ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែញុាំ “សណ្តែកបារាំង” ក៏ទប់ស្កាត់ជំងឺសាហាវៗបានដែរ
× ទោះបីភាគច្រើននៃពួកយើងស្គាល់និងធ្លាប់ទទួលទានសណ្តែកបារាំង ប៉ុន្តែប្រហែលជាមិនដឹងទេថាបន្លែនេះមានផ្ទុកសម្បូរទៅដោយអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាព។ សណ្តែកបារាំងជាប្រភពដ៏ប្រសើរនៃវីតាមីន A C K ជាតិសរសៃ និងអាស៊ីតហ្វូលិក។
ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងពីឥទ្ធិពលវិជ្ជមាននៃការទទួលទានសណ្តែកបារាំង ៖
១. សុខភាពឆ្អឹង
សណ្តែកបារាំងមានផ្ទុកសម្បូរទៅដោយវីតាមីន K ដែលជួយបង្កើនការស្រូបយកជាតិកាល់ស្យូមរបស់រាងកាយនិងកាត់បន្ថយការបញ្ចេញជាតិកាល់ស្យូមតាមទឹកនោមទប់ស្កាត់ហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ។
២. ទប់ស្កាត់ជំងឺមហារីក
សណ្តែកបារាំងជាប្រភពដ៏ល្អបំផុតនៃសារធាតុ Lutein ជាតិសរសៃ វីតាមីន C និងវីតាមីន K ដែលសុទ្ធសឹងតែជាសារធាតុប្រឆាំងអុកស៊ីតកម្មមានឥទ្ធិពលកម្ចាត់រ៉ាឌីកាល់សេរីក្នុងរាងកាយទប់ស្កាត់ជំងឺមហារីកច្រើនប្រភេទ។
៣. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
សណ្តែកបារាំងមានផ្ទុកសន្ទស្សន៍គ្លីសេមិចទាប ដូច្នេះហើយទើបការទទួលទានបន្លែនេះអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមដែលប្រសើរណាស់ចំពោះអ្នកជំងឺទឹកនោមផ្អែម។
៤. សុខភាពភ្នែក
សណ្តែកបារាំងជាជម្រើសនៃអាហារដ៏ប្រសើរបំផុតសម្រាប់ភ្នែក នោះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយសារធាតុ Zeaxanthin និង lutein ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់បញ្ហាភ្នែក។
៥. សុខភាពបេះដូង
សណ្តែកបារាំងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងតាមរយៈបរិមាណខ្ពស់នៃសារធាតុ flavonoids ដែលវាមានផ្ទុក។ flavonoids មានលក្ខណៈសម្បត្តិប្រឆាំងការរលាកទប់ស្កាត់បញ្ហាឈាមកកក្នុងសរសៃឈាម។ ការទទួលទានបន្លែមានផ្ទុកសារធាតុ flavonoids ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនិងគាំងបេះដូងផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com