កីឡាជាតិ
ជាតិ
មិនដែល​ឈ្នះ​ថៃ​ទាល់តែសោះ ចុះ​រសៀល​នេះ U18​កម្ពុជា​អាច​បំបែក​កំណត់ត្រា​បានដែរ​ឬទេ​?
09, Aug 2019 , 1:24 pm        
រូបភាព
សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជានៅវៀតណាម ត្រៀមប៉ះជាមួយថៃ, រូបភាពពី FFC
សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជានៅវៀតណាម ត្រៀមប៉ះជាមួយថៃ, រូបភាពពី FFC
ដោយ:
ក្រោយ​បរាជ័យ​ក្នុងជំនួប​បើកឆាក ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា ត្រូវ​បន្ត​ប្រជែង​ជាមួយ U18 ថៃ នា​ជំនួប​លើក​ទី​២​ពូ​ល B នៃ​ពានរង្វាន់ AFF U18 Championship 2019 វេលា​ម៉ោង​៣:៣០​នាទី​រសៀល​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​៩ សីហា​នេះ នៅ​កីឡដ្ឋាន Thanh Long Stadium នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​។ នៅ​ពូ​ល B នេះដែរ ក៏មាន​ការប្រកួត​២​គូ​ទៀត​ផងដែរ​។



​ក្រោយ​បរាជ័យ ៥-១ ក្រោម​ថ្វី​ជើង U18 អូស្ត្រាលី​ក្នុងជំនួប​បើកឆាក​ពូ​ល B នាំ​ឲ្យ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​ត្រូវការ​ឈ្នះ​ថៃ ដែល​បាន​ស្មើ ១-១ ជាមួយ​សិង្ហ​បុរី ដើម្បី​បន្ត​ឱកាស​ប្រជែង​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFF U18 Championship ជា​លើកដំបូង​។ វា​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​កម្ពុជា​ក្នុងការ​យកឈ្នះ​នោះឡើយ ដ្បិត​ថៃ​ជា​ក្រុម​លើក​ពាន​ច្រើនជាងគេ​រហូត​៥​លើក​ប្រចាំ​ពានរង្វាន់​នេះ ខណៈ​លទ្ធផល​ល្អ​បំផុត​សម្រាប់​កម្ពុជា​បាន​ត្រឹម​លេខ​៣​នា​វគ្គ​ជម្រុះ​តាម​ពូ​ល​។

​សម្រាប់​ការជួបគ្នា​៦​លើក​កន្លងមក​កម្ពុជា​មិន​ធ្លាប់​យកឈ្នះ​ថៃ​នោះទេ ពោលគឺ​ពួកគេ​ចាញ់​ទាំង​៦​ប្រកួត​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ការបរាជ័យ​ពីរលើក​ចុងក្រោយ កម្ពុជា​ដែល​ធ្លាប់​ចាញ់​ថៃ​ចន្លោះ​ពី​៥​ទៅ​៧​គ្រាប់ គឺ​ចាញ់​ត្រឹមតែ​១​គ្រាប់​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​២០០៧ កម្ពុជា​បាន​ចាញ់​ថៃ ៧-០, ឆ្នាំ​២០០៩ ៣-០, ឆ្នាំ​២០១១ ៥-០, ឆ្នាំ​២០១៥ ៦-០ តែ​នៅ​ឆ្នាំ​២០១៦ កម្ពុជា​បាន​ចាញ់​ថៃ ២-១ និង​ឆ្នាំ​២០១៧ ចាញ់ ១-០​។ តាមរយៈ​លទ្ធផល​នេះ យើង​អាច​វាយតម្លៃ​បាន​ថា ការ​ប៉ះគ្នា​លើក​ទី​៧​រវាង​ក្រុម​ទាំងពីរ វា​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​តានតឹង និង​ទាក់ទាញ​បំផុត​។  

​នៅ​ពូ​ល B នៅ​ថ្ងៃ​សុក្រ​នេះដែរ ក៏មាន​ការប្រកួត​ពីរ​ទៀតផង​ដែរ ក្នុងនោះ​ក្រុម​ម៉ាឡេស៊ី​ក្រោយ​ចាញ់​វៀតណាម ១-០ ត្រូវ​តទល់​ជាមួយ​សិង្ហ​បុរី ដែល​ស្មើ ១-១ ជាមួយ​ថៃ នៅវេលា​ម៉ោង​៤:៣០​នាទី​រសៀល​នេះ​នៅ​កីឡដ្ឋាន Thong Nhat មុន​ម្ចាស់ផ្ទះ​វៀតណាម​ជួប​ជើង​ខ្លាំង​អូស្ត្រាលី​នៅ​ម៉ោង​៧:៣០​នាទី​យប់​នា​កីឡដ្ឋាន​ដដែល​នេះ​។

​សម្រាប់​ការប្រកួត​ពូ​ល A កាលពី​ថ្ងៃ​ព្រហស្បតិ៍ U18 មី​យ៉ាន់​ម៉ា​បាន​យកឈ្នះ​ហ្វីលីពីន ៤-១ រីឯ​ឥណ្ឌូណេស៊ី​លត់​ទី​ម័​រ​ខាងកើត ៤-០ ខណៈ​ឡាវ ស៊ី ព្រុយ​ណេ ១-០៕




Tag:
 AFF U18 Championship
  U18 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com