កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​នៅ Premier League ចំណាយ ១,៧១​ពាន់​លាន​ដុល្លារ​លើ​ការផ្ទេរ​កីឡាករ​មុន​បើក​រដូវ​កាល
09, Aug 2019 , 3:33 pm        
រូបភាព
​ក្លិប​កីឡាបាល់ទាត់​ទាំង​២០ នៃ​ក្របខណ្ឌ Premier League បាន​ចំណាយ​ប្រាក់​សរុប ១,៤១ ពាន់​លាន​ផោន (១,៧១​ពាន់​លាន​ដុល្លារ​អាមេរិក​) ក្នុងអំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​លើក​ទី​១​ប្រចាំ​រដូវ​កាល​២០១៩-២០២០ ដែល​កើន​១៧០​លាន​ដុល្លារ​លើស​ឆ្នាំមុន តែ​ទាប​ជាង​កាលពី​ឆ្នាំ​២០១៧ ដែល​ចាយ​អស់​១,៨៤​ពាន់​លាន​ដុល្លារ​។​


 
​ទីផ្សារ​ដូរ​ដោះ​កីឡាករ​នៅ​អង់គ្លេស​បាន​បិទ​បញ្ចប់​ហើយ​នៅ​យប់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩​។ បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន​គណនេយ្យ Deloitte កាំភ្លើង​ធំ Arsenal បាន​ក្លាយជា​ក្លិប​នៅ​អង់គ្លេស​ដែល​ចំណាយ​ប្រាក់​ច្រើនជាងគេ​លើ​ការទិញ​កីឡាករ​រដូវ​កាល​នេះ ក្នុង​ចំនួន​១៥៥​លាន​ផោន (១៨៨​លាន​ដុល្លារ​អាមេរិក​) តាម​ពីក្រោយ​ដោយ Manchester City (១៨២​លាន​ដុល្លារ​) និង Manchester United (១៧៦​លា​នុ​ល្លារ​)​។​


 
​ក្លិប​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Unai Emery បាន​នាំចូល​កីឡាករ​ល្អៗ​មួយចំនួន​ដូចជា ខ្សែការពារ David Luiz ពី Chelsea ក្នុងតម្លៃ​១០​លាន​ដុល្លារ​អាមេរិក ខ្សែការពារ​ស្លាប Kieran Tierney ពី Celtic តម្លៃ​ជាង​៣០​លាន​ដុល្លារ​ទៅកាន់ Emirates​។ ជាពិសេស Arsenal បាន​ចំណាយលុយ​ធំ​ជា​កំណត់ត្រា​ក្លិប​រហូត​៨៩​លាន​ដុល្លារ​ដើម្បី​នាំយក​ខ្សែបម្រើ Nicolas Pepe ពី Lille​។ 
 
​យ៉ាងណា ពួកគេ​ក៏បាន​ផ្ទេរចេញ​ទៅវិញ ដូចជា Ramsey, Welbeck, Ospina, Koscielny, Jenkinson និង Nketiah ជាដើម ព្រមទាំង​ឆ្លៀត លក់ Alex Iwobi ទៅ Everton បាន​ដល់​ទៅ​៤១​លាន​ដុល្លារ​នៅ​យប់​ថ្ងៃ​ចុងក្រោយ​ថែម​ទៀតផង​។​
 
​នៅ​យប់​ចុងក្រោយ​នេះដែរ Tottenham Hotspur ក៏​ឆក់​បាន​កីឡាករ​ពីររូប ដូចជា​ខ្សែបម្រើ Giovani lo Celso ពី Real Betis ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង និង​ខ្សែការពារ​ស្លាប​ឆ្វេង Ryan Sessegnon ពី Fulham តម្លៃ​៣០​លាន​ដុល្លារ ប៉ុន្តែ​ខកខាន​នាំយក ខ្សែបម្រើ​ឆ្នើម Paulo Dybala ពី Juventus​។​
 
​អ្វីដែល​គួរ​ចាប់អារម្មណ៍ ក្លិប​ទើប​ឡើង​ពី Championship ថ្មី Aston Villa ក៏បាន​ចាយ​លើ​កីឡាករ​មិនធម្មតា​ដែរ គឺ​រហូតដល់​ទៅ ១៥២​លាន​ដុល្លារ​ឯណោះ​។ នេះ​មានន័យថា Aston ចំណាយ​ច្រើន​ដូចដែល Fulham បានធ្វើ​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​នៅតែ​ធ្លាក់​ទៅ​លី​គ​ទី​ពីរ​វិញ​។​
 
​ដោយឡែក Man United ដែល​បំបែក​កំណត់ត្រា​ក្នុងការ​ទិញយក​ខ្សែ​ការ​ថ្លៃ​បំផុត​លើ​លោក Harry Maguire ពី Leicester City ក៏បាន​លក់​ខ្សែប្រយុទ្ធ Romelu Lukaku ទៅ​ឲ្យ Inter Milan ក្នុងតម្លៃ​៩០​លាន​ដុល្លារ​វិញ​ដែរ​។​
 
​សូមបញ្ជាក់ថា នៅ​យប់​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ លី​គ​កំពូល​អង់គ្លេស​បាន​ចំណាយ​២០៦​លាន​ដុល្លារ​អាមេរិក សម្រាប់​កីឡាករ​ចំនួន​១៧​រូប​។​
 
​ខាងក្រោម​នេះ​ជា​កីឡា​ករទាំង​១៧ ដែល​ត្រូវបាន​ដោះដូរ​នៅ​ថ្ងៃ​ចុងក្រោយ​៖
 
Alex Iwobi [Arsenal - Everton] ៤១​លាន​ដុល្លារ​
Meritan Shabani [Bayern Munich - Wolves] មិន​បង្ហា​តម្លៃ​ខ្លួន​
David Luiz [Chelsea - Arsenal] ១០​លាន​ដុល្លារ​
Muhamed Besic [Everton - Sheffield United] ខ្ចី​ជើង​
Michael Verrips [Unattached - Sheffield United] គ្មាន​តម្លៃ​ផ្ទេរ​
Dennis Praet [Sampdoria - Leicester] មិន​បង្ហា​តម្លៃ​ខ្លួន​
Danny Drinkwater [Chelsea - Burnley] ខ្ចី​ជើង រហូតដល់​ខែមករា ឆ្នាំ​២០២០
Giovani lo Celso [Real Betis - Tottenham] ខ្ចី​ជើង​
Scott Carson [Derby - Man City] ខ្ចី​ជើង​
Kieran Tierney [Celtic - Arsenal] ៣០​លាន​ដុល្លារ​
Andy Carroll [West Ham - Newcastle] គ្មាន​តម្លៃ​ផ្ទេរ​
Ismaila Sarr [Rennes - Watford] មិន​បង្ហា​តម្លៃ​ខ្លួន​
Aaron Mooy [Huddersfield - Brighton] ខ្ចី​ជើង​
Ryan Sessegnon [Fulham - Tottenham] ៣០​លាន​ដុល្លារ​
Romaric Yapi [Paris St-Germain - Brighton] មិន​បង្ហា​តម្លៃ​ខ្លួន​
Emil Krafth [Amiens - Newcastle] មិន​បង្ហា​តម្លៃ​ខ្លួន​
Albian Ajeti [Basel - West Ham] ១០​លាន​ដុល្លារ​

Tag:
 Premier League
  Deloitte
© រក្សាសិទ្ធិដោយ thmeythmey.com