កីឡាអន្តរជាតិ
អន្តរជាតិ
Deadline Day៖ Arsenal ចាំទទួល Luiz និង Tierney ឯ Dybala និង Sessegnon ត្រៀមចូល Spurs
× ទីផ្សារដូរដោះកីឡាករលើកទី១ថ្ងៃចុងក្រោយ (Deadline Day) ក្នុងក្របខណ្ឌ Premier League សម្រាប់រដូវកាល ២០១៩-២០ នឹងត្រូវបិទទ្វារនៅវេលាម៉ោង១២ និង០០នាទីយប់ថ្ងៃទី៨ ខែសីហានេះ។ នៅថ្ងៃចុងក្រោយនេះដែរ ក្លិបមួយចំនួនដូចជា Arsenal និង Spurs បានធ្វើការយ៉ាងខ្លាំងដើម្បីចរចានាំចូលកីឡាករបន្ថែម។
ក្លិបរហស្សនាមកាំភ្លើងធំ បើទោះជាមិនទាន់ប្រកាសជាផ្លូវការ ប៉ុន្តែពួកគេកំពុងខិតជិតក្នុងការទិញយកខ្សែការពារ David Luiz ពី Chelsea ក្នុងទម្លៃ១០លានដុល្លារអាមេរិក និងខ្សែការពារស្លាប Kieran Tierney ពី Celtic ក្នុងតម្លៃផ្ទេរជាង៣០លានដុល្លារទៅកាន់ Emirates។ Arsenal បាននាំចូលកីឡាករមួយចំនួនរួចហើយជាពិសេសបានចំណាយលុយធំជាកំណត់ត្រាក្លិបរហូត៨៩លានដុល្លារដើម្បីនាំយកខ្សែបម្រើ Nicolas Pepe ពី Lille។
យ៉ាងណាក្លិបក្នុងក្រុងឡុងដ៏នេះ ក៏បានបញ្ចេញកីឡាករផងដែរ ដូចជាខ្សែការពារនិងជាប្រធានក្រុម Laurent Koscielny ទៅក្រុមនៅបារាំង Bordeaux ខ្សែប្រយុទ្ធ Danny Welback ជាដើម។
ចំណែក Tottenham Hotspur ឯណោះវិញក៏កំពុងត្រៀមទទួលខ្សែបម្រើឆ្នើម Paulo Dybala ពី Juventus រួមជាមួយខ្សែការពារស្លាបឆ្វេង Ryan Sessegnon ពី Fulham នៅថ្ងៃដោះដូរកីឡាករចុងក្រោយនេះដែរ។ ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនវ័យ២៥ឆ្នាំ ក៏មានទំនាក់ទំនងខ្លាំងទៅនឹងការផ្ទេរទៅ Manchester United ដែរ ប៉ុន្តែក៏ស្ងាត់ទៅវិញព្រោះចរចាមិនត្រូវរូវគ្នា។
Dybala នៅមិនទាន់បង្ហាញពីតម្លៃផ្ទេរសម្រាប់ការផ្លាស់ទៅកាន់ក្រុមមាន់ខ្នាយមាសនៅឡើយទេ ខណៈដែល Sessegnon ខ្សែការពារសញ្ជាតិអង់គ្លេសវ័យ១៩ឆ្នាំ មានតម្លៃខ្លួន៣០លានដុល្លារអាមេរិក។ ក្រៅពីកីឡាករពីរនេះ Spurs ក៏មានភាគរយខ្ពស់ក្នុងការទិញយកខ្សែបម្រើ Giovani lo Celso សញ្ជាតិអាហ្សង់ទីន Real Betis ដែលគេជឿជាក់ថាមានតម្លៃខ្លួនខ្ពស់ផងដែរ។
រដូវកាលថ្មីនេះ Spurs បានទិញយកខ្សែបម្រើ Ndombele ពី Lyon ក្នុងតម្លៃកំណត់ត្រា ៦៨លានដុល្លារ តែលក់ខ្សែការពារ Kieran Trippier ទៅ AT-Madrid ថ្លៃ២៥លានដុល្លារ។ យ៉ាងណាក៏ដោយក្រុមដែលដឹកនាំដោយអ្នកចាត់ការ Mauricio Pochettino អាចនឹងបាត់បង់ ខ្សែបម្រើឆ្នើមរបស់ខ្លួន Christian Eriksen មុនពេលទីផ្សារបិទទ្វារយប់នេះ ស្របពេលបិសាចក្រហមព្យាយាមទាក់ទងយ៉ាងខ្លាំង។
តើនឹងមានអ្វីភ្ញាក់ផ្អើលជាងនេះទៀត ក្រោយយប់ថ្ងៃទី៨ ខែសីហានេះ?
Tag:
Deadline Day
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com