ជាតិ
ព្រះមហាក្សត្រ
ប្រធានាធិបតីស្រីលង្កា មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាពីបញ្ហាតំបន់ និងអន្តរជាតិ រូបពី AFP
× ភ្នំពេញ៖ ប្រធានាធិបតីស្រីលង្កា លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) មកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់១០ សីហា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងដំណើរទស្សនកិច្ចនេះលោក ស្រ៊ីសេនា ក៏ជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាក្តីព្រួយបារម្ភនិងផលប្រយោជន៍រួមផងដែរ។ បន្ថែមពីនេះភាគីទាំងពីរ ក៏មានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ប្រធានាធិបតីស្រីលង្កា ក៏ចូលរួមក្នុងពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ រួមទៅទាំងទស្សនាប្រាសាទនានានៅក្នុងឧទ្យានអង្គរ នៃខេត្តសៀមរាបទៀតផង។
នេះជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់ប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងកម្ពុជានិងស្រីលង្កា។ គួរបញ្ជាក់ថា កម្ពុជា និងស្រីលង្កា បានភ្ជាប់ទំនាក់ទំនងការទូតចាប់តាំងពីអំឡុងឆ្នាំ១៩៥០មកម្ល៉េះ៕
Tag:
ព្រះមហាក្សត្រ
ហ៊ុន សែន
ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com