ទឹកអំពៅ ជាភេសជ្ជៈដែលកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងដោយសាររសជាតិផ្អែមឈ្ងុយមានតម្លៃសមរម្យនិងងាយស្រួលរកទិញថែមទៀត។ ទោះជាភាគច្រើននៃពួកយើងចូលចិត្តទទួលទានទឹកអំពៅ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងអំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់ភេសជ្ជៈធម្មជាតិនេះចំពោះសុខភាពឡើយ!
ថ្ងៃនេះយើងនឹង បង្ហាញឲ្យដឹងពីអត្ថប្រយោជន៍អស្ចារ្យមិនគួរឲ្យជឿនៃការទទួលទានទឹកអំពៅក្នុងកម្រិតសមល្មម ៖
១. សុខភាពឆ្អឹង
ការទទួលទាន ទឹកអំពៅ ជួយជំរុញបង្កើនកម្រិតបរិមាណនៃជាតិម៉ង់កាណែស ជាតិដែក ជាតិកាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូមក្នុងរាងកាយ ក៏ព្រោះតែបែបនេះហើយទើបធ្វើឲ្យទឹកអំពៅ ក្លាយជាភេសជ្ជៈចាំបាច់មួយ ក្នុងការពង្រឹងសុខភាពឆ្អឹង។ សុខភាពឆ្អឹងរឹងមាំ នឹងធ្វើឲ្យអ្នកជៀសផុត ពីបញ្ហាជំងឺពុកឆ្អឹង។
២. ទប់ស្កាត់ និងព្យាបាលអាការទល់លាមក
នោះក៏ព្រោះតែទឹកអំពៅមានផ្ទុកជាតិសរសៃ និងជាតិប៉ូតាស្យូម ដែលជួយសម្រួលដល់ការរំលាយអាហារ ទប់ស្កាត់ព្យាបាលអាការទល់លាមក បានយ៉ាងប្រសើរ។
៣. បង្កើនថាមពលរាងកាយ
ទឹកអំពៅ គឺជាប្រភពដ៏ប្រសើរនៃជាតិស្ករធម្មជាតិ (sucrose) ដែលជួយជំរុញ ឬស្តារកម្លាំងថាមពលឡើងវិញបានលឿន នៅពេលអ្នកខ្សោះជាតិទឹក ឬជួបប្រទះបញ្ហាជាតិស្ករទាប ក្នុងរាងកាយ។
៤. សុខភាពតម្រងនោម
ទឹកអំពៅ គឺជាភេសជ្ជៈមានផ្ទុកជាតិសូដ្យូម និងកូឡេស្តេរ៉ូលទាប ហើយគ្មានផ្ទុកជាតិខ្លាញ់មិនល្អ ដែលធ្វើឲ្យវាមានអត្ថប្រយោជន៍បំផុត ក្នុងការរក្សាបាននូវស្ថានភាពសុខភាពតម្រងនោមល្អប្រសើរ។
៥. សុខភាពធ្មេញរឹងមាំ
ទឹកអំពៅ មានផ្ទុកសូម្បីជាតិរ៉ែដែលសំខាន់សម្រាប់រក្សាសុខភាពធ្មេញរឹងមាំ ដូចជា កាល់ស្យូម និងផូស្វ័រ ដែលជួយពង្រឹងការបាក់ធ្មេញ ទប់ស្កាត់បញ្ហាធ្មេញពុក។
៦. ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ
ការសិក្សាស្រាវជ្រាវជាច្រើន បានឲ្យដឹងថា ការទទួលទានទឹកអំពៅ គឺអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ ដែលអាចការពារអ្នក ឲ្យជៀសផុតពីបញ្ហាផ្សេងៗ ទាក់ទងនឹងបេះដូង។
៧. ទប់ស្កាត់ជំងឺមហារីក
ទឹកអំពៅ គឺមានប្រសិទ្ធភាព ជួយក្នុងការទប់ស្កាត់ជំងឺមហារីកដោយសារបរិមាណសារធាតុ alkaline សារធាតុ flavonoids ជាតិដែក ម៉ង់កាណែស ម៉ាញ៉េស្យូម ប៉ូតាស្យូម និងកាល់ស្យូមខ្ពស់។ កោសិកាមហារីក គឺពិបាកនឹងលូតលាស់បានណាស់ ក្នុងបរិយាកាសអាល់កាឡាំង (alkaline) នេះហើយជាហេតុធ្វើឲ្យជំងឺមហារីកក្រពេញប្រូស្តាត និងមហារីកសុដន់ ត្រូវបានទប់ស្កាត់តាមរយៈការទទួលទានទឹកអំពៅជាប្រចាំ។
៨. សុខភាពស្បែក
សមាសធាតុមួយនៃ ទឹកអំពៅ គឺ alpha hydroxy acids ដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្មលើស្បែក។ ការទទួលទានទឹកអំពៅទៀងទាត់ អាចកម្ចាត់រោគឆ្លង និងការរលាកលើស្បែក ហើយក៏ជួយកាត់បន្ថយភាពចាស់តាមវ័យ របស់ស្បែកដូចជាស្នាមជាំ ស្នាមជ្រីវជ្រួញ ស្នាមសម្លាក និងការប្រែពណ៌ស្បែកផងដែរ។
សម្គាល់ ៖ ទោះជាយ៉ាងណា អ្នកមិនគួរទទួលទានលើសពី ១ កែវ ក្នុងមួយថ្ងៃឡើយ៕
ត្រួតពិនិត្យដោយ
www.health.com.kh