អន្តរជាតិ
មីស៊ីលអាមេរិកនៅអាស៊ី៖ ចិនថា ខ្លួនមិនឲ្យនរណាមកបង្ករឿងមុខផ្ទះខ្លួនឡើយ រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ និងអ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying ។
× ទីក្រុងប៉េកាំង នៅថ្ងៃទី៥ ខែសីហា បានចេញជំទាស់គម្រោងរបស់អាមេរិកដែលចង់ពង្រាយមីស៊ីលចម្ងាយមធ្យមនៅតំបន់អាស៊ី ហើយប្រាប់ក្រុងវ៉ាស៊ីនតោនឲ្យធ្វើអ្វីដោយប្រុងប្រយ័ត្ន ហើយមិនត្រូវបង្កភាពតានតឹងនៅតំបន់ឡើយ។ បើអាមេរិកពិតជាពង្រាយមីស៊ីលរបស់ខ្លួននៅអាស៊ីមែននោះ ចិនក៏មិននៅស្ងៀមដែរ។ លើសពីនោះ ប៉េកាំងក៏ទាត់ចោលពាក្យរិះគន់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិកដែលចោទចិនថា បង្កអស្ថិរភាពនៅឥណ្ឌូ-ប៉ាស៊ីហ្វិក។
«យើងមិនអនុញ្ញាតឲ្យប្រទេសណាបង្ករឿងមុខទ្វារផ្ទះរបស់យើងឡើយ។» នេះជាការលើកឡើងរបស់លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន ទៅនឹងព័ត៌មានពាក់ព័ន្ធគម្រោងរបស់អាមេរិកក្នុងការពង្រាយមីស៊ីលនៅតំបន់អាស៊ី ដែលគេជឿថា តម្រង់ដាក់ចិនតែម្ដង។ រដ្ឋមន្ត្រីការពារជាតិអាមេរិក ម៉ាក អេស្ពើ (Mark Esper) ជាអ្នកទម្លាយព័ត៌មាននេះ បន្ទាប់ពីអាមេរិកទើបដើរចេញពីសន្ធិសញ្ញាហាមប្រាមការសាយភាយមីស៊ីលចម្ងាយមធ្យម (INF) ជាមួយរុស្ស៊ី។
នៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី៥ ខែសីហា លោកស្រី Hua មានប្រតិកម្មតបថា បើអាមេរិកពង្រាយមីស៊ីលនៅអាស៊ី ពិសេសទឹកដីជុំវិញចិននោះ វាជាការបង្កហេតុតែម្ដង។ លើសពីនោះទៅទៀត ក្នុងករណីអាមេរិកពិតជាបន្តអនុវត្តតាមគម្រោងមែននោះ ស្ថិរភាពពិភពលោក និងតំបន់ ប្រាកដជារងផលប៉ះពាល់ដោយចៀសមិនរួច ហើយចិនក៏នឹងមិនអង្គុយនៅស្ងៀមចាំមើលផលប្រយោជន៍របស់ខ្លួនត្រូវខូចខាតដែរ។ ចិន នឹងចាត់វិធានការគ្រប់យ៉ាងដើម្បីការពារសន្តិសុខខ្លួន។
អ្វីគួរឲ្យចាប់អារម្មណ៍នោះ លោកស្រី Hua ក៏ត្រូវបានចោទសួរថា ហេតុអ្វីបានជាចិនប្រឆាំងវត្តមានមីស៊ីលអាមេរិកនៅអាស៊ី ខណៈចិនមានមីស៊ីលដែលរត់ទឹកដីអាមេរិកនៅឯកោះហ្កាមដែរនោះ? អ្នកនាំពាក្យរូបឆ្លើយវិញភ្លាមថា ចិនអនុវត្តនយោបាយការពារជាតិបែបការពារខ្លួនប៉ុណ្ណោះ ហើយគ្មានបំណងប្រឆាំងនរណាឡើយ។ ដោយសារមានទឹកដីធំ ប្រជាជនច្រើន ចិនក៏ត្រូវការអាវុធដើម្បីការពារខ្លួនដែរ ហើយម្យ៉ាងទៀត មីស៊ីលចិនដាក់ក្នុងដីចិនប៉ុណ្ណោះ។
ក្រៅពីរឿងមីស៊ីលនេះ មន្ត្រីក្រសួងការបរទេសចិនខាងលើ ក៏បានរិះគន់សម្ដីរបស់លោក អេស្ពើ ដែលចោទប៉េកាំងចំៗថា ធ្វើឲ្យអាស៊ីមានអស្ថិរភាព។ លោកស្រី Hua វាយបកវិញថា រដ្ឋមន្ត្រីការពារជាតិ កំពុងតែទម្លាក់កំហុសឲ្យគេផ្សេងប៉ុណ្ណោះ ខណៈអាមេរិកខ្លួនឯងបានជ្រៀតជ្រែកកិច្ចការប្រទេសនៅអាស៊ី ព្រមទាំងបង្កឲ្យមានការបែងចែកក្នុងចំណោមប្រទេសក្នុងតំបន់តាមរយៈគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន។
ងាកទៅរឿង INF បន្តិចវិញ អាមេរិកក៏ទើបដើរចេញជាផ្លូវការពីសន្ធិសញ្ញាសម័យសង្គ្រាមត្រជាក់នេះដែរ។ INF ហាមឃាត់ការផលិត ឬអភិវឌ្ឍមីស៊ីលបាលីស្ទិកចម្ងាយមធ្យម ដែលមីស៊ីលនេះក៏អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានទៅទៀត។ ប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថា មីស៊ីលនេះ បានរឹតត្បិតសមត្ថភាពអាមេរិក ហើយផ្ដល់ឱកាសដល់ចិនដែលមិនមែនជាសមាជិកក្នុងការពង្រឹងអានុភាពមីស៊ីលរបស់ខ្លួន៕
Tag:
ចិន
អាមេរិក
Mark Esper
© រក្សាសិទ្ធិដោយ thmeythmey.com