អន្តរជាតិ
នាយករដ្ឋមន្ត្រី​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ដក​សម្ដី «​សុំ​ចិន​ជួយ​ដោះបំណុល​៨​ពាន់​លាន​ដុល្លារ​» វិញ
08, Aug 2019 , 8:19 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ James Marape (AFP)
លោកនាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ James Marape (AFP)
ដោយ:
​នាយករដ្ឋមន្ត្រី​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ James Marape បាន​ដក​សម្ដី​ដែលថា លោក​បានស្នើ​សុំ​ឲ្យ​ភាគី​ចិន​ជួយ​ដោះបំណុល​ជាតិ ៨​ពាន់​លាន​ដុល្លារ​។ ចំពោះ​ការ​ក្រឡាស់សំដី​នេះ លោក អះអាងថា សេចក្តីថ្លែងការណ៍​លើក​មុន ត្រូវបាន​ផ្សាយ​ចេញ​ដោយ​ពុំមាន​ការដឹងលឺ​ពី​លោក​ឡើយ​។​



​សេចក្តីថ្លែងការណ៍​មួយ​ពី​ការិយាល័យ​លោកនាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃរ​ទី ៦ សីហា បញ្ជាក់​ឲ្យ​ដឹងថា លោក Marape បាន​ស្នើសុំ​អគ្គរដ្ឋទូត​ចិន​សម្រាប់​ជួយ​ដោះបំណុល​សាធារណៈ ដែល​ស្មើនឹង ៨​ពាន់​លាន​ដុល្លារ អំឡុង​ជំនួប​មួយ​ក្នុង​រដ្ឋធានី​ព័រ​ម៉ូ​រេស​ប៊ី ។ យ៉ាងណាមិញ នៅ​ថ្ងៃទី ៧ ខែសីហា ការិយាល័យ​លោក Marape បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​ថ្មី​មួយទៀត ដោយ​លើកឡើងថា វា​ជា​រឿង​មិន​ពិត​ឡើយ​ដែលថា​លោកនាយក​រដ្ឋមន្ត្រី​នឹង​ទៅរក​ចិន​តែមួយ​ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​ប្រទេស​។ 

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មេដឹកនាំ​វ័យ​៤៨​ឆ្នាំ​រូបនេះ អះអាង​ទៀតថា រដ្ឋាភិបាល​លោក កំពុងស្ថិត​ក្នុង​ដំណាក់​ការ​បឋម​នៃ​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ជាមួយ​ចិន ហើយក៏​ពិនិត្យមើល​លើ​មធ្យោបាយ​ដោះបំណុល​ផងដែរ​។ «​យើង​កំពុង​ពិភាក្សា​ជាមួយ​ដៃគូ​ទ្វេភាគី​ជាច្រើន ដើម្បី​ទទួលបាន​ឥណទាន​ការប្រាក់​ទាប​បំផុត​។ នេះ គឺ​រួមមាន​កិច្ចពិភាក្សា​ជាមួយ ធនាគារពិភពលោក​,​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ដៃគូ​មិន​ប្រពៃណី​មួយចំនួន​»​។  លោក Marape បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​បែបនេះ​។​

​របាយការណ៍​ជាច្រើន បង្ហាញថា បំណុល​សាធារណៈ​របស់​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​ស្មើនឹង ៣៣​ភាគរយ​នៃ GDP ជាមួយនឹង​អត្រា​ការប្រាក់ ១៥​ភាគរយ​នៃ​ការចំណាយ​ប្រចាំឆ្នាំ​របស់​រដ្ឋាភិបាល​។

​លោក Marape ដែល​ទើប​ចូលកាន់​តំណែង​កំពូល​នេះ​កាលពី​ជាង ២​ខែ​មុន បាន​និយាយថា លោក មាន​គម្រោង​ដោះបំណុល​របស់​រដ្ឋាភិបាល​មុន ដែល​លោក​ចាត់ទុកថា «​អាក្រក់ និង​មានតម្លៃ​ថ្លៃ​» ប៉ុន្តែ​ថា នឹងមិន​ដាក់បន្ទុក​ដោយ​ល្ងង់ខ្លៅ​បន្ថែម​លើ​សេដ្ឋកិច្ច​ប្រទេស​នេះ​ទៀតឡើយ​។ ត្រង់នេះ លោក សង្កត់ធ្ងន់​បែបនេះ​៖ «​ខ្ញុំ​បញ្ឈប់​ការខ្ចី​បុល រហូតដល់​យើង​ដឹងថា គម្រោង​ទាំងនោះ ផ្តល់​ផលចំណេញ​ដល់​យើង​គ្រប់គ្រាន់​សម្រាប់​ឲ្យ​យើង​អាច​ដោះបំណុល​ដោយ​សុវត្ថិភាព​»​។

​លើសពីនេះ លោកនាយក​រដ្ឋមន្ត្រី Marape ក៏បាន​ប្តេជ្ញា​បោសសម្អាត​អំពើពុករលួយ​ដែល​រាតត្បាត​នៅក្នុង​ប្រទេស ព្រមទាំង​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​ប្រទេស​លោក​មាន​តុល្យភាព​ជាមួយ​សម្ពន្ធមិត្ត និង​ក្រុមហ៊ុន​បរទេស ដែល​កំពុង​រុករក​ធនធានធម្មជាតិ​ដ៏​សម្បូរបែប​ក្នុងប្រទេស​នេះ​ផងដែរ​។

​សូមបញ្ជាក់ថា នា​រយៈ​ចុង​ក្រោយនេះ ក្រុង​ប៉េកាំង ចាប់ផ្តើម​ពង្រឹង​ចំណងទាក់ទង​ជាមួយនឹង​ប្រទេស​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ និង​បណ្តា​ប្រជាជាតិ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ផ្សេងទៀត ដោយ​ជំរុញ​ការចូលរួម និង​ផ្តល់​កម្ចី​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​។ ការណ៍​នេះ បាន​បង្ក​ជា​ក្តីកង្វល់​ដល់​រដ្ឋាភិបាល​អូស្ត្រាលី និង​សហរដ្ឋអាមេរិក ដែល​បច្ចុប្បន្ន កំពុង​ប្រកួតប្រជែង​ជាមួយ​ក្រុង​ប៉េកាំង ដើម្បី​រក្សា​ឥទ្ធិពល​ពួកគេ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក នៅ​ចំពោះមុខ​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​៕

Tag:
 ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​
  ចិន​
  បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com