ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ បញ្ហា​សុខភាព​ទាំងនេះ​នឹង​កើតឡើង​
10, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ធ្លាប់​ដឹង​ទេ​ថា​ការហាត់​ប្រាណ​មិនមែន​ចាំបាច់​តែ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​ឡើយ​? ក៏​ព្រោះ​ជាក់ស្ដែង​ការហាត់​ប្រាណ គឺ​សំខាន់​សម្រាប់​គ្រប់គ្នា​ដែល​ចង់​រក្សាបាន​នូវ​សុខ​ភាពល្អ​រឹងមាំ​។ យោងតាម​វេជ្ជបណ្ឌិត​ជាច្រើន​បានឱ្យដឹងថា ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​មិន​ត្រឹមតែ​ជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់ ឬ​កាឡូរី​ដែល​លើស​ចេញពី​រាងកាយ​ឡើយ ប៉ុន្តែ​ក៏​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ទប់ស្កាត់​បញ្ហា​សុខភាព​ផ្សេងៗ​ផងដែរ​។ ថា​តើ​នឹងមាន​រឿង​អ្វី​កើត​ឡើងទៅ​ប្រសិនបើ​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​?



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​បញ្ហា​សុខភាព​ដែល​អ្នក​ត្រូវ​ប្រឈមមុខ​ប្រសិនបើ​មិន​ធ្វើ​លំ​ហាត់ប្រាណ​ណាមួយ​សោះ ៖
 
១. ជំងឺ​ធាត់​ជ្រុល​
 
​ជាពិសេស​ប្រសិនបើ​អ្នក​ចូលចិត្ត​ទទួលទាន​ភេសជ្ជៈ​ផ្អែមៗ ព្រមទាំង​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​និង​កាឡូរី​ខ្ពស់​! ការមិនធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​នឹង​បណ្ដាលឱ្យ​រាងកាយ​ស្តុក​ទុក​នូវ​ទម្ងន់​ដែល​លើស​។ អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​ថែមទៀត​នោះ គឺ​ភាពធាត់​ជ្រុល​អាច​ទៅជា​បង្កបញ្ហា​សុខភាព​ជាច្រើន​។​
 
២. សម្ពាធ​ឈាម​ឡើង​ខ្ពស់​
 
​ការមិនធ្វើ​លំ​ហាត់ប្រាណ​សោះនឹង​បង្ក​ផលប៉ះពាល់​ដល់​មុខងារ​របស់​បេះដូង​ក្នុងការ​ច្របាច់​ឈាម​ទៅ​សព្វ​រាងកាយ​ដែលនាំឱ្យ​កើតមាន​បញ្ហា​សុខភាព​ផ្សេងៗ រួមទាំង​ជំងឺលើសឈាម​។ ហើយ​នៅពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នោះ​ប្រព័ន្ធ​សរសៃឈាម​បេះដូង​ទាំងមូល ក៏ដូចជា​បណ្ដា​សរីរាង្គ​ផ្សេងទៀត​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​គ្រោះថ្នាក់​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ជាមិនខាន​។​
 
៣. កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​
 
​យោងតាម​វេជ្ជបណ្ឌិត​ជាច្រើន​បានឱ្យដឹងថា​ផលប៉ះពាល់​ផ្សេងទៀត​នៃ​ការមិនធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ គឺ​ការកើនឡើង​ខ្ពស់​នៃ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម​។ ដូច្នេះ​ដើម្បី​ចៀស​ផុតពី​បញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​កើនឡើង​ខុស​ប្រក្រតី ចូរ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​។​
 
៤. ជំងឺ​បេះដូង​
 
​ការកើនឡើង​នៃ​សម្ពាធ​ឈាម​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ គឺជា​កត្តា​ចម្បង​បំផុត​នៃ​បញ្ហា​ជំងឺ​បេះដូង​។ ហើយ​កត្តា​ទាំងពីរ​នេះ​ជា​ញឹកញយ​កើតឡើង​ដោយសារ​កង្វះ​នៃ​លំ​ហាត់ប្រាណ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ចៀស​ផុតពី​បញ្ហា​នៃ​ជំងឺ​បេះដូង ចូរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​។​
 
៥. ខ្សោយ​សាច់ដុំ​
 
​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ គឺជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​បង្កើត​និង​រក្សា​សាច់ដុំ​។ ប្រសិនបើ​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​នោះ​សាច់ដុំ​អាច​នឹង​ប្រែជា​ចុះខ្សោយ​ទៅៗ​។ ជាក់ស្ដែង​សាច់ដុំ​អាច​នឹង​រួម​តូច​ប្រសិនបើ​អ្នក​មិន​ប្រើប្រាស់​វា​សោះ​តាមរយៈ​ការធ្វើ​លំ​ហាត់ប្រាណ ឬ​សកម្មភាព​រាងកាយ​
​ផ្សេងទៀត​។​
 
៦. បញ្ហា​ស្ត្រេ​ស​និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​
 
​នោះ​ក៏​ព្រោះតែ​វិធីសាស្ត្រ​ដ៏​ល្អ​ដើម្បី​ទប់ទល់​ភាព​ស្ត្រេ​ស​និង​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​។ ប្រសិនបើ​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ខួរក្បាល​មិនអាច​បញ្ចេញ​នូវ​អ័រម៉ូន​រីករាយ​គ្រប់គ្រាន់​ឡើយ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com