មួយថ្ងៃក្រោយពីភាពវឹកវរកាន់តែធំឡើងគ្របដណ្តប់លើទីក្រុងនេះរដ្ឋាភិបាលចិន បានព្រមានក្រុមបាតុករហុងកុងខ្លាំងៗ។ ក្នុងបាតុកម្មនេះ ប៉ូលិសហុងកុង អះអាងថា មនុស្ស ១៤៨នាក់ ត្រូវបានចាប់ខ្លួន ខណៈឧស្ម័នបង្ហូរទឹកភ្នែកជាង ៨០០គ្រាប់ ត្រូវបានបាញ់ក្នុងការទប់ទល់ក្រុមបាតុករ។
«អ្នកទាំងឡាយណាដែលលេងជាមួយភ្លើង នឹងត្រូវឆេះខ្លោចដោយសារវា»។ នេះជាការព្រមានដ៏ធ្ងន់មួយពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង ទៅលើក្រុមបាតុករហុងកុង ដែលបានធ្វើសកម្មភាពតវ៉ា អស់រយៈប្រមាណ២ខែមកហើយនេះ។
ក្នុងសន្និសីទព័ត៌មានក្នុងរដ្ឋធានីប៉េកាំង នៅថ្ងៃអង្គារ ទី៦ សីហា អ្នកនាំពាក្យសម្រាប់ការិយាល័យទទួលបន្ទុកកិច្ចការម៉ាកាវ និងហុងកុង លោក Yang Guang បញ្ជាក់ថា បាតុកម្មនេះ ប៉ះពាល់ធ្ងន់ធ្ងរលើស្ថិរភាព និងវឌ្ឍនភាពរបស់ទីក្រុងហុងកុង ដែលកំពុងរុញច្រាលក្រុងនេះ ធ្លាក់ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់កាន់តែជ្រៅ។
រដ្ឋាភិបាលចិន នៅតែគាំទ្រយ៉ាងពេញទំហឹង លើកងកម្លាំងប៉ូលិសហុងកុងដែលទទួលរងការរិះគន់ ពាក់ព័ន្ធនឹងការបង្ក្រាបក្រុមបាតុករ និងប្រធានប្រតិបត្តិទីក្រុងងហុងកុង លោកស្រី Carrie Lam ដែលក្រុមបាតុករ ចង់ឲ្យចុះចេញពីតំណែងផងដែរ។ លោក Yang និយាយបែបនេះ ដោយសង្កត់ធ្ងន់ថា៖ «កុំវិនិច្ឆយខុសលើស្ថានការណ៍ និងយល់ច្រឡំភាពអត់ធ្មន់របស់យើងថាជាចំណុចខ្សោយឲ្យសោះ ហើយកុំមើលស្រាលកម្លាំងរដ្ឋាភិបាលមជ្ឈិមចិន»។
ការលើកឡើងរបស់លោកបែបនេះ ធ្វើឡើងក្រោយពីប៉ូលិសហុងកុង បានប្រកាសថា ពួកគេ បានឃាត់ខ្លួនមនុស្សជិត ១៥០នាក់ ពាក់ព័ន្ធនឹងអំពើហិង្សា កាលពីថ្ងៃចន្ទ ទី៥ សីហា។នៅ ពេលនោះ ការបាតុកម្មត្រូវបានរៀបចំស្ទើរគ្រប់ទីកន្លែង ដែលបានបង្អាក់ជើងហោះហើររាប់រយ និងសេវាកម្មរថភ្លើងថែមទៀតផង។
ក្នុងការប៉ះទង្គិចគ្នាចុងក្រោយបង្អស់ កាលពីយប់ថ្ងៃអង្គារទី ៦ ខែសីហា ប៉ូលិសក្រុងហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកប្រមាណ ៨០០គ្រាប់ លើក្រុមបាតុករ និងប្រជាជន ដែលបានប្រមូលផ្តុំគ្នានៅក្រៅស្ថានីយ៍ប៉ូលិសមួយកន្លែង ក្នុងសង្កាត់ Sham Shui Po បន្ទាប់ពីមានការចាប់ខ្លួននិស្សិតម្នាក់។ ទាក់ទិននឹងការចាប់ខ្លួននិស្សិតហុងកុងរូបនេះ សមត្ថកិច្ច អះអាងថា ពួកគេ រកឃើញ អាវុធជាប់ខ្លួនរូបគេ។
ខណៈការប៉ះទង្គិចរវាងកងកម្លាំងហុងកុង និងក្រុមបាតុករ ចេះតែបន្តអូសបន្លាយបែបនេះ គេសង្ស័យថា ក្រុងប៉េកាំង ប្រហែលត្រូវបានបង្ខំចិត្ត ធ្វើអន្តរាគមន៍ក្នុងបញ្ហានេះ ហើយទំនងជាប្រើប្រាស់កម្លាំងយោធាផងក៏មិនដឹង។ យ៉ាងណាមិញ លោក Yang បដិសេធមន្ទិលសង្ស័យបែបនេះ ដោយនិយាយថា រដ្ឋាភិបាលក្រុងហុងកុង មានសមត្ថភាពពេញលេញ ដាក់ទោសឧក្រិដ្ឋកម្មហិង្សា ដោយអនុលោមតាមច្បាប់ និងស្តារស្ថិរភាពនិងសណ្តាប់ធ្នាប់ឡើងវិញ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលហិរញ្ញវត្ថុសាកល ហុងកុង បានធ្លាក់ចូលក្នុងភាពចលាចល ដោយសារបាតុកម្មជាច្រើនសប្តាហ៍មកនេះ ។ បាតុកម្មនេះ ត្រូវបានបញ្ចេះឡើងដោយពលរដ្ឋហុងកុង ជាពិសេសក្រុមយុវជន ប្រឆាំងដាច់ខាតនឹងសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យមានការធ្វើបត្យាប័ន ទៅកាន់ចិនដីគោក។ ចាប់តាំងពីពេលនោះមក បាតុកម្មជាបន្តបន្ទាប់ បានវិវត្តទៅជាចលនាកាន់តែធំឡើងៗ ក្នុងគោលដៅធ្វើកំណែទម្រង់លទ្ធិប្រជាធិបេតយ្យ និងការពារសេរីភាព៕