ជាតិ
ប្ដី​-​ប្រពន្ធ​ជាជាង​សំណង់ នៅ​ព្រះសីហនុ បាន​ស្លាប់ ដោយសារ​របង​ផ្ទះ​បាក់​លើ​
09, Aug 2019 , 4:14 pm        
រូបភាព
​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង បានធ្វើ​ឲ្យ​របង​ផ្ទះ​បាក់​លើ​កន្លែង​ស្នាក់នៅ​របស់​ប្តី​-​ប្រពន្ធ​ជា​កម្មករសំណង់ ហើយ​បណ្តាល​ឲ្យ​ពួកគេ​ទាំងពីរ​នាក់ បាត់បង់​ជីវិត ពេល​ទៀបភ្លឺ ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩​។ នៅមាន​បុរស​ជនជាតិ​ម្នាក់ទៀត ក៏បាន​ស្លាប់​ដែរ ដោយសារតែ​របង​ឃ្លាំង​សង្កត់​លើ​។


 
​លោក ជួន ណា​រិន្ទ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា កន្លែង​ស្នាក់នៅ​របស់​ប្តី​-​ប្រពន្ធ​នោះ ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ឯ​កន្លែង​ដែល​បុរស​ជនជាតិ​ចិន រងគ្រោះ គឺ​នៅក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​។ លោក ជួន ណា​រិន្ទ អះអាងថា ពេលនេះ មិនមាន​អ្នករងរបួស​ឬ​ស្លាប់​បន្ត​ទៀតឡើយ​។​
 
​នៅ​ព្រឹក​ថ្ងៃទី​៩​ខែសីហា​នេះ ក្រសួង​ធនធានទឹក​បានចេញ​សេចក្ដីជូនដំណឹង ដោយ​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់​យ៉ាងគំហុក​ជាប់ៗ​គ្នា ចាប់ពី​ថ្ងៃទី​១​ខែសីហា​មកម្លេះ ហើយនឹង​បន្ត​ធ្លាក់​ទៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​។ 
 
​ក្រសួង​ធនធានទឹក បន្ថែមថា ខេត្តរតនគិរី ក៏​ជួប​បញ្ហា​ទឹកជំនន់​ដែរ ដោយសារ​ទឹក​ភ្លៀង និង​ទឹក​ទន្លេស្រែពក​ឡើង​យ៉ាងខ្លាំង ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​កូន​មុំ និង​ស្រុក​លំផាត់​៕ 

Tag:
 ទឹក​ជន់
© រក្សាសិទ្ធិដោយ thmeythmey.com