តាមរយៈកិច្ចសម្ភាសន៍ ជាមួយលោក ហួត អៀងតុង ប្រធានអគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ស្តីអំពីលទ្ធផលដែលសម្រេចបាននៅក្នុងឆមាសទី១ និងយុទ្ធសាស្ត្រសម្រាប់ ឆមាសទី២ក្នុងឆ្នាំ២០១៩ ហត្ថាកសិករ សម្រេចបានលទ្ធផលគួរជាទីមោទក ក្នុងឆមាសទី១កន្លងទៅ ដោយផលប័ត្រឥណទាន មានការកើនឡើង ៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ហើយសមតុល្យប្រាក់បញ្ញើសន្សំ មានការកើនឡើងរហូតដល់ ៣៨%។
លោក ហួត អៀងតុង បានឲ្យដឹងទៀតថា ទ្រព្យសកម្មសរុប របស់ហត្ថាកសិករ កើនឡើង ៣១% ក្នុងរយៈពេលដូចគ្នានេះដែរ។ លទ្ធផលទាំងអស់នេះ បានមកពីការអនុវត្តគោលនយោបាយគាំពារអតិថិជន និងបុគ្គលិករបស់ហត្ថាកសិករ លីមីតធីត ដែលកិច្ចគាំពារអតិថិជន ផ្តោតលើគោលការណ៍៧ចំណុចរួមមាន៖
(១) ការផ្តល់ផលិតផល និងសេវាកម្ម សមស្របទៅតាមតម្រូវការ និងចំណង់ចំណូលចិត្តអតិថិជន។
(២) ការផ្តល់ឥណទាន ទៅតាមលទ្ធភាពរបស់អតិថិជន ដើម្បីជៀសវាងបំណុលលើសលប់។
(៣) តម្លាភាពក្នុងការផ្តល់ និងផ្សព្វផ្សាយពត៌មានឲ្យដល់អតិថិជន។
(៤) ការកំណត់នូវតម្លៃ ជាមួយនឹងប្រាក់ចំណេញសមរម្យ។
(៥) ភាពស្មើគ្នា និងការគោរពអតិថិជន។
(៦) ការរក្សាព័ត៌មានសម្ងាត់ ជូនអតិថិជន និង
(៧) ការដោះស្រាយការរអ៊ូរទាំរបស់អតិថិជន ប្រកបដោយប្រសិទ្ធភាព។
បើតាម លោក ហួត អៀងតុង ថ្មីៗនេះ ហត្ថាកសិករ បានបង្កើតកម្មវិធីមួយឈ្មោះថា«ខ្ញុំស្រលាញ់ហត្ថាកសិករ» ឬជាភាសាអង់គ្លេសថា«I Love HKL» ដែលបង្ហាញសេចក្តីស្រលាញ់របស់បុគ្គលិកចំពោះហត្ថាកសិករ ហើយហត្ថាកសិករ ក៏ស្រលាញ់បុគ្គលិកគ្រប់ៗគ្នាវិញដូចគ្នា។
ជាមួយនឹងសមិទ្ធផលដ៏ត្រចះត្រចង់នេះ លោក ហួត អៀងតុង ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានថ្លែងអំណរគុណចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលកំពុងបម្រើការងារនាពេលបច្ចុប្បន្ន និងអតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ របស់ហត្ថាកសិករតាំងពីដើមរៀងមក។ លោកក៏បានឆ្លៀតពេលថ្លែងអំណរគុណផងដែរ ដល់អតីតបុគ្គលិកដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ចូលរួមអភិវឌ្ឍហត្ថាកសិករ រហូតមានឈ្មោះបោះសំឡេងទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ ដូចបច្ចុប្បន្ន។
លោក ហួត អៀងតុង បានលើកឡើងថា៖«យើងក៏មិនភ្លេចអតីតបុគ្គលិក និងថ្នាក់ដឹកនាំរបស់យើងទេ ទោះបីជាពួកគាត់បានចាកចេញ ពីហត្ថាកសិករ ហើយក៏ដោយ ក៏ពួកគាត់ គឺជាចំណែកមួយមិនអាចបំភ្លេចបាន ក្នុងការកសាងស្ថាប័នមួយនេះ ឲ្យរីកចម្រើនដូចសព្វថ្ងៃ»។
លោក ហួត អៀងតុង បានបង្ហាញពីសេចក្តីនឹករលឹក និងចង់ធ្វើការជួបជុំ ជាមួយអតីតបុគ្គលិក និងថ្នាក់ដឹកនាំដើម្បីរក្សាមិត្តភាព បង្កើនភាពស្និទ្ធស្នាល និងពង្រឹងទំនាក់ទំនងកាន់តែស្អិតល្មួតថែមទៀត។ នេះជាសារមួយបញ្ចាក់យ៉ាងច្បាស់ថា ហត្ថាកសិករ តែងតែគិតដល់បុគ្គលិក និងរក្សាទំនាក់ទំនងល្អជានិច្ច បើទោះបីពួកគាត់ បានចេញទៅបម្រើការងារនៅទីកន្លែងផ្សេងៗក៏ដោយ៕
(អត្ថបទពាណិជ្ជកម្ម)