កីឡាអន្តរជាតិ
អន្តរជាតិ
Lukaku ឈានដល់ការពិនិត្យសុខភាពនៅ Inter Milan
× Romelu Lukaku ខ្សែប្រយុទ្ធ Manchester United ជិតសម្រេចការផ្ទេរទៅកាន់ Inter Milan ដោយជោគជ័យហើយ ក្រោយធ្វើដំណើរទៅកាន់ទឹកដីអ៊ីតាលីដើម្បីពិនិត្យសុខភាព។
កាលពីខែកក្កដាកន្លងទៅ បិសាចក្រហមធ្លាប់បានច្រានចោលសំណើដេញថ្លៃចំនួន ៦៦លានដុល្លារអាមេរិកពី Inter សម្រាប់ Lukaku ម្តងរួចមកហើយ ដោយពួកគេចង់បានថ្លៃដើមដែលទិញពី Everton។
នៅថ្ងៃទី៦ ខែសីហា ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក វ័យ២៦ឆ្នាំរូបនេះត្រូវ Man Utd ពិន័យដោយសារខកខានចូលរួមហ្វឹកហាត់ដោយគ្មានការអនុញ្ញាត។ បើតាមការផ្សាយរបស់ BBC អវត្តមាននេះ គឺ Lukaku បានទៅហ្វឹកហាត់ជាមួយអតីតក្រុមចាស់របស់គេ Anderlech រយៈពេល ២ថ្ងៃ។
ក្រោយមកភ្នាក់ងាររបស់ Lukaku លោក Federico Pastorello បានហោះទៅទីក្រុងឡុងដ៍កាលពីម្សិលមិញដើម្បីពិភាក្សាពីអនាគតរបស់គេ។ នៅល្ងាចថ្ងៃដដែលនោះលោក Pastorello បានបង្ហោះរូបថតក្នុង Instagram របស់ខ្លួនជាមួយ Lukaku នៅលើយន្ដហោះឯកជនមួយដោយបញ្ជាក់ថា ពួកគេកំពុងហោះហើរទៅកាន់ក្រុង Milan ហើយ។
តាមរយៈវីដេអូដែលបង្ហោះលើបណ្តាញសង្គម Twitter របស់លោក Fabrizio Romano ដែលជាអ្នកព័ត៌មានកីឡាកររបស់ SkySport អតីតសមាជិកក្រុម Chelsea រូបនេះបានទៅដល់កន្លែងពិនិត្យសុខភាពរបស់ Inter Milan ហើយដោយមានអ្នកគាំទ្រជាង២០០នាក់ផង។
Lukaku ត្រូវបាន Man Utd ទិញពី Everton ក្នុងតម្លៃ ៩១លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៧។ ចាប់តាំងពីលោក Ole Gunnar Solskjær ឡើងមកដឹកនាំ រូបគេមិនស្ថិតក្នុងជម្រើស១១នាក់ឡើយ។ លោក Antonio Conte ពិតជាចង់បាន Lukaku ទៅចូលរួម Inter មែនទែនសម្រាប់ការដឹកនាំរបស់លោកនៅរដូវកាលដំបូងនេះ៕ Tag:
Inter Milan
Romelu Lukaku
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com