អន្តរជាតិ
លោក អាបេ៖ សាលក្រមតុលាការកូរ៉េខាងត្បូង ជាដើមហេតុដែលធ្វើឲ្យទំនាក់ទំនងទ្វេភាគីធ្លាក់ចុះ នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ។ រូបភាព AFP
× នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នៅថ្ងៃទី៦ ខែសីហា បានទាមទារឲ្យកូរ៉េខាងត្បូងគោរពសន្ធិសញ្ញាឆ្នាំ១៩៦៥ ដែលបានសម្រួលទំនាក់ទំនងរវាងប្រទេសឡើងវិញ។ សន្ធិសញ្ញាឆ្នាំ១៩៦៥ នេះហើយដែលជប៉ុនប្រើជាមូលដ្ឋានក្នុងការបកស្រាយសំណុំរឿងតុលាការកូរ៉េខាងត្បូងបញ្ជាឲ្យក្រុមហ៊ុនជប៉ុនសងថ្លៃជំងឺចិត្តដល់កម្មករកូរ៉េខាងត្បូងដែលត្រូវបង្ខំឲ្យធ្វើការសម័យសង្គ្រាម។ សម្រាប់លោក អាបេ សាលក្រមតុលាការកូរ៉េខាងត្បូង ជាដើមហេតុដែលធ្វើឲ្យទំនាក់ទំនងធ្លាក់ចុះដូចសព្វថ្ងៃ។
ការទុកចិត្តគ្នារវាងជប៉ុន និងកូរ៉េខាងត្បូង កំពុងជួបបញ្ហាប្រឈម ខណៈទំនាក់ទំនងទ្វេភាគីកំពុងតានតឹង។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ជុំវិញភាពល្អក់កកររវាងជប៉ុន និងកូរ៉េខាងត្បូងនៅពេលបច្ចុប្បន្ននេះ។ ចំណែកឯរឿងនាំឲ្យមានការទុកចិត្តគ្នាធ្លាក់ចុះនេះ ក៏ដោយសារសាលក្រមរបស់តុលាការកូរ៉េខាងត្បូងកាលពីឆ្នាំមុនដែលបង្គាប់ឲ្យក្រុមហ៊ុនរបស់ជប៉ុនបង់សំណងឲ្យកម្មករកូរ៉េខាងត្បូងវិញ។
នាសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែសីហានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា លោក អាបេ បានចោទក្រុងសេអ៊ូលថា បានបំពានកិច្ចព្រមព្រៀងឆ្នាំ១៩៦៥ ដោយឯកតោភាគីតាមរយៈសាលក្រមរបស់ខ្លួន។ លោក អាបេ បញ្ជាក់ជាថ្មីថា សំណុំរឿងសម័យដែលជប៉ុនដាក់អាណានិគមលើកូរ៉េឆ្នាំ១៩១០-១៩៥៤នេះ ត្រូវបានដោះស្រាយចប់សព្វគ្រប់ក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៦៥ នេះអស់ហើយ។
«នៅពេលយើងគិតពីទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងបច្ចុប្បន្ននេះ បញ្ហាធំជាងគេ គឺការទុកចិត្តគ្នាទៅមក ឬក៏ការរក្សាពាក្យសន្យា (កិច្ចព្រមព្រៀងឆ្នាំ១៩៦៥) ឲ្យបាន។» នេះជាការលើកឡើងទាំងមិនសូវសប្បាយចិត្តដោយលោក អាបេ មុនបន្តចោទរដ្ឋាភិបាលកូរ៉េខាងត្បូងថា បានបំពានសន្ធិសញ្ញាដែលជាមូលដ្ឋានក្នុងការបង្កើតចំណងការទូតជាថ្មី។ បើតាមសារព័ត៌មានជប៉ុន Japan Times ប្រមុខរដ្ឋាភិបាលជប៉ុន ក៏ទទូចឲ្យសេអ៊ូលគោរពកិច្ចព្រមព្រៀងនេះឲ្យបានត្រឹមត្រូវ។
ឯរឿងថាបញ្ហាចាស់នេះត្រូវបានដោះស្រាយដាច់ស្រេចហើយនោះ ក្រុងតូក្យូបកស្រាយថា ក្រោមកិច្ចព្រមព្រៀងខាងលើ ជប៉ុនបានបានផ្ដល់សំណងក្រោមរូបភាពជាជំនួយចំនួន៣០០លានដុល្លារ និងកំចីចំនួន២០០លានដុល្លារក្នុងកិច្ចព្រមព្រៀងផ្ដល់សំណងហិរញ្ញវត្ថុមួយទៀត។ ទោះជាយ៉ាងណា នៅកូរ៉េខាងត្បូងឯណោះ បញ្ហានេះនៅតែស្ថិតក្នុងភាពមិនដាច់ស្រេចដដែល រហូតមានសាលក្រមជាបន្តបន្ទាប់ដោយតុលាការតែម្ដង។
ដោយសាររឿងនេះ ក៏បែកចេញទៅជាជម្លោះពាណិជ្ជកម្ម ក្រោយក្រុងតូក្យូរឹតត្បិតការនាំចេញរូបធាតុគីមីសំខាន់ៗបីមុខទៅកាន់កូរ៉េខាងត្បូង ហើយដកកូរ៉េខាងត្បូងចេញពីបញ្ជាដៃគូពាណិជ្ជកម្មគួរឲ្យទុកចិត្តបានទៅទៀត។ ខណៈជម្លោះចេះតែអូសបន្លាយ ភាគីទាំងពីរក៏រកដំណោះស្រាយមិនខាន ខណៈដែលសេអ៊ូលបានបដិសេធសំណើរបស់តូក្យូដើម្បីដោះស្រាយបញ្ហាមិនថាតាមរយៈយន្តការពហុភាគី ឬការដោះស្រាយដោយមានភាគីទីបីឡើយ៕
Tag:
ជប៉ុន
កូរ៉េខាងត្បូង
ស៊ិនហ្សូ អាបេ
© រក្សាសិទ្ធិដោយ thmeythmey.com