ជាតិ
សង្គមជាតិ
ក្រសួង​ដែនដី សន្យា​ដោះស្រាយ​បញ្ហាដីធ្លី​ពលរដ្ឋ​ខេត្តកោះកុង​ជាថ្មី
05, Aug 2019 , 6:03 pm        
រូបភាព
​តំណាង​ប្រជាពលរដ្ឋ ១២៦០​គ្រួសារ ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្ករអំពៅ ក្នុង​ខេត្តកោះកុង បាន​ឡើងមក​តវ៉ា​រក​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី​រៀបចំ​ដែនដី នគ​រូប​នី​យក​មុ្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃទី ៥ ខែសីហា ឆ្នាំ​២០១៩​នេះ​។ ពលរដ្ឋ​ទាំងនោះ អះអាងថា ក្រុមហ៊ុន Sugar Industry Company បាន​រំលោភ​យក​ដីចម្ការ និង​ឈូសឆាយ​លើ​ដំណាំ​របស់​ពួកគេ​តាំងពី​ឆ្នាំ​២០០៦ មកម្ល៉េះ​។

 
​ពលរដ្ឋ​ដែល​ឡើងមក​តវ៉ា​នៅ​ក្រសួង​ដែនដី​ជាថ្មី​នេះ ក្រោម​ហេតុផល​ថា​អភិបាល​ខេត្តកោះកុង​បាន​បដិសេធ​លើ​ការដោះស្រាយ​នៃ​វិវាទ​ដីធ្លី​របស់​ពួកគេ បើទោះបី​មាន​លិខិត​អន្តរាគមន៍​ពី​ក្រសួង​ក្តី​។ ប្រជាពលរដ្ឋ​ដែល​ឡើងមក​តវ៉ា​នេះ​មាន​គ្នា​ជាង​៣០០​នាក់ មកពី ១៨​ភូមិ ស្ថិតនៅ​ក្នុងស្រុក​ស្រែអំបិល និង​ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ។ ពួកគេ​មានទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់លោក​ឧក​ញ៉ា លី យ៉ុង​ផាត់ លើ​ផ្ទៃដី​ជាង ២៨៤០​ហិតា​។ 
 
​ពលរដ្ឋ​ម្នាក់​កាន់​ឯកសារ​បញ្ជាក់​ពី​ការគ្រប់គ្រង​ដី​របស់ខ្លួន គឺ​អ្នកស្រី វួ​ច ស្រីមុំ ដែល​រស់នៅ​ក្នុងភូមិ​ត្រ​ពាំង​កណ្ដុល ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​និយាយថា អ្នកស្រី​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​នេះ លើ​ទំហំ​ដី​ចំនួន​២ ហិកតា​។ បើតាម​អ្នកស្រី មុំ ផ្ទៃដី​២​ហិកតា​នេះ គឺ​អ្នកស្រី​បាន​កាន់កាប់​តាំងពី​ឆ្នាំ​២០០៣​មកម្ល៉េះ ប៉ុន្តែ​ក្រុមហ៊ុន​ខាងលើ​បានមក​ឈូសឆាយ​លើ​ផល​ដាំ​ណាំ និង​យក​ដី​របស់​អ្នកស្រី ដើម្បី​ពង្រីក​ចំការ​អំពៅ​របស់ខ្លួន ក្នុង​ឆ្នាំ​២០០៦​។ 


 
​អ្នកស្រី​បាន​និយាយថា​៖«​អ្នក​ខេត្ត (​រដ្ឋបាល​ខេត្តកោះកុង​) មិន​ព្រម​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ទេ ដូច្នេះ​ពួក​ខ្ញុំ​មកជួប​ខាង​នេះ​ម្ដងទៀត (​ក្រសួង​ដែនដី​) ចង់ដឹងថា​ហេតុអ្វី​បានជា​គាត់​បដិសេធ​ពួក​ខ្ញុំ​។ ពួក​ខ្ញុំ​ខុស​អ្វី​? យើង​គ្រាន់តែ​តវ៉ា​ចង់បាន​ដី​ពួកយើង​មកវិញ​តែប៉ុណ្ណោះ សុំ​តែ​ប៉ុណ្ណឹង​។ ហេតុអ្វី​មិន​ព្រម​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​? ខ្ញុំ​បាត់​ដី​ច្រើន តែ​ខ្ញុំ​សុំ​តែ​២​ហិកតា​វិញ​ទេ​»​។ 
 
​អ្នកស្រី មុំ បាន​បន្ថែមថា ពលរដ្ឋ​បាន​ឡើង​តវ៉ា​ជាមួយ​រដ្ឋបាល​ខេត្តកោះកុង​ជាច្រើនលើក​មកហើយ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​ពលរដ្ឋ​ទាំង ៨៤៣ គ្រួសារ មិន​ទទួលបាន​ដំណោះស្រាយ​នោះទេ ខណៈ​មាន​អន្តរាគមន៍​ពី​ក្រសួង​ដែនដី កាលពីដើមឆ្នាំ ២០១៩ ក្តី​។ ស្ត្រី​ដែលមាន​កូន​ពី​នាក់​ក្នុងបន្ទុក​រូបនេះ បានស្នើ​សុំ​ឲ្យ​ក្រសួង​ជួយ​ដោះស្រាយ​លើ​ជម្លោះដីធ្លី​ខាងលើ​ឲ្យ​បាន​ឆាប់រហ័ស ខណៈ​មុខរបរ​ដើរ​កាប់​ផ្ដៅ​របស់​អ្នក​ស្ត្រី មិនអាច​ទប់ទល់​នឹង​ការចំណាយ​ក្នុង​គ្រួ​សារបាន ព្រោះ​អ្នក​ស្ត្រី​មានសង្ឃឹម​តែ​លើ​មុខរប​ធ្វើស្រែ​ចំការ​លើដី​២​ហិកតា​នោះទេ​។​
 
​ក្រោយ​មានការ​តវ៉ា​នេះ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី លោក ទេព ធន តម្រូវឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហាដីធ្លី បំពេញ​សាលា​ក​ប័ត្រ​ព័ត៌មាន​ដោយ​ខ្លួនឯង ហើយ​មានការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ចំពោះ​ចំនួន​មនុស្ស និង​ក្បាលដី​រង​ផលប៉ះពាល់ ព្រមទាំង​ថតចម្លង​ទុកឱ្យ​អាជ្ញាធរ​ចុះ​ពិនិត្យ​។ អាជ្ញាធរ​សន្យាថា នឹង​ពិនិត្យ​ផ្ទៀងផ្ទាត់ រកឱ្យឃើញ​នូវ​ផលប៉ះពាល់​ពិតប្រាកដ និង​ដោះស្រាយ​តាម​ជាក់ស្តែង​។ ការកំណត់​បែបនេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​រវាង​រដ្ឋលេខាធិការ​រូបនេះ និង​តំណាង​អ្នក​តវ៉ា ១៨​រូប ដោយ​ប្រើពេល​៤​ម៉ោង​។ 
 
​លោក ប៉ែន វុ​ទ្ធា អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធមនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំខេត្ត​កោះកុង បាន​និយាយថា ជម្លោះដីធ្លី​ក្នុង​ខេត្តកោះកុង​បានកើត​ឡើង​ស្ទើ​ទូទាំង​ខេត្ត ក្រោយ​រដ្ឋាភិបាល​បានផ្តល់​ដី​សប្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​វិនិយោគ​លើ​ការដាំ​អំពៅ កាលពី​ឆ្នាំ​២០០៦​។ លោក វុ​ទ្ធា បាន​បន្ថែមថា ពលរដ្ឋ​ក្នុងស្រុក​មួយចំនួន បានទទួល​ការ​ដំណោះស្រាយ ខណៈ​អាជ្ញាធរ​នៅមាន​ចន្លោះប្រហោង​លើ​បញ្ហា​ពលរដ្ឋ​មួយចំនួនទៀត​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​ពីរ​ស្រុក ដែល​ឡើងមក​តវ៉ា​នៅ​ក្រសួង​ដែនដី​នេះ​តែម្ដង គឺ​ពួកគាត់​មិនទាន់​ទទួលបាន​ដំណោះស្រាយ​នោះទេ​។ 
​បើតាម​លោក វុ​ទ្ធា បច្ចុប្បន្ន​ដី​មួយ​ភាគ​ធំ​របស់​ក្រុមហ៊ុន​ស្ករអំពៅ នេះ មិនបាន​វិនិយោគ ឬ​ដាំ​អំពៅ​នោះទេ​។ ចំណែក​ក្រុមហ៊ុន​ក៏​មិនដែល​ចេញមុខ​មក​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ខាងលើ​ដែរ​។ 
 
«​មួយរយៈ​ពេលនេះ​គឺ​ដូចជា​ឃើញថា​មាន​ផ្ទៃដី​មួយចំនួនធំ បាន​ផ្អាក​ការដាំដុះ​អំពៅ ខណៈ​ការដាំ​ក្នុង​ចំនួន​តិចតួច​ទេ ជិត​ស្រុក​ស្រែអំបិល​។ ដី​ខ្លះ​មាន​ដាំ ប៉ុន្តែ​ដី​មួយចំនួនធំ​ត្រូវបាន​ផ្អាក​ដាំ ដូចជា​ជិត​២​ឆ្នាំ​ហើយ​ដែល​គាត​មិនបាន​ដាំ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធមនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំខេត្ត​កោះកុង ដែល​បាន​បន្ថែមថា បច្ចុប្បន្ន​ពលរដ្ឋ​រង​គ្រោះ​ទាំងនោះ​បាន​ជួប​ការលំបាក​ក្នុងការ​ផ្ត​ត់​ផ្គង់​ជីវភាព និង​ក្មេងៗ​មួយចំនួន​ត្រូវបាន​ឈប់រៀន​ទៀតផង ព្រោះ​ពួកគាត់​គ្មាន​ការងារ​ជាក់លាក់​។​
​ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​មន្ត្រីរដ្ឋបាល​ខេត្តកោះកុង​បានទេ​។​
 
​កាលពី​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០១៩ ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ចំនួន ៨៤៣ គ្រួសារ មកពី​ខេត្តកោះកុង បានដាក់​ញ្ញត្តិ​រក​អន្តរាគមន៍​ទៅ​ក្រសួង​ដែនដី​។  ជាការ​ឆ្លើយតប​ក្រសួង​បានចេញ​លិខិត​មួយ កាលពី​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​ស្នើ​ឲ្យ​អភិបាល​ខេត្តកោះកុង ជា​អ្នកដោះស្រាយ​លើ​បញ្ហា​ពួកគេ​។ ប៉ុន្តែ​រដ្ឋា​ល​ខេត្តកោះកុង​មិនបាន​ចេញមុខ​ដោះស្រាយ​នោះទេ ហើយ​ថែមទាំង​ព្រមាន​ចាត់វិធានការ​លើ​ពលរ​ដ្ឋ​ទៀតផង​។ 
 
​រដ្ឋបាល​កោះកុង​បានសរសេរថា​៖« កន្លងមក​ក្រសួង​រៀបចំ​ដែនដី នគ​រូប​និ​យក​ម្ម និង​សំណង់ និង​រដ្ឋា​បាល​ខេត្តកោះកុង បាន​ឲ្យ​ក្រុមការងារ​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​អស់​រយៈពេល​ជាច្រើន​ខែ នៅក្នុង​ឆ្នាំ​២០១៧ និង ២០១៨ និង​បាន​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​ខាងលើ មក​បំពេញ​បែប​ក្នុង​ការតវ៉ា ចាប់ពី​ថ្ងៃទី​៤ ខែកញ្ញា រហូតដល់ ខែតុលា ឆ្នាំ​២០១៧​។ ដូច្នេះ​រដ្ឋបាល​មិន​ទទួល​ការដោះស្រាយ​ការទាមទារ​របស់​ពល​រដ្ឋ​ទាំង ៨៤៣​គ្រួសារ នោះឡើយ​»​។ 
 
​តែ​យ៉ាង​ប្រជាពលរដ្ឋ ដែល​មក​តវ៉ា​នៅ​ថ្ងៃទី​៥ សីហា​នេះ បាន​អះអាងថា ពួកគេ​មិនបាន​ទទួល​ព័ត៌មាន​ខាងលើ​នោះទេ​។ ចំពោះ​លោក លោក ប៉ែន វុ​ទ្ធា បាន​និយាយថា រដ្ឋបាល​ខេត្តកោះកុង​ពិតជា​បានចេញ​សេចក្តីប្រកាស​ពិតមែន ប៉ុន្តែ​ការចេញលិខិត​នោះ​មិនដឹងថា​ហៅ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី នៃ​ក្រុម​ណាមួយ​នោះទេ​។ សម្រាប់​លោក វុ​ទ្ធា រដ្ឋបាលខេត្ត​គួរតែ​ដោះស្រាយ​ឲ្យ​ពួកគាត់ ដោយ​មិនចាំបាច់​ទាល់តែ​បាន​បំពេញ​ពាក្យ​តវ៉ា​នោះទេ​៕

Tag:
 ជម្លោះដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com