អន្តរជាតិ
ឥណ្ឌា ស្នើ​ប៉ា​គី​ស្ថាន​គិតគូរ​រឿង​ទម្លាក់​ទំនាក់ទំនង​ការទូត​ឡើងវិញ
09, Aug 2019 , 8:39 pm        
រូបភាព
បាតុកម្មប្រឆាំងឥណ្ឌានៅប៉ាគីស្ថាន។ រូបភាព AFP
បាតុកម្មប្រឆាំងឥណ្ឌានៅប៉ាគីស្ថាន។ រូបភាព AFP
​ទីក្រុង​ញូ​វ​ដេលី បាន​ទទូច​ឲ្យ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ គិតគូរ​ឡើងវិញ​ពី​ការទម្លាក់​ទំនាក់ទំនង​ការទូត​ទ្វេភាគី និង​ការ​កាត់ផ្ដាច់​ទំនង​ពាណិជ្ជកម្ម​នោះ ក្រោយ​ឥណ្ឌា​ដកហូត​អំណាច​ស្វ័យភាព​ពី​រដ្ឋកា​ស្មៀ​រ​នោះ​។ ឥណ្ឌា​នៅតែ​ចាត់ទុក​ការសម្រេចចិត្ត​នៅ​ដើម​សប្ដាហ៍​នេះ ជា​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ដដែល​។ ក្នុងន័យ​សម្រាល​ស្ថានការណ៍ ឥណ្ឌា​ក៏​ប្រាប់​ប៉ា​គី​ស្ថាន​ដែរ​ថា វា​ជា​វិធានការ​ដើម្បី​អភិវឌ្ឍ​តំបន់​សម្បូរ​ជន​មូស្លីម​មួយ​នេះ​។

 
​ការសម្រេចចិត្ត​របស់​ឥណ្ឌា​ក្នុង​ការដកហូត​ឋានៈ​ពិសេស​របស់​រដ្ឋកា​ស្មៀ​រដែ​ល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន និង​ការលើកលែង​ការហាមឃាត់​ជនជាតិ​ឥណ្ឌា​ផ្សេងទៀត​ទៅ​ស្នាក់នៅ​អចិន្ត្រៃយ៍​នៅ​កា​ស្មៀ​រ កំពុង​ក្លាយជា​ប្រធានបទ​ក្ដៅគគុក ហើយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ធ្លាក់ចុះ​ដល់​ដំណាក់កាល​ទាប​បំផុត​ជាថ្មីទៀត​។ ប៉ា​គី​ស្ថាន បាន​ប្រតិកម្ម​ខ្លាំង​នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ។ 
 
​ប៉ា​គី​ស្ថាន ដែល​កាន់កាប់​កា​ស្មៀ​រ​មួយផ្នែក​ដែរនោះ បានប្រកាស​ទម្លាក់​ទំនាក់ទំនង​ការទូត​ជាមួយ​ឥណ្ឌា បណ្ដេញ​អគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​ឲ្យ​ទៅ​ស្រុក​វិញ ហើយ​អគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​ដែល​គ្រោង​ចាប់ផ្ដើម​ការងារ​នៅ​រដ្ឋធានី​ញូ​វ​ដេលី ក៏​ត្រូវបាន​សកម្មភាព​បណ្ដោះអាសន្ន​ដែរ​។ លើសពីនោះ ក្រុង​អ៊ី​ស្លា​ម៉ា​បាដ ក៏បាន​ប្រកាស​ផ្អាក​ទំនាក់ទំនង​ពាណិជ្ជកម្ម ហើយ​ប្រព័ន្ធ​រថភ្លើង​ទៅកាន់​ឥណ្ឌា ក៏ត្រូវ​ផ្អាក​ដូចគ្នា​ដែរ​។ 
 
​ឆ្លើយតប​នឹង​ចំណាត់ការ​ធ្ងន់​ដៃ​របស់​ប៉ា​គី​ស្ថាន ឥណ្ឌា មិន​ប្រើប្រាស់​សម្ដី​ខ្លាំង​វិញ​ដែរ​។ ក្រសួងការបរទេស​ឥណ្ឌា បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​ការ​វិធានការ​របស់រ​បស់​ប៉ា​គី​ស្ថាន និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ ត្រួតពិនិត្យ​ឡើងវិញ​រាល់​ចំណាត់ការ​ទាំងនេះ សំដៅ​ថែទាំ​ប្រព័ន្ធ​ទំនាក់ទំនង​ការទូត​សព្វថ្ងៃ​។ មិនមែន​តែ​ប៉ា​គី​ស្ថាន​ឡើយ សូម្បីតែ​ចិន​ក៏​មិន​ពេញ​ចិត្តនឹង​វិធានការ​របស់​ឥណ្ឌា​ដែរ ព្រោះ​វា​ក៏បាន​គ្របដណ្ដប់​ទឹកដី Ladakh ដែល​ខ្លួន​ទាមទារ​សិទ្ធិ​គ្រប់គ្រង​ផង​។ 
 
​និយាយ​ពី​ទឹក​ដីកា​ស្មៀ​រ​ដែល​ត្រូវ​ពុះ​ច្រៀក​ដោយ​ឥណ្ឌា ប៉ា​គី​ស្ថាន និង​ចិន​នេះ ទឹកដី​រដ្ឋ​មួយ​នេះ​ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ឥណ្ឌា កំពុងស្ថិត​ក្នុងស្ថានភាព​បិទ​ជិត​ដដែល​។ ក្រុង​ញូ​វ​ដេលី បាន​បិទ​ប្រព័ន្ធ​ទូរ​សព្ទ អ៊ីនធឺណិត និង​ទូរទស្សន៍​នៅ​កា​ស្មៀ​រ ដាក់​បម្រាម​គោចរ និង​ចាប់ចង​មនុស្ស​រាប់រយ​នាក់​។ អ្នកនយោបាយ​ក្នុងស្រុក​នៅ​កា​ស្មៀ​រ​ជាច្រើន​នាក់ ក៏​ស្ថិតក្នុង​ការឃុំខ្លួន​ក្នុងផ្ទះ​ដើម្បី​បញ្ចៀស​ការប្រមូលផ្ដុំ​ធ្វើបាតុកម្ម​។​
 
​យោធា​ឥណ្ឌា​រាប់ពាន់នាក់ បន្ត​ល្បាត​នៅតាម​ដងផ្លូវ​ក្នុង​ទឹក​ដីកា​ស្មៀ​រ ខណៈ​មេដឹកនាំ​ក្នុង​តំបន់​បាន​ព្រមាន​ពី​ផលវិបាក​ដែល​កើតឡើង​ដោយ​ការសម្រេចចិត្ត​របស់​ក្រុង​ញូ​វ​ដេលី​ដែល​ទាញ​កា​ស្មៀ​រ​យកទៅ​គ្រប់គ្រង​ដោយផ្ទាល់​នោះ​។ ទោះជា​មានការ​ផ្ដាច់​ប្រព័ន្ធ​ទំនាក់ទំនង​មែន បាតុកម្ម​ទ្រង់ទ្រាយ​តូចៗ នៅតែ​ផ្ទុះឡើង​នៅ​ទីក្រុង Srinagar ដែលជា​ទីក្រុង​ធំ​នៃ​តំបន់​កា​ស្មៀ​រ គ្រប់គ្រង​ដោយ​ឥណ្ឌា​៕ 

Tag:
 ឥណ្ឌា​
  ប៉ា​គី​ស្ថាន​
  កា​ស្មៀ​រ
© រក្សាសិទ្ធិដោយ thmeythmey.com