ONE Championship
កីឡាជាតិ
ជាតិ
គ្រូបង្វឹក​៖ ចាន់ រតនា ត្រៀមខ្លួន​បានល្អ​ណាស់​មុន​ជួប​ជើង​ខ្លាំង​គុយបា Gustavo Balart
06, Aug 2019 , 8:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី  
 
​លោក Lorenzo Lanzafame ដែលជា​គ្រូបង្វឹក ចាន់ រតនា អះអាងថា កូនសិស្ស​របស់លោក​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​មុន​ជួប​កីឡាករ​គុន​ចម្រុះ​ជើង​ខ្លាំង Gustavo Balart នា​ថ្ងៃទី​១៦ សីហា នៅ​សង្វៀន ONE :DREAMS OF GOLD នៅ​ក្រុង​បាងកក ប្រទេស​ថៃ​។


 
​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បន្តថា ចាន់ រតនា កំពុង​ផ្ដោតអារម្មណ៍​លើ​ការហ្វឹកហាត់​បង្កើន​សម​ត្ថ​ភាព ហើយ គ្រួសារ​របស់គេ និង អ្នកគាំទ្រ​ក្នុងប្រទេស​ជាការ​លើកទឹកចិត្ត​ដ៏​អស្ចារ្យ ដូច្នេះ​ម្ចាស់​ក្លិប «​សិល្បៈ​» ខិតខំ​ហ្វឹកហាត់​យ៉ាងខ្លាំងបំផុត​ដើម្បី​ដណ្ដើម​ជ័យជម្នះ​ជាការ​តបស្នង​។ 
 
​គ្រូបង្វឹក​ដដែល​បញ្ជាក់​បែបនេះ​៖« រតនា និង ក្រុម​គ្រូបង្វឹក​បាន​ខិតខំ​យ៉ាង​ខ្លាំងក្លា​ក្នុង​គោលបំណង​ប្រជែង​យក​ជើងឯក​លំដាប់​ពិភពលោក​សម្រាប់​កម្ពុជា​នៅ​ថ្ងៃមុខ​។ យើង​មិន​ត្រឹមតែ​ប្រកួត​ដើម្បី​ជ័យជម្នះ​ទេ ប៉ុន្តែ យើង​ចង់​ឲ្យ ចាន់ រតនា ក្លាយជា​កីឡាករ​គុន​ចម្រុះ​កម្ពុជា​ដំបូង​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក World Champion​។ គេ​នឹងមិន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ខកចិត្ត​ឡើយ ហើយ គេ​នឹង​ប្រកួត​ដើម្បី​មោទនភាព​កម្ពុជា​»​។ 


 
​ជើង​ខ្លាំង​គុន​ចម្រុះ​កម្ពុជា​ធ្វើបាន​ល្អ​ដោយ​ឈ្នះ ២ លើក​ជាប់​គ្នា​នៅ​សង្វៀន ONE នាពេល​កន្លង​មកលើ​កីឡាករ​គុន​ចម្រុះ​សញ្ជាតិ​ឥណ្ឌូណេស៊ី​។ រតនា វ៉ៃ Abrou Fernandes ឲ្យ​ចុះចាញ់ កាល​ខែ ធ្នូ ឆ្នាំ ២០១៨ និង បំបាក់​កីឡាករ Rudy Agustian នា​ដើមខែ ឧសភា ឆ្នាំ ២០១៩ នេះ​។ បើសិន រតនា អាច​ឈ្នះ Gustavo Balart ទៀត នោះ​នឹង​ក្លាយជា​កីឡាករ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដែល​អាច​ឈ្នះ ៣ លើក​ជាប់​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE​។ 
 
​ដើម្បី​សម្រេចបាន​លទ្ធផល​ជូន​មាតុភូមិ និង អ្នកគាំទ្រ​នៅ​កម្ពុជា អ្នកលេង​គុន​ចម្រុះ​វ័យ​៣៣ ឆ្នាំ​ខំធ្វើការ​យ៉ាង​ដិតដល់ ជាពិសេស​ការប្រកួត​លើក​នេះ​ត្រូវតែ​ល្អ​ជាង​ការប្រកួត​កន្លងទៅ​។ គ្រូបង្វឹក Lorenzo គូសបញ្ជាក់​បែបនេះ​៖«​រតនា បាន​ហ្វឹកហាត់ ជី​ជិត​ស៊ូ នៅ H/art Academy ហើយ​គេ​ទទួលបាន​ក្បាច់​ថ្មីៗ​ដ៏​អស្ចារ្យ ដែល​អាច​ការពារ​លើ​ការចាប់​បោក​ទៅ​ក្ដារ​រេញ ប៉ុន្តែ អាច​បញ្ចប់​គូប្រកួត​ទៀតផង​។ សូម​អរគុណ​ដល់​គ្រូបង្វឹក ខូវ វិ​វ​ឌ្ឍ​នា  ដែល​ធ្វើ​ឲ្យ រតនា មាន​ទំនុកចិត្ត និង មិន​ភ័យខ្លាច​។ ក្នុងនោះ មាន​គ្រូបង្វឹក​ជី​ជិត​ស៊ូ ពី LLFitness ដូចជា Sov និង Charles ដែល​ធ្វើ​ឲ្យ រតនា កើន​កម្លាំង​ខ្លាំង  មាន​ភាព​អំណត់ និង ថាមពល​ខ្លាំង​ដើម្បី​បញ្ចប់​គូប្រកួត​»​។ លើសពីនេះ រតនា ក៏​ទទួល​ការបង្ហាត់​ផ្នែក​កម្លាំង​ពី​គ្រូបង្វឹក Jeppe ហើយ​ការបង្ហាត់​កម្លាំង​អាច​បញ្ចៀស រតនា មិន​ឲ្យ​ទទួលរង​របួស​ងាយៗ​។ 
 
​គួររំលឹកថា​គ្រូបង្វឹក Lorenzo និង ក្រុមការងារ LLFitnes បាន​ដើរ​តួច​យ៉ាងសំខាន់​ដើម្បី ជួយ​ពង្រឹងកម្លាំង​កីឡាករ​ជើង​ខ្លាំង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ឲ្យ​ទទួលបាន​ជោគជ័យ​កន្លងមក​។ ទន្ទឹមគ្នា​នឹង​ការហ្វឹកហាត់​ខ្លាំងក្លា លោក​ក៏បាន​កំហិត​លើ​វិន័យ ស្មារតី និង របប​អាហារ​ញុំ​ា​យ៉ាង​ត្រឹមត្រូវ​ផងដែរ​។ ក្នុងនោះ កីឡាករ ចាន់ រតនា ខ្លួនឯង​ក៏មាន​ឆន្ទៈ​ដើម្បី​ហាត់ពត់​ខ្លួនឯង​ដែរ​។  
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់​ពីស​ង្វៀន ONE: DAWN OF HEROES ពី​ហ្វីលីពីន​ល្ងាច​ថ្ងៃទី ២ សីហា និង កម្មវិធី​ប្រកួត​ធំៗ តាមរយៈ​ផេ​ក  https://www.facebook.com/ONEChampionship/ និង YouTube: https://www.youtube.com/user/OneFCMMA
 

© រក្សាសិទ្ធិដោយ thmeythmey.com