន និង​កម្ពុជា បន្ត​លើកស្ទួយ​មិត្តភាព និង​ការផ្លាស់ប្តូរ​វប្បធម៌​ទៅវិញទៅមក​»​។​
 
​ទំនាក់ទំនង​រវាង​ព្រះរាជវង្សានុវង្ស​កម្ពុជា និង​ជប៉ុន បានចាប់ផ្តើម​កំឡុងពេល​ព្រះរាជទស្សនកិច្ច​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រ​កម្ពុជា បាន​យាង​ទៅកាន់​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​១៩៥៣​។ បន្ទាប់មក ព្រះរាជវង្សានុវង្ស​នៃ​ប្រទេស​ទាំងពីរ បាន​យាង​បន្ត​ផ្លាស់ប្តូរ​ទំនាក់​ទំនងជា​ញឹកញាប់​។ នៅ​ឆ្នាំ​២០១០ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បាន​យាង​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​ជប៉ុន​។ នេះ​បើតាម​ស្ថានទូត​កម្ពុជា​៕

Tag:
 ​ព្រះមហាក្សត្រ​
  ជប៉ុន​
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com