កីឡាជាតិ
ជាតិ
AFF U18៖ កម្ពុជា​ត្រូវ​ធ្វើការ​ធ្ងន់​ដោយ​ប៉ះ​អូស្ត្រាលី នា​ជំនួប​បើកឆាក​ពូ​ល B នៅ​រសៀល​នេះ​
07, Aug 2019 , 11:09 am        
រូបភាព
កីឡាករ សៀង ចន្ធា (ឆ្វេង)ហ្វឹកហាត់នៅវៀតណាម ដើម្បីត្រៀម AFF U18 Championship, រូបភាពពី FFC
កីឡាករ សៀង ចន្ធា (ឆ្វេង)ហ្វឹកហាត់នៅវៀតណាម ដើម្បីត្រៀម AFF U18 Championship, រូបភាពពី FFC
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​(U18) ត្រូវ​តទល់​ជាមួយ​អូស្ត្រាលី នា​ជំនួប​បើកឆាក​ពូ​ល B នៃ​ពានរង្វាន់ AFF U18 Championship វេលា​ម៉ោង​៤:៣០​នាទី​រសៀល​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​៧ ខែសីហា នេះ នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​។ នៅ​ពូ​ល​ដដែល​នេះ ក៏មាន​ការប្រកួត​ពីរ​គូ​ទៀត​ផងដែរ​។

 
​ក្រុម​U18​កម្ពុជា ដែល​ភាគច្រើន​ជា​កីឡាករ​មកពី​សាលា​បាល់ទាត់​ជាតិ​បាទី​ត្រូវធ្វើ​ធ្ងន់​នៅថ្ងៃនេះ ដ្បិត​កីឡាករ​អូស្ត្រាលី​មាន​មាឌធំ​កម្ពស់​ខ្ពស់ និង​សមត្ថ​ភាពខ្លាំង​។ ក្នុង​សន្និសីទ​សារព័ត៌​មុន​ការប្រកួត​លោក Gyotoku Koji គ្រូបង្វឹក​ក្រុម​កម្ពុជា​ប្តេជ្ញា​នឹង​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​សម្រាប់​ទស្សនិកជន​។ 
 
​បើតាម​ប្រវត្តិ​ជួបគ្នា​ពីរលើក​កន្លងមក​កម្ពុ​ជា​មិន​ធ្លាប់​ឈ្នះ​អូស្ត្រាលី​នោះទេ​។ នៅ​ឆ្នាំ​២០០៩ កម្ពុជា​ចាញ់​អូស្ត្រាលី​ក្នុង​លទ្ធផល ៣-០ និង​ឆ្នាំ​២០១៦ ចាញ់ ២-០​។ អូស្ត្រាលី​ធ្លាប់​ឈ្នះ​ពាន​បាន​៤​លើក​(២០០៦, ២០០៨, ២០១០, ២០១៦) ជើងឯក​រងមួយ​លើក​(២០០៩) និង​លេខ​៣​មួយ​លើក​(២០១២) ខណៈ​កម្ពុជា​មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល​នោះឡើយ​។ លទ្ធផល​ល្អ​បំផុត​សម្រាប់​កម្ពុជា គឺ​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ នា​ការប្រកួត​ជម្រុះ​តាម​ពូ​ល​តែប៉ុណ្ណោះ​។ 
 
​ក្រៅពី​ជំនួប​រវាង​កម្ពុជា​ជាមួយ​យុវជន​អូស្ត្រាលី​វេលា​ម៉ោង​៤:៣០​នាទី​រសៀល នៅក្នុង​ពូ​ល B ក៏មាន​ការប្រកួត​ពីរ​គូ​ទៀត​ផងដែរ ដោយ​ម្ចាស់ផ្ទះ​វៀតណាម​ស្វាគមន៍​យុវជន​ម៉ាឡេស៊ី​នៅ​ម៉ោង​៧:៣០​នាទី ក្រោយ​ថៃ​ប៉ះ​សិង្ហ​បុរី​នៅ​ម៉ោង​៣:៣០​នាទី​។ សម្រាប់​ការបើកឆាក​ពូ​ល A កាល​ថ្ងៃ​ចន្ទ U18 ឥណ្ឌូណេស៊ី​លត់​យុវជន​ហ្វីលីពីន ៧-១ រីឯ​ទី​ម័​រ​ខាងកើត​ស៊ី​ព្រុយ​ណេ ៧-២ ក្រោយ​ឡាវ​ចាញ់​មី​យ៉ាន់​ម៉ា ៣-១៕    
 

Tag:
 បាល់ទាត់​
  AFF U18 Championship
  U18 កម្ពុជា​
  អូស្ត្រាលី​
© រក្សាសិទ្ធិដោយ thmeythmey.com