ជាតិ
ជំនន់នៅខេត្តព្រះសីហនុ៖ អាជ្ញាធរព្យាយាមរំដោះទឹកចេញ រីឯពលរដ្ឋត្រូវជម្លៀសទៅទីទួលសុវត្ថិភាព
× ស្ថានទឹកនៅខេត្តព្រះសីហនុ មានស្រកចុះឡើងវិញនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ដោយពលរដ្ឋដែលស្ថិតនៅតំបន់ប៉ះពាល់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព រីឯអាជ្ញាធរព្យាយាមរំដោះទឹកចេញពីក្រុងឲ្យបានឆាប់រហ័ស។ បច្ចុប្បន្ន តំបន់មួយចំនួនត្រូវបានកាត់ផ្តាច់អគ្គិសនី និងទឹកប្រាស់ ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋ។
នៅព្រឹកថ្ងៃសៅរ៍នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះទៅកាន់ខេត្តព្រះសីហនុផ្ទាល់ ជាមួយលោកអភិបាលខេត្ត គួច ចំរើន ដើម្បីដោះស្រាយបញ្ហាទឹកលិចក្រុងព្រះសីហនុ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានបញ្ជាឲ្យដាក់គ្រឿងចក្រ ដើម្បីកាយប្រឡាយឲ្យជ្រៅជាងមុន និងធំជាងមុន សម្រាប់ការរំដោះទឹកចេញពីក្រុងឲ្យបានឆាប់រហ័ស។
អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃៀង ភារម្យ បានបញ្ជាក់ប្រាប់សារព័ត៌មាន Thmey Thmey ថា៖ ««ប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកព្រៃនប់ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ហើយកំណាត់ផ្លូវលេខ៣ ចំណុចវាលរេញ ទៅស្ពានកំពង់ស្មាចត្រូវបានផ្អាកចរាចរណ៍បណ្ដោះអាសន្ន។ អគ្គិសនី នៅតំបន់មួយចំនួនក្នុងខេត្តត្រូវផ្អាក ដើម្បីជៀសវាងការឆ្លងចរន្តអគ្គិសនីនិងធានាសុវត្តិភាព ហើយរួមទាំងទឹកផងដែរ»។
លោកបានបន្តថា ទឹកចាប់ផ្ដើមស្រក។ ចំពោះពលរដ្ឋនៅក្នុងអគារ៩ជាន់ នៅសង្កាត់ទី៤ ទល់មុខរង្វងមូលតោ២ ត្រូវបានសមត្ថកិច្ចជម្លៀសចេញទៅកន្លែងមានសុវត្ថិភាព រីឯពលរដ្ឋរស់នៅជុំវិញអគារសមត្ថកិច្ចកំពុងអន្តរាគមន៍ និងត្រួតពិនិត្យ ខណៈអគារនេះ ត្រូវបញ្ឈប់ការសាងសង់។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី៩សីហា ក្រុមហ៊ុនអានកូ បានប្រកាសថា ទឹកមានការកើនឡើងជាគំហុកបានហូរច្រោះដាច់ផ្លូវ និងដួលរលំបង្គោលភ្លើងបណ្តាលឲ្យដាច់ចរន្តអគ្គិនី ជាហេតុធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកនៅក្រុងព្រះសីហនុទាំងមូល។
ពាក់ព័ន្ធនឹងទឹកជន់លិចខ្លាំងពេលនេះ លោក ឃៀង ភារម្យ អះអាងថា៖ «កត្តាចម្បងគឺ អាកាសធាតុ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ថ្ងៃទី១មក ហើយកត្តាមួយទៀត គឺសំណង់អនាធិបតេយ្យនៅតាមប្រព័ន្ធប្រឡាយទឹក និងសំរាមកកស្ទះនៅតាមប្រព័ន្ធប្រឡាយជាដើម»។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្នុងស្ថានភាពទឹកជន់លិចនេះ ខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ជាប់ជាប្រចាំ បណ្តាលឲ្យមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនៅតំបន់មួយចំនួន ហើយបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់មានពលរដ្ឋខ្មែរពីរនាក់ និងជនចិនមួយនាក់ ។ រីឯទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត៕
Tag:
ខេត្តព្រះសីហនុ
ជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com