ទិវារត់ប្រណាំងចក្រភពខ្មែរ Khmer Empire Full Marathon បានបញ្ចប់ដោយជោគជ័យជាមួយកំណើនអ្នកចូលរួម១៥ភាគរយ និងទទួលបានការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំលើការរៀបចំ។ អ្នករត់ជាជនបរទេសម្នាក់ មានការភ្ញាក់ផ្អើលលើការរីកចម្រើនរបស់គណៈកម្មការ ដោយអះអាងថា ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅយ៉ាងរលូន។ បុរសមានកំណើតនៅរូម៉ានី និងរីកធំធាត់នៅកាលីហ្វ័រនីយ៉ារូបនេះ ស្នើឲ្យកម្ពុជាបង្កើតព្រឹត្តិការណ៍ម៉ារ៉ាតុនបន្ថែម ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍និងវប្បធម៌កម្ពុជា។
VIDEO
អត្តពលិកជាតិ និងអន្តរជាតិជាង៣,៥០០នាក់មកពី៥០ប្រទេសបានមកជួបជុំគ្នានៅមុខប្រាសាទអង្គរតូចក្នុងបរិវេណអង្គរនៃខេត្តសៀមរាបនៅម៉ោងប្រមាណ៤ទៀបភ្លឺ ដើម្បីត្រៀមខ្លួនរត់ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពខ្មែរ ដែលត្រូវចេញដំណើរនៅម៉ោង៤:៣០នាទី។ អត្តពលិកមានមុខទឹកពោរពេញដោយភាពសប្បាយរីករាយ ក្រោមបរិយាកាសអ៊ូអរលាយឡំជាមួយបទភ្លេងចេញពីឆាកតន្ត្រី ដែលរៀបចំដោយក្រុមហ៊ុនឧបត្ថម្ភ ដើម្បីកំដរកីឡាករកីឡាការិនីកម្តៅសាច់ដុំមុនការប្រកួត។
ជាមួយកំណើន១៥ភាគរយពីអ្នកចូលរួមជាជនបរទេស និង១០ភាគរយពីកីឡាករកម្ពុជា បានធ្វើឲ្យផ្លូវមួយចំនួននៅមុខប្រាសាទអង្គរតូចគ្របដណ្តប់ដោយមនុស្សចម្រុះជាតិសាសន៍ ដែលកំពុងឈរតម្រង់ជួរតាមប្រភេទវិញ្ញាសានីមួយៗដែលពួកគេត្រូវប្រកួតប្រជែង។ ក្រោយដុតភ្លើងគប់ជានិមិត្តរូបរួច លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបាញ់កាំភ្លើងបញ្ជាចេញដំណើរលើវិញ្ញាសារត់ចម្ងាយ៤២គីឡូម៉ែត្រនៅម៉ោង៤:៣០នាទី។ បន្ទាប់មក ស្នូរកាំភ្លើងបញ្ជាចេញដំណើរលើវិញ្ញាសារត់២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្របានបន្លឺឡើងជាបន្តបន្ទាប់ បានធ្វើឲ្យផ្លូវដែលតាន់តាប់ដោយមនុស្សបានស្រលះឡើងវិញ។
លោក ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងនោះ បានវាយតម្លៃថា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនចក្រភពខ្មែរលើកទី៦ឆ្នាំនេះ បានប្រព្រឹត្តទៅយ៉ាងរលូនពុំមានកីឡាករណាម្នាក់មានបញ្ហាឡើយ ហើយការរៀបចំបច្ចេកទេស ក៏ដំណើរការល្អផងដែរ។ នេះក៏ដោយសារគណៈជំនាញកម្ពុជាមានភាពចាស់ទុំផ្នែកបទពិសោធលើការរៀបចំព្រឹត្តិការណ៍នេះ។
«យើងកាន់តែមានបទពិសោធក្នុងការរៀបចំ យើងឃើញហើយថា ការផ្តល់ចំណាត់ថ្នាក់មានភាពយុត្តិធម៌ គឺយើងប្រើតាមបច្ចេកវិទ្យាដោយមានបំពាក់ឈីបនៅស្បែកជើង ដូច្នេះគ្មានការវាយតម្លៃលម្អៀងនោះទេ គណៈកម្មការធ្វើការបានម៉ត់ចត់បំផុត។ មានជនបរទេសម្នាក់មានដើមកំណើតនៅរូម៉ានី គឺលោកភ្ញាក់ផ្អើលពីការរីកចម្រើនរបស់កម្ពុជា ហើយគាត់ចាប់អារម្មណ៍ឃើញគណៈកម្មការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុនឆ្នាំនេះបានល្អ»។ លោក ថោង ខុន លើកឡើងបែបនេះក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយការប្រកួត ហើយលោករំពឹងថា ព្រឹត្តិការណ៍នេះនឹងទាក់ទាញអត្តពលិកចូលរួមកាន់តែច្រើននៅឆ្នាំក្រោយ។
អ្នកស្នេហាកីឡារត់ម៉ារ៉ាតុនមានដើមកំណើតនៅប្រទេសរូម៉ានីម្នាក់ គឺ Christian ដែលបានចូលរួមរត់ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុននៅខេត្តសៀមរាបឆ្នាំនេះ ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើតព្រឹត្តិការណ៍រត់ម៉ារ៉ាតុនបន្ថែមទៀត ពិសេសនៅខេត្តបាត់ដំបងនិងរាជធានីភ្នំពេញ។ សម្រាប់បុរសធំធាត់នៅរដ្ឋកាលីហ្វ័រនីញ៉ាប្រទេសសហរដ្ឋអាមេរិករូបនេះ ព្រឹត្តិការណ៍ម៉ារ៉ាតុនមិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅកម្ពុជាប៉ុណ្ណោះទេ តែជាឱកាសផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងវប្បធម៌ឲ្យពិភពលោកស្គាល់កាន់តែច្បាស់។
VIDEO
ជាមួយការបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ ដែលបានរត់ក្នុងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរ បុរសដែលធ្លាប់មកកម្ពុជាម្តងកាលពីឆ្នាំ២០០៣រូបនេះ សរសើរពីការរៀបចំរបស់គណៈកម្មការ ដែលបានធ្វើឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ លោក Christian ក៏បានបង្ហាញការភ្ញាក់ផ្អើលលើការរីកចម្រើនរបស់កម្ពុជាផងដែរ។
ក្រោយឆ្លងកាត់ការប្រកួតស្ទើរពេញមួយព្រឹកកីឡាករកម្ពុជា Takizaki Kuniaki បានគ្រងជើងឯកលើវិញ្ញាសាម៉ារ៉ាតុនក្រោយចាយពេល២ម៉ោង៤៣នាទីនិង៧វិនាទី ខណៈលេខ២បានទៅកីឡាករជប៉ុន Yoneda michiyo ក្រោយប្រើពេល២ម៉ោង៥២នាទីនិង៤៩វិនាទី និងលេខ៣បានទៅកីឡាករអាមេរិក Gruber Tim ជាមួយពេលវេលា២ម៉ោង៥៧នាទី៦វិនាទី។
រីឯរត់ចម្ងាយ៤២គីឡូម៉ែត្រផ្នែកនារីកីឡាការិនីចិន SHN Hong xia ទទួលបានចំណាត់ថ្នាក់លេខ១ ក្រោយប្រើពេល៣ម៉ោង៣៣នាទីនិង៥០វិនាទី រីឯកីឡាការិនីជប៉ុន YamAMOTO Mari បានលេខ២ក្រោយប្រើពេល៣ម៉ោង៣៩នាទី២វិនាទី និងលេខ៣បានទៅកីឡាការិនីជប៉ុនYamamoto Eri ជាមួយពេលវេលា៣ម៉ោង៣៩នាទីនិង២០វិនាទី។
ក្រោយប្រើពេល១ម៉ោង១៦នាទីនិង៤២វិនាទីកីឡាករជប៉ុន Yamauchi Daisuke បានគ្រងជើងឯកលើវិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រ ខណៈលេខ២បានទៅកីឡាករកម្ពុជា ម៉ា វីរ៉ូ ដែលប្រើពេល១ម៉ោង១៨នាទីនិង៦វិនាទី និងលេខ៣បានទៅកីឡាករអង់គ្លេស David George ប្រើពេល១ម៉ោង២៦នាទីនិង៤៥វិនាទី។ កីឡាការិនីជប៉ុន Tanimara Yuko បានគ្រងជើងឯកលើវិញ្ញាសាផ្នែកនារីក្រោយប្រើពេល១ម៉ោង៣២នាទីនិង៤៦វិនាទី លេខ២បានទៅកីឡាការិនី SASAKI Natsuke ដោយប្រើពេល១ម៉ោង៤១នាទីនិង១១វិនាទី និងលេខ៣បានទៅកីឡាការិនី Mashita Mieko ក្រោយប្រើពេល១ម៉ោង៤៥នាទីនិង៧៧វិនាទី។
ចំណែកកីឡាករកម្ពុជា ឡៃ តេរ៉ង់ បានគ្រងជើងឯកលើវិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រក្រោយប្រើពេល៣៥នាទី២១វិនាទី រីឯលេខ២បានកីឡាករកម្ពុជា វ៉ាន់ ភារ៉ា ដោយប្រើពេល៣៥នាទីនិង៥៨វិនាទី និងលេខ៣បានទៅកីឡាករសហរដ្ធអាមេរិកVishnevsky Mark ក្រោយចាយពេល៣៦នាទី៦វិនាទី។ កីឡាការនីសហរដ្ឋអាមេរិក Gernin Michlle បានគ្រងជើងឯកផ្នែកនារីក្រោយចាយពេល៤៨នាទី៩វិនាទី លេខ២កីឡាការិនីជប៉ុន Konishi Mosako ក្រោយប្រើពេល៥១នាទី១២វិនាទី និងលេខ៣កីឡាការិនីអង់គ្លេស Vogel Sophie ក្រោយចាយពេល៥២នាទី៤៦វិនាទី។
ទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពខ្មែរ រៀបចំឡើងដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាតំបន់ទេសចរណ៍នៅកម្ពុជា ពិសេសខេត្តសៀមរាបក្នុងរដូវខ្សត់ភ្ញៀវទេសចរ។ ការការពារបរិស្ថានបៃតងក្នុងបរិវេណអង្គរ និងអបអរដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ក៏ជាគោលបំណងនៃព្រឹត្តិការណ៍នេះដែរ៕