អត្ថបទពាណិជ្ជកម្ម
ពានរង្វាន់​ជើងឯក​ផ្នែក​វោហារកោសល្យ និង​ការត​ស៊ូ​មតិ កម្រិត​អន្តរជាតិ​លើកដំបូង​នៅ​កម្ពុជា​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​
06, Aug 2019 , 11:42 am        
រូបភាព
ដោយ: ថ្មីៗ
កម្មវិធី​ការប្រកួត​ពានរង្វាន់​ជើងឯក​ផ្នែក​វោហារកោសល្យ និង​ការ​តស៊ូ​មតិ​កម្រិត​អន្តរជាតិ​(CamDEBATE ) ជា​ភាសា​អង់គ្លេស​លើកដំបូង​របស់​កម្ពុជា បាន​ឈាន​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​។ វេទិកា​នេះ ត្រូវបាន​រៀបចំ​ដោយ IDP Education ដែលជា​ស្ថាប័ន​ឈានមុខ​គេ​លើ​ពិភពលោក ក្នុងការ​បញ្ជូន​សិស្ស និ​សិ​ត្ស​ទៅ​សិក្សា​នៅ​ប្រទេស​។ កម្មវិធី CamDEBATE មាន​គោលដៅ លើកស្ទួយ​វប្បធម៌​សន្ទនា និង​ផ្លាស់ប្តូរ​យោបល់​រវាង​យុវជន និង​យុវជន​កម្ពុជា និង​ដើម្បី​ពង្រឹង​ចំណេះដឹង និង​ពង្រីក​ចំណងមិត្តភាព​ក្នុងចំណោម​យុវជន​។


 
​មុននឹង​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ បេក្ខជន​បាន​ឆ្លងកាត់​វគ្គ​ជម្រុះ​នានា អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។ សម្រាប់​ឆ្នាំ​ដំបូង នៃ​កម្មវិធី  CamDEBATE មាន​បេក្ខជន​ដាក់ពាក្យ​ចូល​ប្រកួត ជាង ៧០០​នាក់ ក្នុងនោះ​មាន ៦ ជាតិ​សាសន៍ និង​មកពី​ជាង ១០០​សាលា និង​សាកលវិទ្យាល័យ​នានា​ក្នុងប្រទេស​កម្ពុជា​។ បេក្ខជន​ចំនួន ៥២៩ ត្រូវបាន​ជ្រើសរើស ដើម្បី​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំទីមួយ (Audition Round) កាលពី​ថ្ងៃទី​៩ ខែមិថុនា ដែលមាន​គណៈកម្មការ​ជាតិ និង​អន្តរជាតិ រហូតដល់ ៤៥​រូប​។ បេក្ខជន​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ ១៩២ នាក់ បាន​បន្តដំណើរ​ទៅកាន់​វគ្គ​ជម្រុះ បន្ទាប់ (Elimination Round) នា​ថ្ងៃទី​១៤ ខែ​កក្ត​ដា ដោយមាន​គណៈកម្មការ​ដាក់ពិន្ទុ​ចំនួន ២៧​រូប​។​
 
​បន្ទាប់មក​បេក្ខជន​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ ៤០ នាក់ បាន​បន្តទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ (Semi-final Round) កាលពី​ថ្ងៃទី ២៨ ខែ​កក្ត​ដា ដោយមាន​គណៈកម្មការ​វិ​និ​យ​ច្ឆ័​យ ចំនួន ១៤ រូប​។ បេក្ខជន​ឆ្នើម​ចំនួន ២០ នាក់ នឹង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​នឹង​ប្រារព្ធ​ធ្វើ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) នៅ​ថ្ងៃទី ១១ ខែសីហា​នេះ​។ 
 
​វគ្គ​ជម្រុះ​កន្លងមក ត្រូវបាន​ធ្វើឡើង​នៅតាម​ស្ថាប័ន​ដៃគូ​នានា​នៃ​កម្មវិធី​ពានរង្វាន់ CamDEBATE រួមមាន សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​(AUPP), សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​(PUC), សាកលវិទ្យាល័យ ន័​រ​តុ​ន​,​សាលា CamEd , សាកលវិទ្យាល័យ​វេ​ស្ទើ​ន និង​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល (ACE)​។​
 
​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម​ស៊ូ​មតិ​ចំនួន ៤ និង​បេក្ខជន​ប្រកួត​វោហារកោសល្យ ចំនួន ៨ នាក់ មកពី​កម្រិត​វិទ្យាល័យ និង​កម្រិត​មហាវិទ្យាល័យ ឬ​អ្នកធ្វើការ​វ័យក្មេង នឹង​ប្រកួត​ដណ្ដើមយក​ពានរង្វាន់​ទាំង​១០​កន្លែង​។ ប្រធានបទ​ការប្រកួត​ការ​តស៊ូ​មតិ​សម្រាប់​កម្រិត​វិទ្យាល័យ​គឺ​«​ការប្រើប្រាស់​ទូរស័ព្ទ ជួយ​ពង្រឹង​ដល់​ការរៀនសូត្រ ដូច្នេះ​ទូរស័ព្ទ​គួរតែ​ត្រូវបាន​ជំរុញ​ឲ្យ​ប្រើ​នៅក្នុង​សាលា​»​។ ចំណែក​កម្រិត​មហាវិទ្យាល័យ ឬ​អ្នកធ្វើការ​វ័យក្មេង  ប្រធានបទ​ការប្រកួត​ការ​តស៊ូ​មតិ​គឺ​«​ការងារ​សហគមន៍​គួរតែ​ត្រូវ​បានដាក់​ជា​ការងារ​ចាំបាច់​នៅក្នុង​សាកលវិទ្យាល័យ​»​។ សម្រាប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​កម្មវិធី  CamDEBATE រំពឹងថា នឹងមាន​សិស្សានុសិស្ស អាណាព្យាបាល អ្នកតំណាង​មកពី​សាលា សាកលវិទ្យាល័យ ស្ថានទូត និង​ក្រសួង​នានា​ជាច្រើន សរុប​ប្រមាណ​ជាង ១ ពាន់​នាក់​ចូលរួម​។​
 
​បេក្ខជន​ជ័យលាភី នឹងត្រូវ​ប្រកាស​ដោយ​គ​ណៈ​មេ​ប្រយោគ រួមមាន​លោកស្រី Tina Redshaw ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​, លោក កឹម គុណ​វឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​, លោក យក់ ប៊ុន​ណា រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល​, លោក ជីវ រដ្ឋា អគ្គនាយករង​យុវជន នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​, លោកស្រី អេង នេត្រា មកពី​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(CDRI), លោក Erich Phillips នាយក​ប្រតិបត្តិ​សមាគមន៍​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​, លោក Ashley Irving ចាងហ្វាង​សាលា ACE , លោក ទិ​ត ម៉ាប់ មកពី​វិទ្យាស្ថាន​ភាសាបរទេស (IFL), លោកស្រី Meloney Lindberg  ប្រធាន​មូលនិធិ​អាស៊ី​កម្ពុជា ក្នុងចំណោម​គណៈមេប្រយោគ​ជាតិ និង​អន្តរជាតិ​ចំនួន​១៤​រូប​។​
 
​ក្រៅពី​ទទួលបាន​បទពិសោធន៍ និង​ចំណេះដឹង​បន្ថែម​ពី​ការប្រកួត​នេះ បេក្ខជន​ជ័យលាភី​ប្រចាំឆ្នាំ ២០១៩ ក៏​នឹង​ទទួលបាន​មេដាយ​ជ័យលាភី ពាន​ជ័យលាភី ដំណើរ​ទស្សនកិច្ច​សិក្សា​រយៈពេល​ពីរ​សប្តាហ៍ ទៅកាន់​ចក្រភព​អង់គ្លេស និង​រង្វាន់​ផ្សេងៗ​។​




 
​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​ស្ថាប័ន IDP Education នៅ​កម្ពុជា និង​ជា​ស្ថាបនិក​កម្មវិធី CamDEBATE បាន​មានប្រសាសន៍ថា​៖«​ស្ថាប័ន​អប់រំ Cambridge Education Group រួមមាន សាលា Stafford House, វិទ្យាល័យ CATS College និង សាលា ONCAMPUS នឹង​ទទួល​ស្វាគមន៍​បេក្ខជន​ជ័យលាភី​ទាំង ១០​នាក់ ក្នុង​ដំណើរ​ទស្ស​កិច្ច​សិក្សា​ទៅកាន់​តំបន់ និង​ទីក្រុង​នានា​ក្នុង​ចក្រភព​អង់គ្លេស​»​។​


 
​ក្នុងនាម​ជា​ដៃគូ​របស់​កម្មវិធី CamDEBATE មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល​(ACE) ដែលមាន​បទពិសោធន៍​បង្រៀន និង​រៀបចំ​ការប្រកួត​វោហារកោសល្យ និង​ស៊ូ​មតិ​អស់​រយៈពេល​ជាង ២០​ឆ្នាំ​មកហើយ​នោះ បានផ្តល់​ការបណ្តុះបណ្តាល​ទាក់ទិន​នឹង​ការ​ហ្វឹក​ហ្វា​ត់ និង​ជំនា​ញ​ផ្សេងៗ ដល់​បេក្ខជន​កម្មវិធី CamDEBATE ២០១៩ ផងដែរ​។​
 
​សាធារណជន​ដែលជា​សិស្ស និស្សិត អាណាព្យាបាល ឬ​បុគ្គលិក​ស្ថាប័ន​អប់រំ​នានា អាច​ជាវ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​។ សំបុត្រ​មានតម្លៃ ១០ ដុល្លារ ដែល​រួមបញ្ចូល​ទាំង​អាហារសម្រន់ អាហារ​ថ្ងៃត្រង់ និង​ឱកាស​ឈ្នះ​រង្វាន់​ផ្សេងៗ ពី​ដៃគូ​កម្មវិធី  CamDEBATE​។ សម្រាប់​ព័ត៌មាន​បន្ថែម ឬ​សំបុត្រ​ចូលរួម​កម្មវិធី សូម​ទំនាក់ទំនង ០២៣ ២២២ ៣២៥៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 IDP
© រក្សាសិទ្ធិដោយ thmeythmey.com