អន្តរជាតិ
បាតុករ​ហុងកុង តវ៉ា​នៅ​ព្រលានយន្តហោះ​ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​អ្នកដំណើរ​អន្តរជាតិ​
09, Aug 2019 , 4:00 pm        
រូបភាព
បាតុករហុងកុងតវ៉ានៅព្រលានយន្តហោះហុងកុង។ រូបភាព AFP
បាតុករហុងកុងតវ៉ានៅព្រលានយន្តហោះហុងកុង។ រូបភាព AFP
​ក្រុមបាតុករ​ហុងកុង ដែល​ជួបជុំគ្នា​តាមផ្លូវ​រហូត​ធ្វើ​ឲ្យ​ញាប់​ញ័រ​ទីក្រុង​ហិរញ្ញវត្ថុ​នេះ​ជាច្រើន​សប្ដាហ៍​មកនេះ បានដាក់​គោលដៅ​តវ៉ា​ថ្មី​។ នៅ​ថ្ងៃទី​៩ ខែសីហា​នេះ ក្រុមបាតុករ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ហុងកុង ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​អ្នកដំណើរ​អន្តរជាតិ​ដែល​ឆ្លងកាត់​ព្រលានយន្តហោះ​ដ៏​មមាញឹក​មួយ​នេះ​។ ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន បានស្នើ​ឲ្យ​អ្នកដំណើរ​ប្រញាប់​មកកាន់​ព្រលាន បើ​មិន​ចង់​ខកដំណើរ​។

 
​បាតុករ​រាប់រយ​នាក់​ដែល​ខ្លះ​ស្លៀកពាក់​ខ្មៅ និង​ពាក់​ម៉ាស់​ផង​នោះ បាន​ប្រមូលគ្នា​នៅ​សាល​មកដល់​របស់​ព្រលានយន្តហោះ​ហុងកុង​ដើម្បី​ធ្វើបាតុកម្ម​អង្គុយ​រយៈពេល​បី​ថ្ងៃ ដែល​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ខាងមុខនេះ​។ បាតុករ​ហុងកុង​ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​ជាប់គាំង​អស់​ប៉ុន្មាន​សប្ដាហ៍​មកហើយ​នោះ បានជ្រើសរើស​ព្រលានយន្តហោះ​ដ៏​រវល់​មួយ​របស់​ពិភពលោក​ក្នុង​គោលដៅ​ទាក់ទាញ​សមានចិត្ត​ពី​អ្នកដំណើរ​បរទេស​ឲ្យ​យល់​ពី​ចលនា​របស់​ពួកគេ​។​
 
​ការផ្លាស់ប្ដូរ​ទីតាំង​តវ៉ា ស្ថិតក្រោម​ការឃ្លាំមើល​យ៉ាង​ម៉ត់ចត់​ដោយ​ប៉ូលិស​ហុងកុង ដែល​ត្រូវបាន​ក្រុមបាតុករ​ចោទថា ប្រើ​អំពើហិង្សា​លើ​ពួកគេ​។ បើតាម​កាសែត​ហុងកុង South China Morning Post អ្នករៀបចំ​ការតវ៉ា​អង្គុយ​មួយកន្លែង​នេះ មិនអាច​ផ្ដល់​ចំនួន​អ្នកចូលរួម​ជាក់លាក់​ឡើយ តែ​រំពឹងថា មាន​អ្នកចូលរួម​ខ្ទង់ពាន់​នាក់​ឯណោះ​។ អ្នករៀបចំ​ម្នាក់​ត្រកូល Lee និយាយថា ពួកគេ​បានធ្វើការ​ជាមួយ​បុគ្គលិក​ព្រលាន​ដើម្បី​ធានា​ពី​ការតវ៉ា​ដោយ​សន្តិភាព និង​សង្ឃឹមថា ប៉ូលិស​នឹង​គោរព​ការប្រមូល​នេះ​។​
 
«​ជួយសង្គ្រោះ​ហុងកុង​ពី​អំពើ​ផ្ដាច់ការ និង​ភាពឃោរឃៅ​របស់​ប៉ូលិស​។ សូម​សួរ​ខ្ញុំ​ពី​ហុងកុង​។​» នេះ​ជា​សំណេរ​លើ​បដា​លើ​ដែល​ដោយ​បាតុករ​នៅឯ​អាកាសយានដ្ឋាន​ហុងកុង​។ 
 
​អ្នកដំណើរ​ខ្លះ​ដែល​ឆ្លងកាត់​ព្រលានយន្តហោះ​មមាញឹក​នេះ ភ្ញាក់ផ្អើល​នឹង​ការតវ៉ា​។ អ្នកដំណើរ​ជនជាតិ​ជប៉ុន​ឈ្មោះ Mio Tomoda និយាយថា ការតវ៉ា​របស់​ពលរ​ដ្ឋ​ហុងកុង ជា​រឿង​ត្រឹមត្រូវ ព្រោះ​ហុងកុង​មិនមែនជា​ចិន​ឡើយ​។ ចំណែក​អ្នក​ជនជាតិ​បារាំង​ឈ្មោះ Clara Boudehen បាន​ហៅ​ការតវ៉ា​របស់​ប្រជាជន​ហុងកុង ជា​រឿង​សំខាន់​ដែល​ប្រជាជន​បាន​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​អំឡុង​បាតុកម្ម​នេះ អាជ្ញាធរ​ព្រលានយន្តហោះ​ហុងកុង បានដាក់​ចេញ​វិធានការ​ដើម្បី​បញ្ចៀស​ការកកស្ទះ​របស់​អ្នកដំណើរ ពិសេស​អ្នកដំណើរ​ដែល​ត្រូវ​ចាក​ចេញពី​ហុងកុង​។ ទោះ​មាន​វិធានការ​ក្ដី អ្នកដំណើរ​ក៏ត្រូវ​បានស្នើ​ឲ្យ​ទៅដល់​ព្រលានយន្តហោះ​ឲ្យ​បាន​លឿន កុំ​ឲ្យ​ខក​ជើងហោះហើរ​របស់​ពួកគេ ខណៈ​ចំនួន​អ្នកចូលរួម​តវ៉ា ទំនង​កើនឡើង​ថែមទៀត​នៅ​ចុង​សប្ដាហ៍​ខាងមុខ​ព្រោះ​ជា​ថ្ងៃ​សម្រាក​៕

Tag:
 ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com