ជាតិ
បាក់ឌុប
ចំណុចអ្វីខ្លះដែលបេក្ខជនបាក់ឌុបត្រូវចៀសវាងពេលប្រឡង?
×
ដោយ៖ ឃុន សម្ផស្ស
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសស្តីពីបទប្បញ្ញត្តិ និងកម្រិតវិន័យសម្រាប់បេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩។ បទប្បញ្ញត្តិ និងកម្រិតវិន័យដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន កាលពីថ្ងៃទី១៥ ខែកក្កដា នេះក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងការប្រឡង។
«មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទីពីរ»។ នេះជាការប្រការគួរយកចិត្តទុកដាក់បំផុតក្នុងនាមជាបេក្ខជនប្រឡងម្នាក់ដែលក្រសួងបានរំលឹក និងដាក់កំហិត។ ការស្លៀកពាក់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ ការយកជាតិផ្ទុះ ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាត។
សម្ភារសិក្សាដូចជាសៀវភៅ និងសំណៅឯកសារគ្រប់រូបភាព កាតាប កាបូបយួរដៃ ថង់ និងទឹកលុបពណ៌ស ជាដើមនោះ ក៏មិនត្រូវមានវត្តមាននៅជាប់ជាមួយបេក្ខជនប្រឡងនោះដែរ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីអប់រំ បានក្រើនរំលឹកទាក់ទងនឹងការបង្ហាញអាកប្បកិរិយាមិនគប្បីមួយចំនួនដូចជា ចូលបន្ទប់ប្រឡងមុនអនុរក្សហៅឈ្មោះ ការប្រើពាក្យសម្តីមិនសមរម្យ ការបដិសេធ ការប្រឆាំងតបត ឬបាតុភាពបង្កដោយពាក្យសំដៅ និងកាយចំពោះអ្នកត្រួតពិនិត្យ។
អ្វីដែលគួរចៀសវាងបន្ថែមទៀតនោះ គឺមិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណាដែលគ្មានហត្ថលេខារបស់អនុរក្ស, មិនត្រូវចម្លងប្រធានវិញ្ញសាចូលក្នុងក្រដាសដទៃ, មិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង, មិនត្រូវងើបឈរ ឬងាកឆ្វេង ស្តាំ ដោយគ្មានការអនុញ្ញាតពីអនុរក្ស, មិនត្រូវប្តូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង, មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ, មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន, មិនត្រូវបំផ្លាញ ឬធ្វើឲ្យខូចខាតសម្ភារៈក្នុងបន្ទប់ប្រឡង, មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែមលើសន្លឹកកិច្ចការ៕
© រក្សាសិទ្ធិដោយ thmeythmey.com