ជាតិ
សង្គមជាតិ
លទ្ធផល​បឋម​នៃ​ជំរឿន​បង្ហាញថា ប្រជាជន​ខ្មែរ​មិនសូវ​កើន​ព្រោះ​ការ​ផ្តល់កំណើត​ថយចុះ និង​ចំណាកស្រុក
08, Aug 2019 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លទ្ធផល​បឋម​នៃ​ជំរឿន​ឆ្នាំ​២០១៩ បង្ហាញថា អត្រា​ប្រជាជន​កម្ពុជា​ប្រចាំឆ្នាំ បាន​ថយចុះ​ពី ១,៥​ភាគរយ ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៨ និង ឆ្នាំ​២០០៨ មក​នៅត្រឹម ១,២​ភាគរយ ក្នុង​ចន្លោះ​ឆ្នាំ​២០០៨  និង ឆ្នាំ​២០១៩​។



អត្ថបទទាក់ទង

​អត្រា​ថយចុះ​នៃ​កំណើនប្រជាជន ដោយសារតែ​លទ្ធភាព​បង្កើតកូន​ថមថយ និង​ការធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស មានការ​កើនឡើង​។ សទ្ទរ​កថា​របស់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្តីពី​លទ្ធផល​បឋម​នៃ​ជំរឿន បានសរសេរថា​៖«​តាម​តួលេខ​បណ្តោះអាសន្ន​នេះ យើង​ពិនិត្យឃើញថា ចំនួន​ប្រជាជន​កម្រិត​ថ្នាក់ជាតិ មាន​និន្នាការ​កើនឡើង​យឺត ដោយសារ​អត្រា​ផ្តល់កំណើត​និង​អត្រាកំណើន​ប្រជាជន បាន​ថយចុះ​...»​។

​លទ្ធផល​បឋម​នៃ​ជំរឿន បាន​ឲ្យ​ដឹងថា ប្រជាជន​កម្ពុជា​សរុប មាន ១៥.២៨៨.៤៨៩ នាក់ ក្នុងនោះ​ប្រុស មាន ៧.៤១៨.៥៧៧​នាក់ ហើយ​ស្រី ៧.៨៦៩.៩១២ នាក់​។ ចំនួន​នេះ គឺ​គិតតែ​នៅក្នុង​ប្រទេស​ប៉ុណ្ណោះ ចំណែក ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស មិនទាន់​ត្រូវបាន​រាប់បញ្ចូល​ឡើយ​។ បើតាម​របាយការណ៍​ពី​ក្រសួង​ការងារ​ឆ្នាំ​២០១៨ (​មិនមែន​លទ្ធផល​ជំរឿន​) ពលរដ្ឋ​ខ្មែរ មាន​ជាង​១,២​លាន​នាក់ ដែល​កំពុង​រស់នៅ​និង​ធ្វើការ នៅក្រៅ​ប្រទេស​។

​តួលេខ​បណ្តោះអាសន្ន​នៃ​ជំរឿន បញ្ជាក់ថា អត្រាកំណើន​ប្រជាជន​ខ្ពស់បំផុត មាន​ត្រឹម​២.២ ភាគរយ​ក្នុង​មួយឆ្នាំ​។ ចំពោះ​តំបន់​ដែលមាន​អត្រាកំណើន​ប្រជាជន​ច្រើនជាងគេ មាននៅ​តំបន់​ខ្ពង់រាប​និង​ភ្នំ ដូចជា ខេត្តព្រះវិហារ មាន​៣,៥​ភាគរយ ខេត្តមណ្ឌលគិរី មាន​៣,៤​ភាគរយ ខេត្តរតនគិរី មាន​២,៨​ភាគរយ ខេត្តស្ទឹងត្រែង មាន​៣,២​ភាគរយ ឧ​ត្ត​រ​មានជ័យ មាន​៣,១​ភាគរយ ដែលជា​កន្លែង​សម្រាប់​ឲ្យ​ពលរដ្ឋ​តាំង​លំនៅ​ថ្មី ដើម្បី​ធ្វើ​កសិកម្ម និង​បង្កើន​ចំណូល​។

​សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ  ក៏​ជា​កន្លែង​ប្រមូលផ្តុំ​ដោយ​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច សំណង់​អាគារ ទេសចរណ៍ និង​អប់រំ  ដែលជា​មូលហេតុ​ឲ្យ​ពលរដ្ឋ​ផ្លាស់​ទីលំនៅ ដើម្បី​ទៅ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​រក​ការងារ​។ 

​តួលេខ​បង្ហាញ​ទៀតថា ខេត្ត​ដែលមាន​ប្រជាជន​ច្រើនជាងគេ​គឺ រាជធានី​ភ្នំពេញ ដែលមាន ជាង​២,១​លាន​នាក់ ហើយ​ខេត្ត​កែប មាន​កំណើនប្រជាជន​តិចជាងគេ គឺ​ជាង​៤,១​ម៉ឺន​នាក់​។ 
​ផ្អែកលើ​តួលេខ​ដដែល ជា​មធ្យម ក្នុង​មួយ​គ្រួសារ មាន​ចំនួន​៤,៦​នាក់​។ ចំណែក ដង់ស៊ីតេ​ប្រជាជន គឺ​ស្មើនឹង​៨៦​នាក់ ក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ ដែល​មានន័យថា ជា​មធ្យម ទំហំ​ដី​មួយ​គីឡូ​ម៉ែត្រការ៉េ មាន​ប្រជាជន​៨៦​នាក់​។​

​ការធ្វើជំរឿន​លើក​ទី​៣​នេះ មាន​រយៈពេល​១១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ ដោយ​ប្រើ​ថវិកាជាតិ​ជាង​៨​លាន​ដុល្លារ​។ ការងារ​ជំរឿន​ប្រជាជន​កម្ពុជា ត្រូវបាន​ធ្វើឡើង​២​ដង​រួចមកហើយ គឺ​នៅ​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៨ ដែល​ស្របតាម​ច្បាប់​ស្តីពី​ស្ថិតិ ដោយ​កំណត់​នូវ​កាតព្វកិច្ច របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ត្រូវ​ចូលរួម​សហការ ក្នុង​ការធ្វើជំរឿន​។ ការធ្វើជំរឿន​កន្លងមក មាន​ការជួយជ្រោមជ្រែង​ពី​អង្គការ​ដៃគូ ដូចជា​អង្គការ UNFPA អង្គការ JICA រដ្ឋាភិបាល​ជប៉ុន និង ប្រទេស​អាល្លឺម៉ង់​។​
 
​ការធ្វើជំរឿន​នេះ​រៀបចំឡើង​ក្នុង​មួយ​ទស្សវត្សរ៍​ម្តង​។ កម្ពុជា​ធ្វើ​លើកដំបូង​កាលពី​ឆ្នាំ​១៩៩៨  មាន​ពលរដ្ឋ ១១.៤៣៧.៦៥៦​នាក់ ហើយ​ឡើងដល់ ១៣.៣៩៥.៦៨២​នាក់ នៅ​ឆ្នាំ​២០០៨៕


Tag:
 ប្រជាជន​
 ​ជំរឿន​
 ​ចំណាកស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com