សមាគមគ្រូបង្រៀន រក្សាជំហរប្រមូលផ្តុំស្នើឲ្យទម្លាក់បទចោទពីលោក កឹម សុខា និង លោក សម រង្ស៊ី
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាគមគ្រូបង្រៀន រក្សាជំហរប្រមូលផ្តុំស្នើឲ្យទម្លាក់បទចោទពីលោក កឹម សុខា និង លោក សម រង្ស៊ី
08, Aug 2019 , 11:30 am        
រូបភាព
លោក សម រង្ស៊ី និង លោក រ៉ុង ឈុន ថតជាមួយគ្នានៅសហរដ្ឋអាមេរិក កាលដើមឆ្នាំ២០១៩
លោក សម រង្ស៊ី និង លោក រ៉ុង ឈុន ថតជាមួយគ្នានៅសហរដ្ឋអាមេរិក កាលដើមឆ្នាំ២០១៩
ដោយ: ថ្មីៗ
ទោះត្រូវហាមឃាត់ តែសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតែរក្សាជំហរដដែល ថានឹងប្រមូលផ្តុំគ្នានៅថ្ងៃណាមួយ នៅមុខតុលាការភ្នំពេញ ដើម្បីទាមទារឲ្យទម្លាក់បទចោទចេញពីលោក កឹម សុខា និង លោក សម រង្ស៊ី មេដឹកនាំកំពូលនៃអតីតគណបក្សប្រឆាំង។ លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រកាសពីគោលជំហរនេះ នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។



ដំបូង សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានជូនដំណឹងទៅរដ្ឋបាលរាជធានីភ្នំពេញ អំពីគម្រោងនៃការប្រមូលផ្តុំគ្នានៅមុខតុលាការ នៅថ្ងៃទី១៥ ខែសីហា ប៉ុន្តែ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងត្រឡប់មកវិញ ដោយបញ្ជាក់ថា «ពុំអនុញ្ញាតឡើយ»។ លោក រ៉ុង ឈុន លើកឡើងក្នុងសន្និសីទកាសែតថា ដោយសារតែរដ្ឋបាលរាជធានីភ្នំពេញ ពុំអនុញ្ញាត ដូច្នេះ គម្រោងប្រមូលផ្តុំគ្នានៅថ្ងៃទី១៥ ខែសីហា នឹងត្រូវពន្យារពេលទៅមុខទៀត។

លោក មិនទាន់អាចបញ្ជាក់បានទេ ថា ការប្រមូលផ្តុំនេះ នឹងត្រូវចាប់ផ្តើមនៅពេលណា។ លោក គ្រាន់តែបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងជូនសេចក្តីដំណឹងជាថ្មី នៅពេលណាសមាគម សម្រេចចិត្តជាផ្លូវការ។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យល់ថា ការទម្លាក់បទចោទចេញពីលោក កឹម សុខា និង លោក សម រង្ស៊ី គឺចំណុចដ៏សំខាន់ ក្នុងការរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិក៕

Tag:
 សម រង្ស៊ី
  កឹម សុខា
  រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com