ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បដិសេធ​អាហារូបករណ៍​មួយចំនួន សិស្ស​និទ្ទេស A សម្ផស្ស ចាប់យក​អាជីព​សារព័ត៌មាន​!
10, Aug 2019 , 9:19 am        
រូបភាព
​ភ្នំពេញ​៖ យុវតី ឃុន សម្ផស្ស ជា​សិស្ស​និទ្ទេស​A ឆ្នាំ​២០១៦​។ ក្រោយ​ជាប់​និទ្ទេស A យុវតី សម្ផស្ស បាន​បោះបង់​អាហារូបករណ៍​មួយចំនួន ដែល​នាង​ទទួលបាន ហើយ​សម្រេចចិត្ត​ប្រឡង​ចូល​សិក្សា​នៅ​ដេ​ប៉ា​តឺ​ម៉​ង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC)​វិញ​។ យុវតី​វ័យ ២០​ឆ្នាំ​រូបនេះ បានជ្រើសរើស​ជំនាញ​សារព័ត៌មាន​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ ជា​អាជីព​ដែល​នាង​ស្រឡាញ់ និង​ចូលចិត្ត​តាំងពី​កុមារភាព​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ យុវតី ឃុន សម្ផស្ស លើកឡើងថា​៖ «​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន​នេះ ក្រុមគ្រួសារ​ខ្ញុំ ក៏មាន​ការព្រួយបារម្ភ​ចំពោះ​រឿងនេះ​ដែរ​។ ប៉ុន្តែ​ខ្ញុំ​ព្យាយាម​ប្រាប់​ពួកគាត់​ថា កុំ​បារម្ភ​អី ខ្ញុំ​ចេះ​ការពារ និង​ថែរក្សា​ខ្លួនឯងបាន​»​។​



​ក្ដី​ស្រឡាញ់​ចំពោះ​អាជីព​សារព័ត៌មាន បាន​ជំរុញ​ចិត្ត កញ្ញា ឃុន សម្ផស្ស ឲ្យ​ខំប្រឹងប្រែង​រហូត​ជាប់​អាហារូបករណ៍​សិក្សា​នៅ ប៉ា​តឺ​ម៉​ង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC) រយៈពេល​៤​ឆ្នាំ​។ បច្ចុប្បន្ន យុវតី ឃុន សម្ផស្ស ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​ដេ​ប៉ា​តឺ​ម៉​ង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​។ បន្ទាប់ពី​សិក្សា​ផ្នែក​សារព័ត៌​មានបាន​២​ឆ្នាំ​មក សម្ផស្ស នៅតែ​ស្រឡាញ់​ផ្នែក​នេះ ដូច​អ្វីដែល​នាង​ប៉ង​កាលពី​ក្មេង​។ 
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​កញ្ញា ឃុន សម្ផស្ស សិស្ស​និទ្ទេស A ឆ្នាំ​២០១៦ ដូចតទៅ​៖ 

 
 
​ឆ្លើយតប​ជាមួយ​ទឹកមុខ​ញញឹម​តិចៗ យុវតី សម្ផស្ស បញ្ជាក់ថា​៖ « ក្នុង​ជំនាញ​ជា​អ្នកសារព័ត៌មាន​ម្នាក់ គឺមាន​តួនាទី​សំខាន់​ណាស់ ព្រោះ​អ្នកសារព័ត៌មាន​បាន​ចែករំលែក​ព័ត៌មាន  និង​ជា​អ្នក​នាំសារ​ឲ្យ​ពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ពិត និង​ច្បាស់លាស់​»​។ កញ្ញា សម្ផស្ស មានគំនិត​សុទិដ្ឋិនិយម​ចំពោះ​ការងារ​ជា​អ្នកសារព័ត៌មាន ដោយ​នាង​យល់ឃើញថា អ្នកសារព័ត៌មាន បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាជន និង​សង្គមជាតិ​ទាំងមូល​។​
 
​បើទោះបីជា​ការរៀន​ផ្នែក​នេះ មាន​ផល​លំបាក​ក៏ដោយ ក៏​សិស្ស​និទ្ទេស A រូបនេះ បន្ត​ប្តេជ្ញាចិត្ត​ខំប្រឹង​រៀន​ឲ្យ​បាន​ចប់ និង​បំពេញការងារ​ជា​អ្នកសារព័ត៌មាន​ផងដែរ​។ ជាមួយគ្នានេះ សិស្ស​និទ្ទេស A ដែល​មកពី​រាជធានី​ភ្នំពេញ​រូបនេះ បាន​លើកទឹកចិត្ត និង​ជំរុញ​ដល់​សិស្ស​និស្សិត​ដែល​ចង់​សិក្សា​ផ្នែក​សារព័ត៌មាន​ទាំងអស់  ត្រូវ​ហ៊ាន​ស្វះស្វែង​សម្រេច​នូវ​ក្តី​ស្រ​ម៉ៃ​របស់ខ្លួន និង​ជ្រើសរើស​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់​៕
 

Tag:
 និទ្ទេស A
  កាសែត​
  DMC
© រក្សាសិទ្ធិដោយ thmeythmey.com