ONE Championship
កីឡាជាតិ
ជាតិ
គ្រូបង្វឹក Lorenzo ប្រាប់ចំណុចខ្លាំងរបស់ ចាន់ រតនា និង Gustavo Balart មុនប៉ះគ្នានៅសង្វៀន ONE
×
អត្ថបទ៖ ស៊ីធី
អ្នកលេងគុនចម្រុះដ៏ល្បីរបស់កម្ពុជា ចាន់ រតនា ត្រូវតទល់ជាមួយជើងខ្លាំង Gustavo Balart របស់គុយបានៅសង្វៀន ONE: DREAM OF GOLD ដែលរៀបចំឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៩ ក្នុងក្រុងបាងកក ប្រទេសថៃ។ លោក Lorenzo Lanzafame គ្រូបង្វឹករបស់រតនា បានរៀបរាប់ពីចំណុចខ្លាំងរបស់ Balart និងកូនសិស្សខ្លួនមុនជំនួបដ៏អស្ចារ្យនេះ។
គ្រូបង្វឹកមកពី LLFitness បានកត់សម្គាល់បែបនេះ៖« Balart ជាកីឡាករដ៏អស្ចារ្យម្នាក់។ ខ្ញុំបានទស្សនាការប្រកួតរបស់គេតាមរយៈវីដេអូជាច្រើន ហើយខ្ញុំចូលចិត្តការប្រកួតរបស់គេ។ គេជាកីឡាករមានឆន្ទៈ មានថាមពល និង បម្លាស់ទីច្រើនលើសង្វៀន។ Balart ជាគូប្រជែងដ៏លំបាកបំផុតមួយ ដែលមិនងាយនឹងបោះបង់។ គេស៊ូណាស់។ ដូច្នេះខ្ញុំជឿជាក់ថា វាជាការប្រកួតដ៏ចាប់អារម្មណ៍រវាងអ្នកប្រយុទ្ធទាំងពីរ»។
Balart ពិតជាអស្ចារ្យ ដោយឈ្នះ ៨ លើកក្នុងការបង្ហាញខ្លួន ១០ លើកលើសង្វៀនគុនចម្រុះកន្លងមក។ យ៉ាងណាក្ដី បុរសវ័យ ៣២ ឆ្នាំសញ្ជាតិគុយបា រូបនេះ ចាញ់កីឡាករសញ្ជាតិជប៉ុន Tatsumitsu Wada កាលខែ មេសា កន្លងទៅ។ រឿងគួរកត់សម្គាល់ ចន្លោះ ២០១៥ ដល់ ២០១៧ ម្ចាស់មេដាយមាស Pan American Games ឆ្នាំ ២០១១ មិនដែលស្គាល់ពាក្យថាចាញ់ទេក្នុងការប្រកួត ៦ លើក (ឈ្នះទាំងអស់)។
ផ្ទុយទៅវិញម្ចាស់ក្លិប «សិល្បៈ» ចាន់ រតនា ដែលឡើងប្រកួតតំណាងឲ្យកម្ពុជាក៏មិនណយដែរ ព្រោះកំពុងផ្ដោតអារម្មណ៍លើការហ្វឹកហាត់បង្កើនសមត្ថភាពដូចជាក្បាច់ឃ្លេគុនចម្រុះ ក្បាច់ជីជិតស៊ូ និង ហាត់ដិតដល់ផ្នែកកម្លាំងជាដើម។ ម្យ៉ាងវិញទៀត រតនា កំពុងតែមានការតាំងចិត្តមោះមុតដោយសារ មានការលើកទឹកចិត្តពីគ្រួសារ និង ការលើកទឹកចិត្តដ៏អស្ចារ្យពីអ្នកគាំទ្រនៅក្នុងស្រុក ហើយគេ ខិតខំស្វែងរកជ័យជម្នះមកវិញដើម្បីជាកាដូសម្រាប់អ្នករាល់គ្នា។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីគូសបញ្ជាក់ទៀតថា ៖« រតនា ខំប្រឹងខ្លាំងណាស់។ រតនា ហាត់ក្បាច់ជីជិតស៊ូនៅក្លិប H/art Academy ជាមួយគ្រូបង្វឹក ខូវ វិវឌ្ឍនា ដើម្បីត្រៀមរួចជាស្រេចក្នុងការប្រកួតដ៏ធំនេះ ហើយការពារកុំឲ្យគ្រោះថ្នាក់ពេលគូប្រកួតចាប់ផ្ដួលលើក្ដាររេញ។ គេក៏ហាត់ក្បាច់បញ្ចប់គូប្រកួតឲ្យបានល្អផងដែរ។ គ្រូបង្វឹក Sov និង Charles បានធ្វើឲ្យ រតនា កើនកម្លាំងខ្លាំង មានភាពអំណត់ និង ថាមពលខ្លាំងដើម្បីបំបាក់គូប្រជែង»។ ដើម្បីសម្រេចបានលទ្ធផលល្អត្រលប់មកកម្ពុជាវិញ គ្រូបង្វឹក Jeppe ក៏បំប៉នការបង្ហាត់កម្លាំងផ្នែកកម្លាំងជាប្រចាំក្នុងគោលដៅបញ្ចៀស រតនា មិនឲ្យទទួលរងរបួសងាយៗពីការប៉ុនប៉ងរបស់ Balart។
គ្រូបង្វឹកដដែលសង្កត់ធ្ងន់លើលទ្ធផលថា ៖«ខ្ញុំជឿជាក់ថា ចាន់ រតនា អាស៊ីវាយ Balart ត្រឹមទឹកទី២»។ ចាន់ រតនា ជាក្ដីរំពឹងរបស់កម្ពុជា ក្នុងគោលបំណងប្រជែងយកជើងឯកលំដាប់ពិភពលោកពីក្បាច់គុនចម្រុះនៅសង្វៀន ONE នៅថ្ងៃអនាគត។
ជើងខ្លាំងគុនចម្រុះកម្ពុជាកូនប្រុសលោក ចាន់ ប៊ុនធឿន ឈ្នះ ២ លើកជាប់គ្នានៅសង្វៀន ONE នាពេលកន្លងមកលើកីឡាករគុនចម្រុះសញ្ជាតិឥណ្ឌូណេស៊ី។ រតនា វ៉ៃ Abrou Fernandes ឲ្យចុះចាញ់ និង បំបាក់កីឡាករ Rudy Agustian ដែលធ្លាប់ឈ្នះ ខុន ស៊ីចាន់ ឲ្យចុះញ៉ម កាលដើមខែ ឧសភា ឆ្នាំ ២០១៩ នេះ។ តើ ចាន់ រតនា អាចឈ្នះ ៣ លើកជាប់គ្នានៅសង្វៀនអន្តរជាតិ ONE ទេ?
© រក្សាសិទ្ធិដោយ thmeythmey.com