អន្តរជាតិ
អាស៊ាន បើកសម្ពោធអគារលេខាធិការដ្ឋានថ្មី ចំថ្ងៃកំណើត៥២ឆ្នាំ ទិដ្ឋភាពក្នុងពិធីសម្ពោធអាគារលេខាធិការដ្ឋានអាស៊ានថ្មី នៅហ្សាការតា (FB អាស៊ាន)
× សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានបើកសម្ពោធអគារលេខាធិការដ្ឋានរបស់ខ្លួន ក្នុងរដ្ឋធានី ហ្សាការតា របស់ឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០១៩ ដែលជាថ្ងៃកំណើតលើកទី៥២របស់ខ្លួន។
អគារថ្មីដែលមានកម្ពស់១៦ជាន់នេះ មានទីតាំងក្នុងតំបន់ Jalan Trunojoyo នៅភាគខាងត្បូងទីក្រុងហ្សាការតា ក្បែរអាគារលេខាធិដ្ឋានអាស៊ានបច្ចុប្បន្ន។ តាមការអះអាងរបស់មន្ត្រីនៃក្រសួងការបរទេសឥណ្ឌូណេស៊ី អគារនេះ នឹងផ្តល់ទីតាំងធ្វើការកាន់តែប្រសើរ និងលើកស្ទួយកិច្ចសហប្រតិបត្តិការក្នុងចំណោមសហគមន៍អាស៊ាន។
លោកប្រធានាធិបតី ចូកូ វីដូដូ អគ្គលេខាធិការអាស៊ាន ប្រមុខការទូតរដ្ឋសមាជិកអាស៊ាន និងតំណាងទាំង១០ប្រទេស បានចូលរួមពិធីបើកសម្ពោធអគារថ្មីនេះ។
ជាមួយនឹងការដាក់ដំណើរការអគារថ្មីនេះ ក៏ដូចជាមានទីតាំងនៃលេខាធិកាដ្ឋានអាស៊ានក្នុងរដ្ឋធានីហ្សាការតា ក្រសួងការបរទេសឥណ្ឌូណេស៊ីលើកឡើងថា នេះជាការបង្ហាញច្បាស់ណាស់ថា ទីក្រុង ហ្សាការតា កំពុងសម្រួចខ្លួនទៅជា «រដ្ឋធានីនៃអាស៊ាន»។ លោក សង្ឃឹមថា កិច្ចប្រជុំអាស៊ាននាពេលអនាគត នឹងត្រូវប្រារព្ធឡើងក្នុងទីក្រុងហ្សាការតាផងដែរ។
សូមបញ្ជាក់ថា អង្គការតំបន់អាស៊ាន បានបង្កើតឡើងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នារាជធានីបាងកក ប្រទេសថៃ ដោយមានសហស្ថាបនិកចំនួន ៥ ប្រទេស រួមមាន ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន សិង្ហបុរី និងម៉ាឡេស៊ី។ បច្ចុប្បន្ន អាស៊ាន មានសមាជិក ១០ប្រទេស ដោយរាប់បញ្ចូលទាំងសមាជិកថ្មី ៥ ទៀត ក្នុងនោះមាន ព្រុយណេ វៀតណាម ឡាវ កម្ពុជា មីយ៉ាន់ម៉ា៕
Tag:
ឥណ្ឌូណេស៊ី
លេខាធិការដ្ឋាន
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com