ជាតិ
​បច្ចេកវិទ្យា
អ្នក​រិះគន់​ព្រមាន​ពី​ការបាត់​សេរីភាព​បញ្ចេញមតិ​ពេល​កម្ពុជា​ប្រើ​5G របស់​ក្រុមហ៊ុន​ចិន Huawei
08, Aug 2019 , 7:59 pm        
រូបភាព
ការដាក់​បង្ហាញ​ការសាកល្បង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី៥ (5G) នៅ​ឯទីតាំង​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
ការដាក់​បង្ហាញ​ការសាកល្បង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី៥ (5G) នៅ​ឯទីតាំង​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ កាលពីពេល​ថ្មីៗ​នេះ​ប្រទេស​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ទីមួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ជំនា​ន់ទី​៥​ឬ​ហៅថា 5G ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​Huawei ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ចិន​។

 
​ដំណើរការ​ប្រព័ន្ធ​អ៊ីនធឺណិត​5G របស់​ក្រុមហ៊ុន Huawei ស៊ីសង្វាក់​គ្នា​នឹង​ទំនាក់ទំនង​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ជាមួយនឹង​ក្រុង​ប៉េកាំង​កាន់តែ​រឹងមាំ​ឡើង​ទាំង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​ដោយ​ក្រុង​ប៉េកាំង​បាន​បង្កើន​ការវិនិយោគទុន​របស់​ចិន​នៅ​គ្រប់​វិស័យ​។​
 
​ល្បឿន​អ៊ីនធឺណិត​ជំនា​ន់ទី​៥​លឿន​ជាង​ជំនា​ន់ទី​៤ (4G) ដល់​ទៅ​១០០​ដង​។ នេះ​គឺជា​អនាគត​នៃ​ពិភពលោក​មួយ​ដែលមាន​ទីក្រុង​ឆ្លាត​វៃ​ពោ​ពេញ​ទៅដោយ​ការិយាល័យ​និង​ផ្ទះ​ឆ្លាត​វៃ​ដែល​បំពាក់​ដោយ​ឧបករណ៍ប្រើប្រាស់​ភ្ជាប់​អ៊ីនធឺណិត​។​
 
​បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា​និង​ក្រុមហ៊ុន​Huawei ក្នុងអំឡុង​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៉េកាំង​កាលពី​ខែមេសា លោក​ហ៊ុន សែន​បាន​ស្វា​គម​បណ្តាញ​5G នេះ​ថា​ជា​ជំហាន​ដ៏​ធំ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា​របស់​កម្ពុជា​។​
 
​ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស​និង​សិទ្ធិសេរីភាព​សារព័ត៌​មានបាន​ព្រមាន​ថា​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​Huawei អាច​ពង្រីក​ការតាមដាន​ឃ្លាំមើល​របស់​គណបក្សកាន់អំណាច​លើ​ពលរដ្ឋ​ដែល​មិន​ពេញចិត្ត​រដ្ឋាភិបាល​និង​នាំឱ្យ​មានការ​រឹតបន្តឹង​ការសរសេរ​ឬ​សេចក្តីរាយការណ៍​តាម​បណ្តាញ​អ៊ីនធឺណិត​។​
 
​លោក​ហ្វីល រ៉ូ​ប៊ឺ​ត​សុន អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បាន​និយាយ​ពី​បណ្តាញ​5G របស់​ក្រុមហ៊ុន​Huawei របស់​ចិន​ថា​៖
 
«​ខ្ញុំ​គិតថា​វា​នឹង​នៅតែ​ដដែល​ទេ​។ ខ្ញុំ​គិតថា​បណ្តាញទូរស័ព្ទ​ចល័ត​និង​អ៊ីនធឺណិត​កម្ពុជា​មិនមាន​សុវត្ថិភាព​ជៀសផុត​ពីរ​ដ្ឋា​ភិ​បាល​កម្ពុជា​ទេ​ហើយ​ពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​នេះ​ដើម្បី​រិះគន់​រដ្ឋាភិបាល​ត្រូវគេ​តាមឃ្លាំមើល តាម​យកការណ៍ និង​សង​សឹ​ក‍​»​។​
 
​ក្រុមហ៊ុន​Huawei រង​ការចោទប្រកាន់ថា​ជួយ​រដ្ឋាភិបាល​ចិន​តាមឃ្លាំមើល​សកម្មភាព​តាម​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​ចិន​។​
 
​ការដាក់​ឱ្យប្រើ​បណ្តាញ​អ៊ីនធឺណិត​5G​របស់​ក្រុមហ៊ុន​Huawei នៅ​ប្រទេស​កម្ពុជា​កើតឡើង​ក្នុង​គ្រា​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​តានតឹង​រវាង​ចិន​និង​សហរដ្ឋអាមេរិក​និង​ការប្រកួតប្រជែង​ថា​ក្រុមហ៊ុន​មួយណា​នឹង​សាងសង់​បណ្តាញ​5G នៅ​កន្លែង​យុទ្ធសាស្ត្រ​ណាខ្លះ​នៅលើ​ពិភពលោក​។​
 
​ក្រុមហ៊ុន​Huawei កំពុង​នាំមុខគេ​ក្នុងការ​សាងសង់​បណ្តាញ​ថ្មី​នេះ គឺ​នាំមុខ​ក្រុមហ៊ុន​ណូគៀ របស់​ហ្វាំ​ង​ឡង់​និង​អេ​រិ​ក​សុន​របស់​ស៊ុយអែត​ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​ព្រមាន​ដល់​សម្ព័ន្ធមិត្ត​ខ្លួន​ថា​ក្រុមហ៊ុន​ចិន​នេះ​លួច​ស៊ើបការណ៍​ឱ្យ​រដ្ឋាភិបាល​ចិន​។ ប៉ុន្តែ​ក្រុមហ៊ុន​Huawei បដិសេធ​។​
 
​ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​ជាមួយនឹង​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ​ចាប់តាំងពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ងាក​ទៅរក​ប្រទេស​ចិន​កាន់តែខ្លាំង​ឡើង​ហើយ​បានប្រកាសថា​ខ្លួន​ជា​អ្នកឈ្នះ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​ដែល​ក្រុម​អ្នកសង្កេតការណ៍​មើលឃើញថា​មិនមាន​លក្ខណៈ​សេរី​និង​ត្រឹមត្រូវ​ទេ​។​
 
​លោក​ម៉ូ​វ ចរិយា ប្រធាន​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​នៃ​ក្រសួង​ប្រៃសណីយ៍​ធ្លាប់បាន​ប្រាប់​វី​អូ​អេ​ថា​លោក​មិន​ព្រួយបារម្ភ​នឹង​ឥទ្ធិពល​ប្រទេស​ចិន​លើ​បណ្តាញ​ទូរគមនាគមន៍​ទេ​។​
 
​ប៉ុន្តែ​លោក​ចរិយា​បាន​បន្ថែមថា​បណ្តាញ​5G មកដល់​ឆាប់​ពេក​ក្នុងខណៈ​ពេលដែល​បណ្តាញ​4G​គ្របដណ្តប់​បានតែ​៥០​ភាគរយ​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ហើយ​កម្ពុជា​នៅ​ដើរ​មិនទាន់​ខាង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​និង​មាន​ឧបករណ៍​ភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​នោះ​នៅឡើយ​ទេ​។​
 
​កាលពី​ខែ​មុន​ក្រុមហ៊ុនទូរស័ព្ទ Smart Axiata ដែល​បម្រើសេវា​ដល់​អតិ​ថិ​ជន​ពាក់កណ្តាល​ប្រទេស​កម្ពុជា​បាន​សាកល្បង​បច្ចេកវិទ្យា​5G ហើយ​បាន​និយាយថា​ក្រុមហ៊ុន​នឹង​ត​បណ្តាញទូរស័ព្ទ​របស់​Huawei នៅ ឆ្នាំនេះ​។​
 
​លោកស្រី​សា​រ៉ា រី​ពូ​ស៊ី (Sarah Repucci) នាយក​ជាន់ខ្ពស់​ខាង​ផ្នែក​ស្រាវជ្រាវ​និង​វិភាគ​នៃ​អង្គការ Freedom House បាន​ប្រាប់​ដល់​វេទិការ​បណ្តាញសារព័ត៌មាន​និង​ប្រជាធិបតេយ្យ​នៅ រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ខែឧសភា​ថា​ទំនាក់ទំនង​របស់​ក្រុមហ៊ុន Huawei ជាមួយនឹង​រដ្ឋាភិបាល​ចិន​ធ្វើឱ្យ​ការរីក​សាយ​បច្ចេកវិទ្យា​5G នៅ ទូទាំង​ពិភពលោក​គួរ​ជាទី​ព្រួយបារម្ភ​ទាំង​ចំពោះ​រដ្ឋាភិបាល​និង​ពលរដ្ឋ​នៅ​ប្រទេស​ដទៃទៀត​។​


ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​កម្មវិធី​ព័ត៌មាន​ត្នោត​នៅ​ហាង​លក់​សម្ភារៈ​បច្ចេកវិទ្យា​មួយ​ក្នុង​ទីក្រុង ភ្នំពេញ ខែ មីនា ឆ្នាំ ២០១៩។ (ស៊ុន ណារិន/VOA)
 
​លោកស្រី​បន្ថែមថា​៖
 
«​អ្វីដែល​ជាការ​ព្រួយបារម្ភ​មួយ​គឺ​ប្រទេស​ចិន​កំពុងតែ​ព្យាយាម​កំណត់​ស្តង់ដា​បច្ចេកទេស​ពី​របៀប​សរសេរ​លេខ​កូដ​និង​ការផ្សាយ​តាមរយៈ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​។ ហើយ​មាន​គ្រោះ​ថ្នាក់ខ្ពស់​ខ្លាំងណាស់​ថា​ប្រទេស​ចិន​នឹងមាន​លទ្ធភាព​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ដើម្បី​តាមដាន​មើល​និង​ផ្តល់​បច្ចេកវិទ្យា​នេះ​ទៅ​សម្ព័ន្ធមិត្ត​ប្រចាំ​ប្រទេស​ទាំងនោះ​ប្រើប្រាស់​តាមដាន​ពលរដ្ឋ​របស់​ខ្លួន​នៅពេល​ខាង​មុ​ខ‍​»​។​
 
​លោក ដា​នី​ញ៉ែ​ល បា​ស្តា​ដ Daniel Bastard នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​មិនទាន់​អាច​បញ្ជាក់​បានទេ​ថា​តើ​បច្ចេកវិទ្យា​5G របស់​ក្រុមហ៊ុន​Huawei នឹង​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការនិយាយស្តី​នៅ​ប្រទេស​កម្ពុជា​ឬទេ​ប៉ុន្តែ​លោក​បានបញ្ជាក់​បន្ថែមថា​វា​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ចិន​ក្នុងការ​ផ្សព្វផ្សាយ​គំរូ​នៃ​ការគ្រប់គ្រង​ព័ត៌មាន​ដល់​ប្រទេស​ដទៃទៀត​។​
 
​លោក​បា​ស្តា​ដ​បាន​បន្ថែមថា​៖
 
«​យើង​អាច​ឃើញ​គំរូ​របៀបនេះ​និង​គំរូ​របស់​ចិន​កាន់តែ​រីកធំឡើង​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អាក្រក់​ខ្លាំងណាស់​សម្រាប់​សេរីភាព​ក្នុងការ​និយាយស្តី​និង​សេរីភាព​ក្នុងការ​ទទួលបាន​ព័​ត៌​មា​ន‍​»​។​
 
​កាលពី​ខែមិថុនា​អង្គការ​Freedom House បានចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​ព្រមាន​ពី​ការធ្លាក់ចុះ​នៃ​សេរីភាព​សារព័ត៌​មាននៅ​ជុំវិញ​ពិភពលោក​ដោយសារ​មានការ​វាយប្រហា​រលើប​ណ្តា​ញ​សារព័ត៌មាន​កាន់​តែ​ច្រើនជាង​មុន​នៅក្នុង​ប្រទេស​ជាច្រើន គឺ​ទាំង​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​និង​របប​ផ្តាច់ការ​។​
 
​របាយការណ៍​នោះបាន​គូស​បង្ហាញ​ពី​ការគំរាមកំហែង​ដោយសារតែ​ឥទ្ធិពល​ចិន​កាន់តែ​រីកធំឡើង​លើ​បណ្តាញសារព័ត៌មាន​តាម​រយៈ​ទុនវិនិយោគ​របស់​ចិន​លើ​វិស័យ​ទូរគមនាគមន៍​និង​បណ្តាញសារព័ត៌មាន​នៅ​ប្រទេស​ទាំងនោះ​។​
 
​របាយការណ៍​នោះ​បន្ថែមថា​៖
 
«​គណបក្ស​កុ​ម្មុនិ​ស្ត​ចិន​បាន​បង្កើត​យន្តការ​ស្មុគស្មាញ​ដ៏​រស់​រវើក​និង​មាន​ច្រើន​លំដាប់ថ្នាក់​ដើម្បី​គ្រប់គ្រង​បណ្តាញ​ព័ត៌មាន​នៅក្នុង​ប្រទេស​។ អាជ្ញាធរ​ចិន​ប្រើ​ឥទ្ធិពល​លើ​ខ្លឹម​សារព័ត៌​មាននៅ​ជុំវិញ​ពិភពលោក​តាមរយៈ​យុទ្ធសាស្ត្រ​សំខាន់ៗ​បី​ដែលមាន​ការលើកកម្ពស់​ការសរសើរ​គណបក្ស​កុ​ម្មុយ​និ​ស្ត​ចិន គាបសង្កត់​យោបល់​រិះគន់ និង​គ្រប់គ្រង​ប្រព័ន្ធ​ចែកចាយ​ព័ត៌មាន​»​។​
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្នុងខណៈ​ពេលដែល​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ធ្លាក់ចុះ​ក្រោយពី​រដ្ឋាភិបាល​បាន​បង្ក្រាប វិស័យ​ព័ត៌មាន​នេះ​ទទួលបាន​ការវិនិយោគ​យ៉ាងគំហុក​ពី​ចិន​។​
 
​ពួកគេ​បាន​បង្កើត​បណ្តាញ​ព័ត៌មាន​ថ្មី​ផ្សាយ​ជា​ភាសា​ខ្មែរ ដែលមាន​ដូចជា​ទូរទស្សន៍ NICE TV និង​ត្នោត​ញ៉ូ​ស ដែល​មិន​ហ៊ាន​រាយការណ៍​ព័ត៌មាន​នយោបាយ​ដែល​រិះគន់​ទេ​ហើយក៏​មានការ​វិនិយោគ​លើ​បណ្តាញ​ព័ត៌មាន​ដែលមាន​ស្រាប់​ហើយ​មាន​ទំនាក់ទំនង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com