កីឡាជាតិ
ជាតិ
លោក អេ ភូថង ច្រានចោលការចោទប្រកាន់ថាបានកិបកេងថវិកា៥ម៉ឺនដុល្លារពីកីឡាករ អេ រដ្ឋា លោក អេ ភូថង (ស្តាំ)និងភរិយាពេលផ្សាយផ្ទាល់ក្នុងទំព័រហ្វេសប៊ុករបស់លោក សាន្ត ប៊ុនធឿន
× លោក អេ ភូថង និងភរិយាបានចេញមុខច្រាលចោលព័ត៌មានដែលចោទថា លោកនិងភរិយាបានកិបកេងថវិកាចំនួន៥ម៉ឺនដុល្លារដែលជាសំណងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យសិស្សរបស់ខ្លួន គឺកីឡាករ អេ រដ្ឋា រងរបួសធ្ងន់។ ការច្រានចោលការចោទប្រកាន់ ត្រូវបានធ្វើឡើង បន្ទាប់ពីកីឡាករ អេ រដ្ឋា បានផ្សាយផ្ទាល់តាមហ្វេសប៊ុក ដោយចោទប្រកាន់ថា លោកអេ ភូថង និងភរិយាបានកិបកេងថវិការបស់គេ។
បញ្ហាប្រាក់សំណងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យកីឡាករ អេ រដ្ឋា រងរបួសជើងនិងតំរងនោម កំពុងក្លាយជារឿងក្តៅ ដែលធ្វើឲ្យមានការដេញដោលក្នុងពិភពគុនខ្មែរ។ ការឆ្លងឆ្លើយគ្នារវាងគ្រូ និងសិស្សគុនទាំងពីរនេះ បានកើតឡើងនៅក្រោយពេលដែល លោក អេ រដ្ឋា បានទូរសព្ទសួរនាំអំពីថវិកាចំនួន៥ម៉ឺនដុល្លារពីគ្រូរបស់ខ្លួន ដែលឆ្លើយតបថា «មិនបានដឹង»អំពីរឿងនេះ។
លោក អេ រដ្ឋា ដែលទំនងជាបានទទួលដំណឹងថា មានការបង់ប្រាក់សងពីភាគីម្ខាងទៀតក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ទៅលោក អេ ភូថង ដែលជាគ្រូ ទើបសួររកថវិកានោះពីលោកគ្រូរបស់ខ្លួន។ ក្រោយពីទទួលចម្លើយអវិជ្ជមាន លោក អេ រដ្ឋា ក៏បានផ្សាយដំណឹងនេះតាមហ្វេសប៊ុក ដោយចោទប្រកាន់លោក អេ ភូថង និងភរិយា ថាបានកិបកេងថវិកា ដែលលោក អេ រដ្ឋា ទទួលដំណឹងថាមានចំនួន៥ម៉ឺនដុល្លារ ដែលត្រូវបានបង់ឲ្យខ្លួនជាជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ។
មួយថ្ងៃបន្ទាប់ក្រោយមានការចោទប្រកាន់ លោក អេ ភូថង និងភរិយាបានចេញមុខច្រានចោល និងបកស្រាយតាមរយៈបទសម្ភាសមួយជាមួយអ្នកសារព័ត៌មាន សាន ប៊ុនធឿន ថា គ្រួសារលោកមិនបានកិបកេងថវិការបស់កីឡាករ អេ រដ្ឋា ដែលត្រូវជាកូនសិស្សខ្លួននោះទេ។ ម្ចាស់ក្លិបអេភូថងកីឡារូបនេះ អះអាងថា៖«ខ្ញុំមិនបានទទួលប្រាក់សំណងពីម្ចាស់រថយន្ត ដែលកីឡាករ អេ រដ្ឋា ចោទថាបានបុករូបគេកាលអំឡុងខែធ្នូ ឆ្នាំ២០១៨ នៅម្តុំវត្តនិរោធក្នុងខណ្ឌច្បារអំពៅនោះឡើយ»។
លោក អេ ភូថង បានបន្តថា ពេលកីឡាករ អេ រដ្ឋា រងរបួសលោកនិងភរិយាកំពុងស្ថិតនៅប្រទេសថៃ ហើយរាល់ការប្តឹងពាក់ព័ន្ធហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះគ្រួសារលោកពុំមែនជាអ្នកប្តឹងនោះទេ គឺក្រុមគ្រួសារជនរងគ្រោះជាអ្នកប្តឹងខ្លួនឯង។ ដូច្នេះលោក អេ ភូថង បញ្ជាក់ថា រាល់ការដោះស្រាយផ្លូវច្បាប់មិនពាក់ព័ន្ធនឹងរូបលោកឡើយ។
លើសពីនេះទៀត បើតាមការអះអាងរបស់លោក អេ ភូថង នៅក្នុងបទសម្ភាសជាមួយលោក សាន ប៊ុនធឿន ដដែល នៅពេលដែលលោក អេ រដ្ឋា ទូរសព្ទទៅរកដើម្បីសួររកថវិកានោះ លោកក៏បានស្នើឲ្យសិស្សរបស់លោកពិចារណាលើពាក្យបណ្តឹងផងដែរ។ នៅក្នុងបទសម្ភាសនោះ លោក អេ ភូថង នៅបន្តចោទជាសំណួរថា តើសិស្សរបស់លោកជាជនរងគ្រោះដោយសាររថយន្តបុក ឬលោក រដ្ឋា ជាអ្នកជិះម៉ូតូរបស់ខ្លួនទៅបុករថយន្តគេមុន?
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅមុខវត្តនិរោធ ម្តុំបុរីលុចសារី ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ហេតុការណ៍នេះ បានបង្កឲ្យកីឡាករ រដ្ឋា រងរបួសបែកតំរងនោម ដាច់ពោះវៀន និងសរសៃជើងខាងស្តាំ៕
Tag:
ប្រដាល់គុនខ្មែរ
អេ ភូថង
អេ រដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com