ជាតិ
សេដ្ឋកិច្ច
GMAC ស្វាគមន៍​ការ​កាត់​ចំនួន​ថ្ងៃ​ឈប់សម្រាក ដែល​នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​
07, Aug 2019 , 5:36 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បានប្រកាស​ស្វាគមន៍​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​របស់​មន្ត្រីរាជកា​រ កម្មករនិយោជិត ដែល​នៅ​មក​ត្រឹម​២២​ថ្ងៃ សម្រាប់​ឆ្នាំ​២០២០ ។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​របស់  GMAC នៅ​ថ្ងៃទី​៧​ខែសីហា​។​


 
GMAC លើកឡើងថា មិន​ត្រឹមតែ​សមាគម​ខ្លួន​នោះទេ តែ​វិស័យ​ឯកជន​ទូទៅ​នឹង​គាំទ្រ​ការកាត់បន្ថយ​ចំនួន​ថ្ងៃ​ឈប់សម្រាក​នេះ ព្រោះនេះ​ជា​អ្វីដែល​វិស័យ​ឯកជន​ចង់បាន មិន​ត្រឹមតែ​វិស័យ​កាត់ដេរ​នោះទេ​។​
 
​សមាគម​នេះ​អះអាងថា ការបន្ថយ​ចំនួន​ថ្ងៃ​ឈប់សម្រាក នឹង​ជួយ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​លើ​ការផលិត​នាំចេញ​ទៅ​អន្តរជាតិ​។ GMAC ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​មួយចំនួន ដែល​កន្លងមក​មាន​ចំនួន​ច្រើន​លើសលុប បើ​ធៀប​នឹង​ប្រទេស​នានា​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ប្រទេស​ដែលជា​ដៃគូ​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា គឺជា​ការសម្រេច​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​រដ្ឋាភិបាល​»​។ 
 
GMAC បន្ត​ដូច្នេះ​ថា​ទៀតថា​៖«​ផ្ទុយទៅវិញ ការរក្សា​ទុក​ចំនួន​ថ្ងៃ​ឈប់សម្រាក​ច្រើន​លើសលុប និង​មិន​សម​ហេតុផល​ទៅវិញ​ទេ ដែលជា​ហានិភ័យ​ដល់​សេដ្ឋកិច្ច និ​បង្ក​ឲ្យ​ប៉ះពាល់​អវិជ្ជមាន​ដល់​ភាព​ប្រកួតប្រជែង​របស់​យើង ហើយនឹង​អាច​នាំ​ឲ្យ​ធ្លាក់ចុះ​កំណើនសេដ្ឋកិច្ច និង​ការបាត់បង់​ការងារ​»​។​
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុននេះ រដ្ឋាភិបាល​បាន​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​មួយចំនួន ដូចជា​ការ​លុប​កាំកុងត្រូល​នៅ​មាត់ច្រក លុប​ភ្នាក់ងារ​កាំសាប បន្ទាប​តម្លៃ​នៅ​កំពុងផែ ជាដើម​។ ហើយ​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​នេះ ក៏​ស្ថិតក្នុង​វិធានការ​របស់​រដ្ឋាភិបាល ក្នុងការ​សម្រួល​ការធ្វើ​ធុរកិច្ច ទាក់ទាញ​វិនិយោគ និង​ពង្រឹង​ភាព​ប្រកួតប្រជែង​នេះដែរ​៕ 

Tag:
 GMAC
  កាត់ដេរ​
  ថ្ងៃ​ឈប់សម្រាក​
© រក្សាសិទ្ធិដោយ thmeythmey.com