កីឡាជាតិ
ជាតិ
គ្រូបង្វឹក U18 កម្ពុជា​៖ ទោះ​មាន​រយៈពេល​ខ្លី​ក្នុង​ការរៀបចំ​ក្រុម តែ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​
06, Aug 2019 , 7:39 pm        
រូបភាព
លោក Gyotoku Koji (ស្តាំ)ពេលចូលរួមសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី៥ សីហា, រូបភាពពី FFC
លោក Gyotoku Koji (ស្តាំ)ពេលចូលរួមសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី៥ សីហា, រូបភាពពី FFC
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​អាយុ​ក្រោម​១៨​ឆ្នាំ AFF U18 Championship 2019 ដែល​វៀតណាម​ធ្វើ​ម្ចាស់ផ្ទះ​ត្រូវ​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​៦ ខែសីហា​នេះ​។ កម្ពុជា ដែល​ស្ថិតនៅ​ពូ​ល B ត្រូវ​ប្រកួត​បើកឆាក​ជាមួយ​អូស្ត្រាលី​នៅ​ថ្ងៃទី​៧ សីហា​។ គ្រូបង្វឹក​កម្ពុជា ប្តេជ្ញា​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ ទោះ​មាន​រយៈពេល​ខ្លី​ក្នុង​ការរៀបចំ​ក្រុម​ក៏ដោយ​។

 
​លោក Gyotoku Koji គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា ហាក់​បង្ហាញ​ក្តីកង្វល់​ចំពោះ​ការប្រកួត​ផ្តុំ​ហ្វឹកហាត់​ដែលមាន​រយៈពេល​ខ្លី​។ តែ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​ជឿជាក់ថា U18 កម្ពុជា ដែលមាន​កីឡាករ​ភាគច្រើន​ជា​យុវជន​ថ្នាល​នៃ​សាលា​បាល់ទាត់​ជាតិ​បាទី នឹង​បង្ហាញ​ទម្រង់​លេង​មួយ​ល្អ​។ 
 
«​យើង​គ្មាន​ពេល​ច្រើន​ក្នុងការ​រៀបចំ​ក្រុម​នោះទេ ប៉ុន្តែ​យើង​សន្យាថា យើង​នឹង​ផ្តល់​ការប្រកួត​មួយ ដែលមាន​ទម្រង់​លេង​យ៉ាង​ល្អ​។ កីឡាករ​យើង​ភាគច្រើន គឺ​មកពី​យុវជន Academy»​។ លោក Gyotoku Koji លើកឡើង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩​។ 
 
​ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ពានរង្វាន់​នេះ ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា បាន​ទៅ​បោះជំរំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​មុន​មួយ​សប្តាហ៍​នៅ​វៀតណាម ដើម្បី​ឲ្យ​កីឡាករ​ស​ន្ស៊ាំ​ខ្លួន​ជាមួយ​បរិយាកាស​នៅ​ទីនោះ​។ ក្នុងអំឡុងពេល​បោះជំរំ​ហ្វឹកហាត់ ក្រុម​កីឡាករ​កម្ពុជា​បាន​ប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស​ជាមួយ​ក្រុម​មួយចំនួន​មាន​មូលដ្ឋាន​នៅ​វៀតណាម​ផងដែរ​។ 
 
​ក្រុម U18 កម្ពុជា​ត្រូវ​ប្រកួត​បើកឆាក​ទល់​ជាមួយ​អូស្ត្រាលី​នៅ​ថ្ងៃទី​៧ ខែសីហា ខណៈ​ពានរង្វាន់ AFF U18 Championship ត្រូវ​ប្រកួត​បើកឆាក​ពូ​ល នៅ​ថ្ងៃទី​៦ ខែសីហា ដោយមាន​ការប្រកួត​ចំនួន​៣​គូ ក្នុងនោះ U18 ឡាវ ប៉ះ មី​យ៉ាន់​ម៉ា ខណៈ​ឥណ្ឌូណេស៊ី​ជួប​ហ្វីលីពីន​នៅ​ម៉ោង​៣:៣០​នាទី​ដូចគ្នា មុនទី​ម័​រ​ខាងកើត​តទល់​ជាមួយ​ព្រុយ​ណេ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​។ 
 
​សម្រាប់​ការប្រកួត​នេះ កម្ពុជា​ជួប​ការលំបាក​ខ្លាំង ដ្បិត​ពួកគេ​ស្ថិតនៅក្នុង​ពូ​ល B ជាមួយ​អូស្ត្រាលី ថៃ វៀតណាម ម៉ាឡេស៊ី និង​សិង្ហ​បុរី ខណៈ​ពូ​ល A មាន​មី​យ៉ាន់​ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន ទី​ម័​រ​ខាងកើត ឡាវ និង​ព្រុយ​ណេ​។​
 
​កីឡាករ​កម្ពុជា​ទាំង​២៣​រូប​រួមមាន ប៊ុនធឿន ប៊ុន​ណា​រ៉ុង​, ជា សុខ​ម៉េង​, ជុង មករា​, អ៊ា​ន ពិសី​, ក​យ សា​លីម​, រី លាភ​ផេង​, សៀង ច​ន្ធា​, ថា ច័ន្ទ​ឬ​ទ្ធី​, ធី លៀង​, អាត អូន​តូច​, ញឹម លី​ហួរ​, ស រតនា​, ទូច គឹម​ឆាយ​, វីរៈ ដា​រ៉ា​, វុ​ធ តុលា​, សឿត ណា​វ៉ា​, ចាន់ សុភា​, កែវ ឧ​ត្ត​ម​, មិ​ត សា​ម៉ើ​យ​, ទូច ណា​ឃីម​, សៀន សុ​ភ័​ក្ត្រា​, លឹម ពិសុទ្ធ និង មិន រតនៈ​៕  
 

Tag:
 AFF U18 Championship
  Gyotoku Koji
© រក្សាសិទ្ធិដោយ thmeythmey.com