ជាតិ
តើទូតអាមេរិកថ្មី អាចកែប្រែទំនាក់ទំនងកម្ពុជា-អាមេរិក ឱ្យប្រសើរឡើងវិញទេ? រូបពីTwitter របស់លោក Patrick Murphy ឧបការីរងក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា
× ភ្នំពេញ៖ ព្រឹទ្ធសភាអាមេរិក បានអនុម័តសម្រេចតែងតាំងលោក Patrick Murphy ដែលជាឧបការរីរងនៃក្រសួងការបរទេសអាមេរិក ដែលទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១ សីហា ជំនួសលោក William Hiedt ដែលផុតអាណត្តិកាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ ការតែងតាំងមន្ត្រីជាន់ខ្ពស់ការទូតអាមេរិក មកធ្វើការងារផ្ទាល់ជាមួយរដ្ឋាភិបាលក្រុងភ្នំពេញនេះ ត្រូវបានលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី មើលឃើញថា វាជារឿងវិជ្ជមានផង និងអវិជ្ជមានផង។
រឿងវិជ្ជមានដែលលោក ឈាង វណ្ណារិទ្ធ មើលឃើញនោះ គឺកម្ពុជាអាចធ្វើការយ៉ាងជិតស្និទជាមួយលោក Patrick Murphy ដែលជាមន្ត្រីការទូតអាមេរិកមួយរូប យល់ដឹងពីបញ្ហាភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកច្បាស់។ ជាពិសេសវាជាឱកាសល្អសម្រាប់កម្ពុជា អាចបកស្រាយទាល់មុខជាមួយអាមេរិក តាមរយៈលោក Murphy រាល់បញ្ហានានា ដែលអាមេរិកសង្ស័យលើកម្ពុជា ត្រង់ទៅត្រង់មក។ បើតាមប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីរូបនេះ វត្តមានលោក Murphy វាក៏បង្ហាញថា រដ្ឋបាលលោក ដូណាល់ ត្រាំ មិនព្រងើយកន្តើយចំពោះកម្ពុជានោះដែរ។
ជាបន្តសូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដូចតទៅ៖
ចំណែករឿងអវិជ្ជមានវិញនោះ លោក ឈាង វណ្ណារិទ្ធ នៅតែមើលឃើញថា អាមេរិក មិនបោះបង់គោលបំណងទប់ស្កាត់ឥទ្ធិពលចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះឡើយ តាមរយៈវត្តមានលោក Murphy ដែលស្គាល់ភូមិសាស្ត្រច្បាស់ នៅតំបន់ឥណ្ឌូចិននេះ ។ សម្រាប់លោក វណ្ណារិទ្ធ កម្ពុជានឹងក្លាយជាទីកន្លែងប្រកួតប្រជែងឥទ្ធិពលនយោបាយរបស់ប្រទេសមហាអំណាច ដែលអាចអូសបន្លាយរយៈពេលយូរអង្វែងទៀត ។
ប៉ុន្តែអ្វីដែលកម្ពុជា អាចធ្វើបានដើម្បីទប់ស្កាត់បញ្ហាប្រជែងអំណាចរបស់មហាយក្សចិន និងអាមេរិកនេះ គឺវាគ្មានអ្វីក្រៅពីការបង្រួបបង្រួមផ្ទៃក្នុង ដោយប្រកាន់ជំហររួមគ្នាតែមួយ ហើយចៀសវាងការមាននិន្នាការអាមេរិកនិយម ឬចិននិយម ដែលនាំឱ្យកម្ពុជាផុងខ្លួនក្លាយជាកូនអុក នៃមនោគមវិទ្យាពួកមហាអំណាចឡើយ។ នេះជាការលើកឡើងរបស់ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី៕
Tag:
ឈាង វណ្ណារិទ្ធ
អាមេរិក
ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com