ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ត្រឹមតែ​ផ្អែម​ឆ្ងាញ់​ឡើយ​! “​ឪឡឹក​” ប្រសើរ​ណាស់​ចំពោះ​សុខភាព​
07, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ឪឡឹក ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​ដោយ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ តម្លៃ​សមរម្យ និង​ងាយ​រកបាន​ណាស់​ក្នុង​ប្រភេទ​កម្ពុជា​។  ទោះបី​ភាគច្រើន​នៃ​ពួកយើង​ឧស្សាហ៍ ឬ​ចូលចិត្ត​ទទួលទាន​ផ្លែ​ឪឡឹក ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ផ្លែឈើ​នេះ​ចំពោះ​សុខភាព​ឡើយ​។



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ផល​ល្អៗ​នៃ​ការ​ទទួលទាន​ឪឡឹក ៖
 
១. ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​
 
​ឪឡឹក​មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៩០ ភាគរយ ដូច្នេះ​ការទទួល​ទាន​ផ្លែឈើ​នេះ​ជា​វិធី​ដ៏​ងាយ​និង​ល្អ​បំផុត​ដើម្បី​ជៀស​ផុតពី​បញ្ហា​ខ្សោះ​ជាតិ​ទឹក​។​
 
២. បន្សាប​ជាតិពុល​ក្នុង​រាងកាយ​
 
​ឪឡឹក មាន​ផ្ទុក​សារធាតុ diuretic ដែល​ជួយ​កម្ចាត់​ជាតិពុល​គ្រោះថ្នាក់​ចេញពី​រាងកាយ​។ វា​ក៏​ជួយ​ជំរុញ​មុខងារ​តម្រងនោម បន្សាប​ជាតិពុល​ក្នុង​ថ្លើម និង​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ផងដែរ​។​
 
៣. បង្កើន​ថាមពល​ឆាប់រហ័ស​
 
​ឪឡឹក ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​ល្អៗ​ដូចជា​វីតាមីន A វីតាមីន B1 វីតាមីន B6 ប៉ូ​តា​ស្យូ​ម និង​ម៉​ង់​កា​ណែ​ស​ដែល​ជួយ​បង្កើន​ផ្ដល់​ថាមពល​តាមបែប​ធម្មជាតិ​ដល់​រាងកាយ​។​

៤. ទប់ស្កាត់​ជំងឺ​ក្រឡាភ្លើង​
 
​ឪឡឹក​មាន​ផ្ទុក​កម្រិត lycopene ខ្ពស់​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ក្រឡាភ្លើង​កំឡុងពេល​មាន​ផ្ទៃពោះ​។​

៥. គ្រប់គ្រង​សម្ពាធ​ឈាម​
 
​ឪឡឹក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​ដែល​ល្អ​សម្រាប់​អ្នកជំងឺ​លើសឈាម​។ ឪឡឹក​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​មិន​ឲ្យ​កើតឡើង​ចំពោះ​អ្នក​ដែលមាន​សម្ពាធ​ឈាម​ធម្មតា​ផងដែរ​។ លើសពីនេះទៅទៀត ឪឡឹក​ជា​ប្រភព​នៃ​សារធាតុ L-citrulline និង​អាស៊ីត​អា​មី​ណូ​ដែល​អាចជួយ​គ្រប់គ្រង​និង​បញ្ចុះ​សម្ពាធ​ឈាម​។​
 
៦. បំបាត់​និង​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​
 
​ឪឡឹក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​និង​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ចលនា​ពោះវៀន ព្រមទាំង​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ដែល​បណ្ដាល​ឲ្យ​
​ទល់លាមក​ផងដែរ​។​
 
៧. ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​ឪឡឹក​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ lycopene ដែលមាន​ប្រសិទ្ធភាព​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដោយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​

៨. ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​
 
​ឪឡឹក​មាន​ផ្ទុក​ជាតិ​ស្ករ​ធម្មជាតិ​ខ្ពស់ ប៉ុន្តែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ចាំបាច់​សម្រាប់​រក្សា​មុខងារ​តម្រងនោម​ប្រក្រតី​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។ លើសពីនេះទៅទៀត ឪឡឹក​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ lycopene ដែល​ជួយ​ទប់ស្កាត់​កាត់បន្ថយ​ការខូចខាត​សរសៃប្រសាទ​ផងដែរ​។ ដូច្នេះ​ការទទួល​ទាន​ឪឡឹក​ក្នុង​កម្រិត​មធ្យម គឺ​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com