កីឡាអន្តរជាតិ
អន្តរជាតិ
Cahill ដើរ​ចេញពី Chelsea ទៅ​ចូលរួម​ជាមួយ Crystal Palace
06, Aug 2019 , 12:29 pm        
រូបភាព
​ខ្សែការពារ Gary Cahill នៅ​ថ្ងៃទី​៥ ខែសីហា បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល ២​ឆ្នាំ​ជាមួយ Crystal Palace បន្ទាប់ពី​សុពលភាព​របស់គេ​ជាមួយ Chelsea ត្រូវ​បញ្ចប់​។​


 
​អតីត​ខ្សែការពារ​កណ្តាល​របស់​ក្រុម​ជ្រើស​ជាតិ​អង់គ្លេស វ័យ​៣៣​ឆ្នាំ​រូបនេះ​ផុត​កិច្ចសន្យា​ជាមួយ​ក្រុម​តោ​ខៀវ​នៅ​ចុងបញ្ចប់​រដូវ​កាល​មុន ក្រោយ​ចំណាយពេល ៧​រដូវ​កាល បន្ទាប់ពី​ចេញពី Bolton Wanderers កាលពី​ឆ្នាំ​២០១២​។ នៅ Stamford Bridge Cahill ជួយ Chelsea ឈ្នះ Premier League ពីរលើក Europa League ពីរដង និង Champions League មួយ​លើក​។​
 
Cahill ដែល​ទៅ​ចូលរួម​ជាមួយ Crystal Palace ដោយ​គ្មាន​តម្លៃ​ផ្ទេរ​បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​ថ្មី​នេះ​ថា​៖«​ខ្ញុំ​រីករាយ​ណាស់​ដែល​បានមក​ទីនេះ​។ ខ្ញុំ​គិតថា​វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ខ្ញុំ​ក្នុង​ការបន្ត​អាជីព​នៅក្នុង​ក្របខណ្ឌ Premier League និង​លេង​នៅក្នុង​ក្រុម​ដ៏​ល្អ​មួយ​។ ខ្ញុំ​រំភើប​ដែល​អាច​លេង​ជាមួយ​កីឡាករ​មាន​ទេពកោសល្យ​នៅទីនេះ​។ ខ្ញុំ​ចង់​លេង​ខ្លាំងណាស់ ហើយ​ស្រែក​ឃ្លាន​ការប្រកួតប្រជែង​មែនទែន​»​។​
 
Cahill ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ ៦១​ប្រកួត​កាល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Roy Hodgson ដែល​សព្វ​ថ្ងៃជា​អ្នកចាត់ការ​ទូទៅ​របស់ Crystal Palace នេះឯង​។ លោក Hodgson ក៏​រីករាយ​ដែល​ទទួលបាន​ខ្សែការពារ​ដ៏​រឹងមាំ​នេះ​មក​រួម​ក្រុម​លោក​ផងដែរ​។ អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស​រូបនេះ បាន​លើកសរសើរ Cahill ថា​ជា​កីឡាករ​ដ៏​អស្ចារ្យ និង​មានបទពិសោធន៍​ច្រើន​នៅ​លី​គ​កំពូល​អង់គ្លេស​។​
 
​អតីត​សមាជិក​ក្រុម Bolton នេះ ត្រូវបាន​គេ​ជឿជាក់ថា​នឹង​បង្ហាញខ្លួន​ឲ្យ Crystal Palace សម្រាប់​ជំនួប​បើកឆាក​ក្របខណ្ឌ Premier League ទល់នឹង​ម្ចាស់ផ្ទះ Everton នៅ​ចុង​សប្តាហ៍​នេះ​តែម្តង​៕
 

Tag:
 បាល់ទាត់​
  Gary Cahill
  Crystal Palace
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com