ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រុមហ៊ុនធ្វើផ្លូវ៖ លោក ស៊ុន ចាន់ថុល ថា«មន្ទីរមួយចំនួន គេធ្វើខុសហើយ ខ្លាចមិនហ៊ានប្រាប់ទេ» រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
× ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ហាក់ខឹងសម្បារទាំងក្រុមហ៊ុនទទួលខុសត្រូវពាក់ព័ន្ធការសាងសង់ផ្លូវ និងមន្ត្រីមន្ទីរសាធារណការក្រោមឱវាទ បន្ទាប់ពីការសាងសង់ផ្លូវថ្នល់មួយចំនួន ត្រូវបានរកឃើញថាខុសបច្ចេកទេស។
ប្រសាសន៍លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលថ្លែងប្រាប់អ្នកកាសែត នៅក្រោយកិច្ចប្រជុំស្ដីពីការជំរុញគុណភាពនៃការសាងសង់ផ្លូវថ្នល់នៅកម្ពុជា នៅព្រឹកថ្ងៃទី៧ខែសីហានេះ៖
លោក ស៊ុន ចាន់ថុល បានលើកឡើងដូច្នេះថា៖«ក្រុមហ៊ុនបច្ចេកទេស ដែលជាភ្នែកច្រមុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែជាអ្នកឯករាជ្យអព្យាក្រឹត គាត់ត្រូវតែធ្វើឲ្យអ្នកម៉ៅការសាងសង់ខ្លាចគាត់ តែបែរជាគាត់ខ្លាចអ្នកសាងសង់ទៅវិញ ដោយសារគាត់ល្អូកល្អិនពេកជាមួយអ្នកសាងសង់ អ្នកម៉ៅ គេយកទៅទទួលទានបាយ យកទៅដើរលេង ក៏ភ្លេចតួនាទីខ្លួនឯងជាអ្នកត្រួតពិនិត្យគេ»។
ក្នុងពេលថ្មីៗនេះ ក្រសួងបានដកសមាសភាពអ្នកត្រួតពិនិត្យបច្ចេកទេសរបស់ក្រុមហ៊ុនបរទេសចំនួន៦នាក់ ដែលបំពេញការងារមិនបានល្អសម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៧។
មិនតែប៉ុណ្ណោះក្នុងការថ្លែងខាងលើនេះ លោក ស៊ុន ចាន់ថុល ព្រមានចាត់ការមន្ត្រីក្រោមឱវាទ ដែលធ្វើខុសជុំវិញគម្រោងសាងសង់ផ្លូវណាមួយ។ លោកបន្ថែមដូច្នេះទៀតថា៖«មន្ទីររបស់យើងខ្ញុំមួយចំនួន គេ(ក្រុមហ៊ុន) ខុសហើយ ក៏មិនហ៊ានប្រាប់ ខ្លាចប្រធានគម្រោងរករឿង អត់ត្រូវខ្លាចទេ»។
លោក ស៊ុន ចាន់ថុល ឲ្យដឹងថា ក្រសួងនឹងបង្កើតក្រុមការងារត្រួតពិនិត្យពិសេស ដែលនឹងវាយឆ្មក់ត្រួតពិនិត្យផ្លូវដែលកំពុងត្រូវបានសាងសង់ ដោយមិនឲ្យដឹងជាមុន។ ក្រុមការងារនេះ ជាអ្នកត្រួតពិនិត្យពីលើក្រុមហ៊ុន និងមន្ត្រីត្រួតពិនិត្យបច្ចេកទេសសាងសង់ផ្លូវដែលមានស្រាប់៕
Tag:
ស៊ុន ចាន់ថុល
ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com