ជាតិ
សង្គមជាតិ
ដាច់ផ្លូវមួយខ្សែក្នុងស្រុកព្រៃនប់ ដោយសារទឹកជន់លិច រូបពីហ្វេសប៊ុកលោក ហ៊ុយ ប៊ុនឡេង
× ភ្នំពេញ៖ ផ្លូវមួយខ្សែ ពីព្រលានយន្តហោះឆ្ពោះទៅសមុទ្ររាម ត្រូវបានដាច់ ដោយសារទឹកជន់លិច កាលពីថ្ងៃទី៨ សីហា។ ផ្លូវមួយខ្សែនោះ ស្ថិតនៅចំណុចភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃៀង ភារម្យ បានប្រាប់សារព័ត៌មានថ្មីៗថា នៅពេលនេះ អាជ្ញាធរកំពុងជួយសម្រួលចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់បណ្ដោះអាសន្ននៅទីនោះហើយ។«ទឹកលិចដាច់ផ្លូវលេខ៤៥ កាលពីយប់(ថ្ងៃទី៨ សីហា)មកឥឡូវ ហើយឥឡូវផ្លូវនេះ មិនធ្វើចរាចរណ៍បានឡើយ។ ផ្លូវលំក្នុងភូមិរាមមួយខ្សែទៀតក៏លិចដែរ តែពេលនេះអាចធ្វើដំណើរបាន» ។ នេះជាការបញ្ជាក់របស់លោក ឃៀង ភារម្យ ដែលបានបន្ថែមថា ខេត្តព្រះសីហនុត្រូវបានជន់លិចទឹក ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅព្រឹកថ្ងៃទី៩ខែសីហានេះ បានបញ្ជាក់ថា ខេត្តព្រះសីហនុ មានភ្លៀងធ្លាក់គំហុកជាប់ៗគ្នា ចាប់ពីថ្ងៃទី១ខែសីហាមកម្ល៉េះ។ គិតមកដល់ថ្ងៃនេះ បរិមាណភ្លៀងសរុបមានរហូតដល់ ៨១៤មីលីម៉ែត្រ និងបន្តធ្លាក់ទៅប៉ុន្មានថ្ងៃខាងមុខទៀត ដែលបណ្ដាលឲ្យមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនៅទីនោះ។
ក្រសួងធនធានទឹក ក៏បានបន្ថែមថា ខេត្តរតនគិរី ក៏ជួបបញ្ហាទឹកជំនន់ដែរ ដោយសាររងទឹកភ្លៀង និងទឹកទន្លេស្រែពកឡើងយ៉ាងគំហុក ដែលបណ្ដាលឲ្យប៉ះពាល់ស្រុកចំនួនពីរ គឺស្រុកកូនមុំ និងស្រុកលំផាត់។
ក្រៅពីតំបន់រងគ្រោះទឹកជំនន់ ក៏មានតំបន់មួយចំនួនកំពុងជួបភាពរាំងស្ងួតទៅវិញ ពិសេសនៅភាគពាយ័ព្យប្រទេសដូចជាខេត្តបន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com