ជាតិ
សង្គមជាតិ
លោក កែវ រ៉េមី៖ ជប៉ុនជួយកម្ពុជា គ្មានចង់បានអ្វី ក្រៅពីចង់ឃើញកម្ពុជាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ រូបពីហ្វេសប៊ុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
× ភ្នំពេញ៖ ជប៉ុនជួយកម្ពុជា ដោយមិនចង់បានអ្វីពីកម្ពុជានោះទេ ក្រៅពីចង់ឃើញកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅក្នុងជំនួបជាមួយលោក Masato Otaka អគ្គនាយករងការិយាល័យគោលនយោបាយការបរទេស និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកកិច្ចការបរទេស នៃក្រសួងការបរទេសជប៉ុន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ។
លោក កែវ រ៉េមី ហ៊ាននិយាយបែបនេះ ដោយសារលោក សម្អាងលើរបាយការណ៍របស់ជប៉ុន ដែលសរសេររៀបរាប់ពីស្ថានភាពសិទ្ធិមនុស្សកម្ពុជា មានតុល្យភាព និងឆ្លុះបញ្ចាំងការពិត ជាងប្រទេសលោកខាងលិច និងអង្គការសង្គមស៊ីវិលផ្សេងៗទៀត។ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស ដែលវាយតម្លៃខ្ពស់លើជំនួយរបស់ជប៉ុននេះ បាននិយាយដូច្នេះថា៖«ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថ្លូវ ស្ពានជាដើម យើងបានឃើញហើយ។ គាត់ជួយស្ថានីយចម្រោះទឹកកខ្វក់ទាំងនៅភ្នំពេញ និងព្រះសីហនុ ហើយក្រៅពីនេះគាត់ជួយលើផ្នែកធនធានមនុស្ស ច្បាប់ និងជំនួយផ្សេងៗទៀត។ ហើយជាប្រទេសទីមួយដែលជួយលើសាលាក្តីខ្មែរក្រហមច្រើនជាងគេ ក្នុងទឹកប្រាក់ ៨២លានដុល្លារ។ កម្ពុជាថ្លែងអំណរគុណដល់គាត់។ អរគុណចំពោះជំនួយទាំងឡាយ»។
តែយ៉ាងណាក្នុងជំនួបពិភាក្សាគ្នានោះ លោក MASATO OTAKA ក៏បានលើកឡើងពីការព្រួយបារម្ភទៅនឹងស្ថានភាពសិទ្ធិមនុស្ស និងនយោបាយក្នុងប្រទេសកម្ពុជាផងដែរ ដូចជាការរំលាយគណបក្សសង្គ្រោះជាតិ, ការឃុំខ្លួនលោក កឹម សុខា រួមទាំងករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី និងការរិតត្បឹតសិទ្ធិសេរីភាពសម្ដែងមតិរបស់សង្គមស៊ីវិលជាដើម។
ឆ្លើយតបក្តីព្រួយបារម្ភរបស់លោក MASATO OTAKA នេះ លោក កែវ រ៉េមី បានពន្យល់វិញថា អង្គហេតុផ្សេងៗ គឺស្ថិតនៅក្នុងនិតិវិធីរបស់តុលាការ នៃដំណើរការអនុវត្តច្បាប់។ ងាកមកនិយាយពីបញ្ហាសិទ្ធិបញ្ចេញមតិវិញ លោក រ៉េមី ក៏បានលើកយកករណីបរិភោគនំបញ្ចុករបស់ក្រុមប្រឆាំងរដ្ឋាភិបាល មកពន្យល់លោក MASATO OTAKA ថា នរណាក៏អាចហូបនំបញ្ចុកបានដែរ ក៏ប៉ុន្តែអតីតមេបក្សប្រឆាំងបានអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួន ហូបនំបញ្ចុក ដើម្បីប្រមូលផ្ដុំកម្លាំងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដូច្នេះរដ្ឋាភិបាលត្រូវតែចាត់វិធានការ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពប៉ុណ្ណោះ។
ជុំវិញការឃាត់ និងចាប់ខ្លួន អ្នកនយោបាយ សកម្មជន អ្នកកាសែត រួមទាំងករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ ត្រូវបានមតិអន្តរជាតិ រិះគន់នឹងវាយតម្លៃពីការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ និងការគំរាមកំហែងជាដើម។ជាពិសេសក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) តែងតែបង្ហាញក្តីបារម្ភលើបញ្ហាខាងលើនេះ ដោយពួកគេមើលឃើញថា «អាជ្ញាធរកម្ពុជា កំពុងតម្រង់ទិសដៅ ទៅលើការបញ្ចេញមតិនិងការជួបជុំដោយសន្តិវិធី»។ មិនត្រឹមតែអន្តរជាតិនោះទេ សូម្បីតែអង្គការសង្គមស៊ីវិលក្នុងស្រុកកន្លងមក ក៏មើលឃើញថា អាជ្ញាធរកំពុងប្រើពាក្យការពារនីតិរដ្ឋ ដើម្បីរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមិត និងសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
ប៉ុន្តែការលើកឡើងរបស់អន្តរជាតិពីបញ្ហាសិទ្ធិមនុស្សនេះ ត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ច្រានចោល ហើយឆ្លើយតបវិញថា «អ្នករាយការណ៍ពិសេស មិនមែនជាចៅក្រមដើម្បីវិនិច្ឆ័យថា នរណាម្នាក់ខុស នរណាត្រូវ នរណាត្រូវទទួលខុសការចោទប្រកាន់ ឬត្រូវសម្រេចឲ្យរួចផុតពីបទចោទប្រកាន់នោះទេ»៕
Tag:
កែវ រ៉េមី
ជប៉ុន
សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com