ជាតិ
សង្គមជាតិ
ទិវា​សិទ្ធិមនុស្ស​លែង​ជា​ថ្ងៃ​ឈប់សម្រាក តែ​មិន​ហាម​ប្រារព្ធ​ឡើយ ទោះយ៉ាងណា NGO នៅតែ​បារម្ភ​
06, Aug 2019 , 8:59 am        
រូបភាព
​សង្គម​ស៊ីវិល ព្រួយបារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ល​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោយ​រដ្ឋាភិបាល​សម្រេច​លុបចោល​ថ្ងៃ​សំខាន់ៗ​មួយចំនួន ក្នុង​ប្រតិទិន​ឈប់សម្រាក​ប្រចាំឆ្នាំ​២០២០ ដែល​ក្នុងនោះ​មាន​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ជាដើម​។ តែ​រដ្ឋាភិបាល អះអាងថា ប្រតិទិន​ថ្មី គ្រាន់តែ​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ហាម​ការ​ប្រារព្វ​របស់​បុគ្គល ឬ​ស្ថាប័ន​ណា​ឡើយ​។

 
​បុណ្យជាតិ​សំខាន់ៗ ដែល​រដ្ឋាភិបាល​សម្រេច​លុប​ចេញពី​ប្រតិទិន​ឆ្នាំ​២០២០​នោះ រួមមាន បុណ្យមាឃបូជា​, ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃទី​២០ ឧសភា​, ទិវា​កុមារ​អន្តរជាតិ ១ មិថុនា​, កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា និង​ថ្ងៃទី​១០ ធ្នូ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ជាដើម​។​
 
​ទាក់ទង​នឹង​ការ​លុប​ថ្ងៃ​ឈប់សម្រាក​ខាងលើនេះ បានធ្វើឱ្យ​មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ លោក ស៊ឹង សែន​ករុណា មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក បាន​និយាយថា កម្ពុជា​កំពុងតែ​ដើរ​ផ្ទុយ​ពី​គោលការណ៍​សិទ្ធិមនុស្ស និង​ប្រជា​ធិ​ប​តេ​ត្យ ខណៈ​កម្ពុជា ក៏​ជា​រដ្ឋ​នៃ​សមាជិក​នៃ​អង្គការសហប្រជាជាតិ ដែល​ព្រម​ទទួលយក​សច្ចា​ប័ណ្ណ​លើ​អនុសញ្ញា​ផ្សេងៗ​ផងដែរ​។ ក្នុងន័យនេះ​លោក ករុណា សំដៅលើ​ការលុបចោល​ថ្ងៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ដែល​លោក​យល់ឃើញថា រដ្ឋាភិបាល​ហាក់​បង្ហាញ​ពី​ជំហរ​គ្មាន​ឆន្ទៈ លើកកម្ពស់​សិទ្ធិ​មុ​ស្ស និង​ប្រជាធិបតេយ្យ​ក្នុងសង្គម​បន្តទៀត​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្ត្រីជាន់ខ្ពស់​សមាគម​អាដហុក​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​មានការ​បារម្ភ និង​សោកស្ដាយ​ណាស់ ដោយ​មិនដឹងថា តើ​កម្ពុជា​យើង​ទៅមុខទៀត​បន្ត​ដើរ​លើផ្លូវ​បែបណា​ឱ្យបាន​ច្បាស់លាស់​នោះទេ​។ ទាំង​ខ្ញុំ និង​សកម្មជន​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត កំពុងមាន​ការព្រួយបារម្ភ និង​កំពុង​យកចិត្តទុកដាក់​តាមដាន​ទៅលើ​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​»​។ 
 
​លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ បាន​និយាយថា កម្ពុ​ជាមាន​ភាពល្អប្រសើ​រ​ដូច​សព្វថ្ងៃនេះ គឺ​ដោយសារ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ដែល​ធ្វើ​ឲ្យ​ខ្មែរ​គ្រប់ភាគី​ត្រូវរ៉ូវ​គ្នា និង​បញ្ចប់​សង្គ្រាមស៊ីវិល​។​
 
 «​នៅពេល​យើង​លប់​ចំ​ថ្ងៃនេះ​ទៀត វា​នឹងមាន​ការរិះគន់​បន្ថែម​ទៀតថា ប្រទេស​កម្ពុជា​មិនមាន​ឆន្ទៈ​ក្នុងការ​លើកកម្ពស់​លិ​ទ្ធិ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ជាដើម​។ ជៀស​មិន​ផុត​ទេពី​ផលប៉ះពាល់ បើ​យើង​រក្សារ​វា​ក៏​បង្ហាញថា​ប្រទេស​កម្ពុជា​នៅតែ​រក្សា និង​គោរព​ទៅតាម​គោលការណ៍​នៃ​បទដ្ឋាន​អន្តរជាតិ ស្តីពី​សិទ្ធិមនុស្ស​ឲ្យ​បានល្អ​ប្រសើរ​ផងដែរ​»​។ នេះ​ជាការ​យល់ឃើញ​របស់​ម​ន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​បាន​បន្ថែមថា ក្នុង​កាលៈទេសៈ​នេះ​កម្ពុជា​នឹងរង​ការរិះគន់​ពី​បណ្ដា​ប្រទេស​ដែល​គោរព​លិ​ទ្ធិ​ប្រជាធិបតេយ្យ ព្រោះ​កម្ពុជា​កំពុងស្ថិត​នៅក្រោម​ការវាយតម្លៃ​ពី​សហភាព​អ៊ី​រ៉ុ​ប​ករណី EBA ជាដើម​។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​គិតគូរ​ឡើងវិញ​នៅ​ឆ្នាំ​បន្ទាប់​លើ​ករណីនេះ​។​
 
​តែ​យ៉ាងណា​រដ្ឋាភិបាល​អះអាងថា ការ​លុប​ថ្ងៃ​ឈប់សម្រាក​ទាំងនេះ វា​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នោះទេ​។ លោក ប៊ូ ជុំ​សេរី អនុប្រធាន​នៃ​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​បុណ្យជាតិ​និង​អន្តរជាតិ បាន​ពន្យល់ថា ការ​ប្រារព្ធ​ទិវា​នានា នៅ​ថ្ងៃ​សំខាន់​នេះ គឹ​នៅតែ​ប្រព្រឹត្តទៅ​ជាធម្មតា ប៉ុន្តែ​គ្រាន់តែ​មិនមាន​ការឈប់​សម្រាក​ជា​ផ្លូវការ​ដូច​កន្លងមក​ប៉ុណ្ណោះ​។ បើតាម​លោក សេរី មូលហេតុ​ដែល​កម្ពុ​ជាកា​ត់​បន្ថយ​ថ្ងៃ​ឈប់សម្រាក​នេះ ដើម្បី​កុំឱ្យ​ប៉ៈ​ពាល់​ដល់​ចង្វាក់​ការងារ​រ​រកស៊ី របស់​វិនិយោគិន​នៅ​កម្ពុជា​។​
​អនុប្រធាន​នៃ​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​បុណ្យជាតិ​និង​អន្តរជាតិ បាន​និយាយថា​៖«​បើ​ខ្ញុំ​មើលទៅ (​ការ​លុប​ថ្ងៃ​សម្រាក​នេះ​)​វា​មិន​អី​ទេ ព្រោះ​នរណា​ចង់​ធ្វើ​អ្វី​(​ប្រារព្វ​ពិធី​)​ធ្វើទៅ ជា​សិទ្ធិ​របស់គេ​។ ប៉ុន្តែ​គ្រាន់តែ​ថា​មន្ត្រីរាជការ​យើង​មិន​ឈប់​ទេ​។ ហើយ​វា​ក៏​មិន​ទៅ​បិទ​សិទ្ធិ​អី​ដែរ​។ ដូចជា​ទិវា​រុក្ខទិវា យើង​ធ្វើ​ធម្មតា គ្រាន់តែ​យើង​មិន​ឈប់​»​។​
 
​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ បាន​សង្កេតឃើញថា បច្ចុប្បន្ន​រដ្ឋាភិបាល​ហាក់​បង្ហាញ​ទំនោរ​ទៅកាន់​ប្រទេស​ដែលមាន​និ​ន្ន​ការ​កុម្មុយនីស្ត ដែល​ប្រាសចាក​ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣​តុលា ១៩៩១​។ ជាក់ស្ដែង​ការ​លុប​ថ្ងៃ​ឈប់សម្រាក​សំខាន់ៗ ដូចជា​ថ្ងៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស និង​សិទ្ធិមនុស្ស​នេះ​តែម្ដង​។​
 
​ជុំវិញ​កង្វល់​នេះ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​និយាយថា កម្ពុជា​នៅតែ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ជា​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ​លោក​ក៏​គាំទ្រ​ឲ្យ​មាន​លុបចោល​ថ្ងៃ​សិទ្ធិមនុស្ស​នោះដែរ ព្រោះ​កម្ពុ​ជាមាន​ថ្ងៃ​ឈប់​ច្រើន ដែល​ធ្វើឱ្យ​វិនិយោគ​នៅ​កម្ពុជា​មិន​សប្បាយចិត្ត​។ «​តាមពិតទៅ​សិទ្ធិសេរីភាព​ក្នុងការ​សម្តែង​មតិ និង​ការអបអរ​ដូចជា​មិនមាន​ការហាមឃាត់​អ្វី​នោះទេ ។​ប៉ុន្តែ​ចំពោះ​ថ្ងៃ​ឈប់សម្រាក​ប្រហែលជា​ច្រើនពេក​។ យើង​ទទួលស្គាល់​ទាំងអស់គ្នា​ថា​ពិតជា​ធុញទ្រាន់​។ អ្នកវិនិយោគ​គេ​បាន​រិះគន់​ច្រើនណាស់ តិច​ឈប់ តិច​ឈប់​។ នរណា​ក៏​គេ​រិះគន់​ដែ​ថា​ប្រទេស​យើង​ឈប់​ច្រើនជាងគេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កែវ រ៉េមី​។ 
 
​ចំពោះ​ករណីនេះ លោក មាស នី យល់ថា ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ជា​រឿង​ល្អ ប៉ុន្តែ​ក៏​គួរ​លុបចោល​ទិវា​ណា ដែល​មិន​សំខាន់​សម្រាប់​សង្គមជាតិ​ដែរ ជាពិសេស​ទិវា​របស់​បក្ស​ជាដើម​។ អ្នកវិភាគ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ថ្ងៃ​៧ មករា ជា​ថ្ងៃកំណើត​ទី​២ តែ​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​កម្ពុជា​មិនទាន់បាន​ទទួលជោគជ័យ​លើ​ការឯកភាព​ជាតិ និង​សា​ម្គី​ជាតិ​នោះទេ​។ ប៉ុន្តែ​ថ្ងៃទី​២៣ តុលា​វិញ បាន​នាំមក​នូវ​ការឯកភាព​ជាតិ និង​សន្ដិភាព​ពិតប្រាកដ​មក​ឲ្យ​ស្រុក​ខ្មែរ​យើង​»​។ 
 
អត្ថបទទាក់ទង
 
​រដ្ឋាភិបាល​សម្រេច​លុប​ថ្ងៃ​សម្រាក​នេះ ធ្វើឡើង​ក្រោយពី​អ្នកវិនិយោគ និង​ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ ធ្លាប់​រអ៊ូរទាំ​ពី​ផលប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម​របស់​ពួកគេ​កន្លងមក​។ ការឈប់​សម្រាក​ច្រើន វា​ធ្វើ​ឲ្យ​សង្វាក់​ផលិតកម្ម​មាន​ភាពយឺត​យ៉ាវ និង​ស្ទះ ដែល​ធ្វើ​ឲ្យ​ការផលិត​មានការ​ចំណាយ​ខ្ពស់ ហើយ​ពិបាក​នឹង​ប្រកួតប្រជែង​។ ត្រង់ចំណុច​នេះ​លោក តែ តាំង​ប៉ សម្ព័ន្ធ​សហគមន៍​សហគ្រាស​ធុន​តូច និង មធ្យម​កម្ពុជា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​វិស័យ​ឯកជន​បានស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​សុំ​មិន​ឲ្យ​មានការ​ឈប់​លើក​ថ្ងៃ​បន្ថែម លើសពី​ថ្ងៃបុណ្យ​ជាតិ​ឡើយ ។ បើតាម​លោក តុង​ប៉ ការកាត់បន្ថយ​ថ្ងៃ​ឈប់​ជា​រឿង​មួយ​ល្អ​សម្រាប់​ពង្រឹង​ការផលិត​សហគ្រិន​។​
 
​សម្រាប់​អ្នកវិភាគ​សេដ្ឋកិច្ច​វិញ ក៏​មើលឃើញ​ពី​ផល​វិជ្ជមាន​នៃ​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​នេះដែរ​។ ​តាមរយៈ​ការ​គណនា​បែប​សេដ្ឋកិច្ច លោក គី សេរី​វឌ្ឍន៍ បាន​ព្យាករ​ថា កម្ពុជា នឹង​កើន​ចំណូល​ថវិកាជាតិ​យ៉ាងតិច ១៥០​លាន​ដុល្លារ​អាមេរិក បើសិនជា​រដ្ឋាភិបាល​ស​ម្រេច​លុបចោល​ថ្ងៃ​បុណ្យជាតិ​មិន​សំខាន់​ចំនួន ៧ ថ្ងៃ ចេញពី​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​បច្ចុប្បន្ននេះ​៕

Tag:
 ​សិទ្ធិមនុស្ស​
  ប្រតិទិន​
  បុណ្យជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com