ជាតិ
សេដ្ឋកិច្ច
CMA៖ របាយការណ៍ «​ការធ្វើឱ្យ​ខូចខាត​ទ្រព្យ​ដាក់បញ្ចាំ​» ជាការ​បង្ខូចឈ្មោះ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​
08, Aug 2019 , 4:13 pm        
រូបភាព
សមាគម​មីក្រូ​ហិរញ្ញ​វ​ត្តុ​កម្ពុជា (CMA) បាន​ច្រានចោល​របាយការណ៍ «​ការធ្វើឱ្យ​ខូចខាត​ទ្រព្យ​ដាក់បញ្ចាំ​៖ ការបាត់បង់​ដីធ្លី និង​ការរំលោភបំពាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា​» របស់​អង្គការ​លីកាដូ និង​សមាគមធាងត្នោត ដែល​ទើប​ចេញផ្សាយ​ថា ជាការ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​ជា​របាយការណ៍​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៃ​វិស័យ​មិ​ក្រូ​ហិរញ្ញ​វ​ត្តុ​នៅ​កម្ពុជា​។ ​អង្គការ​ពីរនេះ បាន​រកឃើញថា ពលរដ្ឋ​ក្រីក្រ​ជាង​២​លាន​នាក់ ដែល​កំពុង​ជាប់បំណុល​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វ​ត្តុ​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​រង​ការរំលោភបំពាន​សិទ្ធិមនុស្ស​ជាច្រើន​រួមមាន​៖ ការបង្ខំ​ឱ្យ​លក់​ដី​, ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ​, ការធ្វើ​ចំណាកស្រុក​ដោយសារ​បំណុល​, និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះបំណុល​ជាដើម​។



​ជាការ​ឆ្លើយតប​ទៅនឹង​របាយការណ៍​ខាងលើ​សមាគម​មីក្រូ​ហិរញ្ញ​វ​ត្ថុ​កម្ពុជា បាន​លើកឡើងថា អង្គការ​ទាំងពី​របាន​សរសេរ​របាយការណ៍​នេះ​ឡើង​ដោយ​ផ្ដោត​តែ​លើ​គុណវិបត្តិ ដោយ​មិនបាន​បង្ហាញ​ពី​ភាពជាក់ស្ដែង​ទៅលើ​ការផ្តល់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះទេ​។ សមាគម​មីក្រូ​ហិរញ្ញ​វ​ត្តុ​បន្តទៀតថា ការសិក្សា​នេះ​បានជ្រើសរើស​យក​គំរូ​មក​សិក្សា​ត្រឹមតែ​២៨ ករណី​ប៉ុណ្ណោះ ហើយ​បាន​រកតែ​ផល​អវិជ្ជមាន​ពី​កម្ចី​ហិរញ្ញ​វ​ត្តុ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ខណៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ និង​បាន​បង្កើន​កម្រិត​នៃ​ការជួយ​ផ្តល់ទុន​ហិរញ្ញវត្ថុ ក្នុង​រយៈពេល​១ ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​និយាយថា របាយការណ៍​ខាងលើ​បាន​ផ្តោត​តែ​ទៅលើ​គំរូ​តូច​មួយ​នៃ​អ្នក​ខ្ចីប្រាក់​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។ លោក​បន្តថា ការសរសេរ​របាយការណ៍​នេះ​មិនមាន​ការចូលរួម​ពី​សមាគម និង​សមាជិក​ក្នុងការ​ផ្តល់ព័ត៌មាន​នោះទេ​។

​លោក​បាន​និយាយថា​៖ «​សមាជិក​របស់​យើង​ត្រូវបាន​តម្រូវ​ឲ្យ​អនុវត្តតាម​និតិ​វិធី​ជាច្រើន​ទាក់ទង​ទៅនឹង​ការកាត់បន្ថយ និង​ការវិភាគ​យ៉ាង​តឹងរ៉ឹង​បំផុត​លើ​ហានិភ័យ​ដែល​ប្រឈមមុខ​ ក៏ដូចជា​វិធីសាស្ត្រ​លើក​ការការពារ​អតិថិជន​យ៉ាង​ម៉ត​ចត់​បំផុត​»​។

​អង្គការ លីកាដូ និង​សមាគម​ធាងត្នោត បានចេញ​ផ្សាយ​របាយការណ៍​មួយ​ដែលមាន​ចំណងជើង​ថា​៖ «​ការធ្វើឱ្យ​ខូចខាត​ទ្រព្យ​ដាក់បញ្ចាំ​៖ ការបាត់បង់​ដីធ្លី និង​ការរំលោភបំពាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា​» កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩ បាន​រកឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ២,៣៨ លាន​នាក់ បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៨,០០០ លាន​ដុល្លារ ដែលមាន​មធ្យមភាគ​ឥ​ណ្ឌ​ទាន​ខ្ពស់ ប្រមាណ ៣,៣៧០ ដុល្លារ ក្នុង​មួយ​កម្ចី ដែល​លើសពី​ចំណូល​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់ ដែលមាន​ត្រឹម ១,៣៨៤​ដុល្លារ នា​ឆ្នាំ​២០១៧​។

​របាយការណ៍​សរសេរ​ថា «​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កម្រិត​នៃ​បំណុល​របស់​ប្រជាពលរដ្ឋ​បាន​កើនឡើង​កាន់តែខ្លាំង​ឡើងៗ ដែល​នេះ​បណ្តាលឱ្យ​អាច​កើតមាន​ការរំលោភបំពាន​សិទ្ធិមនុស្ស​ជាច្រើន រួមមាន​ការបង្ខំ​ឱ្យ​លក់​ដី ការកេងប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ ការធ្វើ​ចំណាកស្រុក​ដោយសារ​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះបំណុល​»​។

​ត្រង់ចំនុច​នេះ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​អះអាងថា ការកើនឡើង​នៃ​ទំហំ​កម្ចី​ជា​មធ្យម​កើនឡើង​នោះ គឺជា​កម្ចី​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម មិនមែនជា​កម្ចី​បុ​គ្គល​ឡើយ​។ ហើយ​សម្រាប់​បុគ្គល​ឯកជន​ដែលមាន​ទឹកប្រាក់​ក្រោម ១០០០​ដុល្លារ គឺជា​ឥណទាន​ដែល​គ្មាន​ដាក់​ទ្រព្យ​ធានា​។ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានទទួល​ស្កាល់​ថា អត្រា​នៃ​បំណុល​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប បាន​កើតឡើង​ក្នុង​រយៈពេល​៤​ឆ្នាំ ចុង​ក្រោយនេះ​ពិតមែន (៣២ ភាគរយ​) ប៉ុន្តែ​អត្រា​នៃ​ប្រាក់​បញ្ញើ​នៅតាម​គ្រិះ​ស្ថាន​ក៏បាន​កើនឡើង​ផងដែរ គឺ ៣៩ ភាគរយ ក្នុង​ឆ្នាំ​២០១៨​។

​របាយការណ៍​បន្តថា ទម្រង់​នៃ​ប្រាក់កម្ចី​ដែលមាន​សភាព​ធ្ងន់ធ្ងរ​បែបនេះ បាន​ជួយ​បង្កើន​ប្រាក់ចំណូល​យ៉ាងច្រើន​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ដៃគូ​កម្ចី​បរទេស​របស់​គ្រឹះស្ថាន​ទាំងនោះ ប៉ុន្តែ​វា​បានផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សុវត្ថិភាព​នៃ​សិ​ទិ្ធ​កាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​សហគមន៍​ដែល​ងាយ​រងគ្រោះ​។ ស្ថាប័នហិរញ្ញវត្ថុ​ធំៗ​ចំនួន ៧​នៅក្នុង​ប្រទេស​កម្ពុជារ​ក​ប្រាក់ចំណូល​បាន​ច្រើនជាង ១៣០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧​។​

​ការស្រាវជ្រាវ​បាន​រកឃើញ​ទៀតថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អាជ្ញាធរ​មូលដ្ឋាន បាន​សហ​ការណ៍​គ្នា ក្នុងការ​បង្ខិតបង្ខំ​ពលរដ្ឋ​ឲ្យ​លក់​ដី ដើម្បី​សង​ប្រាក់​គ្រឹះស្ថាន​ទាន់ពេលវេលា​។

​របាយការណ៍​បាន​លើកឡើងថា​៖ «​កសិករ​កំពុងតែ​បាត់បង់​ដីស្រែ​ចំការ​សម្រាប់​ដាំ​ដំណាំ​កសិកម្ម​របស់ខ្លួន តាមរយៈ​ការលក់​ដី​ដោយ​បង្ខំ ឬ​ទទួលរង​សម្ពាធ​។ ការលក់​ដី​ទាំងអស់នេះ​ត្រូវបាន​ធ្វើឡើង​ដោយសារ​តែមាន​សម្ពាធ​យ៉ាងខ្លាំង​ពី​សំណាក់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែលជា​អ្នកកាន់កាប់​ប្លង់ដី​របស់​ប្រជាពលរដ្ឋ​ដែល​បានដាក់​បញ្ចាំ និង​ប្រើប្រាស់​ប្លង់ដី​ទាំងអស់នោះ ដើម្បី​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​សង​ប្រា​ក់ទៀត​ទាត់​ពេលវេលា​»​។

​អង្គការ​ទាំងពីរ​បាន​រកឃើញ​បន្ថែមទៀតថា ហានិភ័យ​ដែល​គួរឱ្យ​ព្រួយបារម្ភ​មួយទៀត គឺ ពលរដ្ឋ​ដែល​ជំពាក់​បំណុល​ច្រើន បាន​ទៅ​ខ្ចីប្រាក់​ពី​អ្នក​ចងការ​ប្រាក់​ឯកជ​ន​បន្ថែមទៀត  ដើម្បី​យកប្រាក់​ទៅ​សងបំណុល​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ធ្វើ​ឲ្យ​ទំហំ​បំណុល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ហើយ បណ្ដាល​ឲ្យ​កូនៗ​ពួកគេ​ឈប់រៀន ដើម្បី​រកប្រាក់​ជួយ​ដោះបំណុល​ទាំងនោះ​។ លើសពីនេះ គ្រួសារ​ទាំងមូល​ត្រូវ​កាត់បន្ថយ​ការ​ទទួលទាន​ម្ហូបអាហារ ដែល​មិនមាន​ជីវជាតិ​គ្រប់គ្រាន់ ដើម្បី​សន្សំ​ប្រាក់​ដោះបំណុល​។

​អង្គការ​ទាំងពីរ​បាន​ឲ្យ​ដឹងថា​៖ «​ទីភ្នាក់ងារ​អភិវឌ្ឍន៍​មួយចំនួន និង​ធនាគារ​រដ្ឋ​របស់​បណ្តា​ប្រទេស​មួយចំនួន គឺជា​ម្ចាស់​ភាគហ៊ុន ឬ​ដៃគូ​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំៗ​នៅ​កម្ពុជា​។ ស្ថាប័ន​ទាំងនេះ​រួមមាន ទីភ្នាក់ងារ​អភិវឌ្ឍន៍ ឬ​ធនាគារ​រដ្ឋ​របស់​ប្រទេស​អេ​ស្ប៉ា​ញ អូទ្រីស បារាំង អាឡឺម៉ង់ ហូ​ឡង់ ចក្រភព​អង់គ្លេស ធនាគារ​វិនិយោគ​អឺរ៉ុប ក៏ដូចជា​ការវិនិយោគ​មួយចំនួន​មកពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បារាំង ធនាគារអភិវឌ្ឍន៍អាស៊ី និង​ធនាគារពិភពលោក​»​។

​កសិករ​ក្រីក្រ គួរតែ​ទទួលបាន​ការឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​តាមបែប​សហគមន៍ និង​ប្រកបដោយ​និ​ន្ត​រ​ភាព ដោយ​មិនត្រូវ​ក្លាយជា​កម្មវត្ថុ​នៃ​សកម្មភាព​ហិរញ្ញវត្ថុ​អសីលធម៌​នោះទេ​។ នេះជា​អនុសាសន៍របស់​អង្គការ លីកាដូ និង​សមាគម​ធាងត្នោត ដែលបាន​អំពាវនាវ​ដល់​រដ្ឋាភិបាល គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អ្នក​វិនិយោគឯកជន ​ធ្វើកំណែទម្រង់​ការអនុវត្ត​ ដែលអង្គការទាំងពីរវាយតម្លៃថា «អវិជ្ជមាន​ទាំងនេះ» និង​ធានាថា​ពលរដ្ឋ​កម្ពុជា មិនត្រូវ​បាន​គេ​បង្ខំ​ឱ្យ​លក់​ដីធ្លី និង​ទទួលរង​គ្រោះ​ពី​ការរំលោភបំពាន​សិ​ទិ្ធ​មនុស្ស  ដើម្បី​ដោះបំណុល​ដែល​ពួកគេ​ជំពាក់​នោះទេ​។
អត្ថបទទាក់ទង


គួររម្លឹកថា សម្ដេច ហ៊ុន សែន ធ្លាប់​អំពាវនាវ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់​ក្នុងប្រទេស​កម្ពុជា ត្រូវ​ពន្យា​ពេល​ដល់​ប្រជាពលរដ្ឋ ដែលជា​កូនបំណុល​ខ្លួន ដោយ​មិនត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពួកគេ នៅពេលដែល​ខ្វះ​លទ្ធភាព​សង​ត្រឡប់​។ សម្ដេច ក៏​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​លើ​មីក្រូហិរញ្ញវត្ថុ ដែល​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ឋ​នេះដែរ​។ ហើយ​ពលរដ្ឋ​ក៏​មិនគួរ​ចេះតែ​ខ្ចីលុយ​ពី​ធនាគារ ដោយ​មិនបាន​ប៉ាន់ប្រមាណ​ពី​សមត្ថភាព​ខ្លួន​ដែល​អាច​សង​ត្រឡប់​វិញ​នោះទេ​៕​





© រក្សាសិទ្ធិដោយ thmeythmey.com