ខ្មែរ​ក្រហម
ជាតិ
សពលោក នួន ជា ត្រូវបូជា នៅយប់ថ្ងៃទី៩សីហានេះ
09, Aug 2019 , 1:25 pm        
រូបភាព
ពិធីបូជាសពលោក នួន ជា អតីតមេដឹកនាំលំដាប់ទីពីររបស់ខ្មែរក្រហម នឹងចាប់ផ្តើមនៅយប់ម៉ោង៧ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងវត្តកែវគិរីមរកត ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ នេះបើតាមលោក លីវ សុវណ្ណា មេធាវីរបស់លោក នួន ជា។



លោក លីវ សុវណ្ណា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា លោក និងក្រុមមេធាវីផ្សេងទៀត ដោយមានទាំងមេធាវីអន្តរជាតិផងដែរ កំពុងធ្វើដំណើរទៅខេត្តប៉ៃលិន ដើម្បីចូលរួមពិធីបូជាសពលោក នួន ជា។

លោក នួន ជា បានទទួលមរណភាពក្នុងវ័យ៩៣ឆ្នាំ ក្នុងអគារព្រះសីហនុរាជនៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត កាលពីម៉ោង៦យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។ លោក មានជំងឺមួយចំនួនដូចជា បេះដូងរ៉ាំរ៉ៃ រលាកទងសួតសងខាង ស្ទះសរសៃឈាម លើសឈាម ខ្សោយតម្រង់នោម និង ឈឺចង្កេះ ជាដើម។

នៅព្រឹកថ្ងៃទី៥ ខែសីហា ក្រុមគ្រួសារ ក៏បញ្ជូនសពលោក នួន ជា ទៅធ្វើបុណ្យនៅវត្តកែវគិរីមរកត ក្នុងខេត្តប៉ៃលិន។ លោក នួន ជា កើតនៅខេត្តបាត់ដំបង តែលោក បានចូលមករស់នៅក្នុងខេត្តប៉ៃលិន ជាប់ព្រំដែនថៃ កាលពីឆ្នាំ១៩៩៨ ក្រោយពីលោក និងមេដឹកនាំខ្មែរក្រហមមួយចំនួនទៀត ចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល។

លោក នួន ជា ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០០៧ និង ត្រូវសាលាក្តីខ្មែរក្រហម កាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត កាលពីឆ្នាំ២០១៤ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

លោក នួន ជា មានឋានៈជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ជាប្រធានសភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ។ លោក ត្រូវបានគេចាត់ទុកជាបងធំទីពីរ បន្ទាប់ពី ប៉ុល ពត៕

Tag:
 នួន ជា
© រក្សាសិទ្ធិដោយ thmeythmey.com