កីឡាជាតិ
ជាតិ
លោក សុខ សប្បាយ​ណា​៖ អ្នកមាន​ទេពកោសល្យ​ក្នុង​ការប្រកួត​ថ្នាក់ជាតិ អាច​ក្លាយជា​យុវជន​ថ្នាល​កីឡា​ប៉េតង់​
10, Aug 2019 , 12:15 pm        
រូបភាព
លោក  សុខ  សប្បាយ ណា  បោះប៊ូលជានិមិត្តរូបដេីម្បីបេីកការប្រកួតជេីងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ ២០១៩
លោក សុខ សប្បាយ ណា បោះប៊ូលជានិមិត្តរូបដេីម្បីបេីកការប្រកួតជេីងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ ២០១៩
ដោយ:
​កីឡាករ​កីឡាការិនី​មកពី​បណ្តា​ខេត្ត​នានា នឹង​ទទួលបាន​ឱកាស​ក្លាយជា​យុវជន​ថ្នាល​របស់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បើ​ពួកគេ​បង្ហាញ​ភាពលេច​ធ្លោ​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៩-១១ ខែសីហា នៅ​ទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ បើតាម​លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ ការប្រកួត​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ឲ្យ​យុវជន​មកពី​ខេត្ត​នានា​បានបង្ហាញ​សមត្ថភាព និង​ពង្រឹងសមត្ថភាព​សម្រាប់​ត្រៀម​ការប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ​ជាដើម​។

 
​វា​ជាការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​ក៏ពិតមែន តែ​កីឡាករ​កីឡាការិនី​អាច​ទទួលបាន​ឱកាស​ក្លាយជា​យុវជន​ថ្នាល​ប្រចាំ​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ព្រោះ​សហព័ន្ធ​នេះ​នឹង​ចាត់​អ្នកជំនាញ​ឲ្យ​ត្រួតពិនិត្យ​និង​តាមដាន​មើល​កីឡាករ​កីឡាការិនី​មាន​ទេព​កោ​ល​ស្យ និង​សមត្ថ​ភាពល្អៗ ដើម្បី​ប្រមូលផ្តុំ​ហ្វឹកហាត់​ជា​យុវជន​ថ្នាល​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សុខ សប្បាយ​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា នា​ពិធី​បើក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីលាន​ប៉េតង់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
«​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ជា​ឱកាស​សម្រាប់​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​សម្លឹងមើល​កីឡាករ​កីឡាការិនី ដែល​ប្រកបដោយ​សក្តានុពល និង​ឆន្ទៈ​ស្រឡាញ់​កីឡា​នេះ ដើម្បី​ចូលរួម​ប្រមូលផ្តុំ​ហ្វឹកហាត់​ប្រចាំ​សហព័ន្ធ​។ ដោយសារ​ប៉េតង់​ជា​កីឡា​សក្តានុពល​ដែល​ធ្លាប់​ឈ្នះ​មេដាយមាស​ថ្នាក់​តំបន់​និង​ពិភពលោក ដូច្នេះ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ដើម្បី​កិត្តិនាម​ជា​ម្ចាស់​មេដាយមាស​សម្រាប់​កម្ពុ​ជា​»​។ នេះ​ជាការ​លើកឡើង​របស់លោក សុខ សប្បាយ​ណា​។ 


 
​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​រូបនេះ បាន​បន្ថែមថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​មិន​ត្រឹមតែ​ផ្តល់ឱកាស​ឲ្យ​កីឡាករ​មកពី​តាម​បណ្តា​ខេត្ត​នានា​បានបង្ហាញ​សមត្ថភាព​ប៉ុណ្ណោះ​ទេ តែ​ឱកាស​ក្នុង​ការកសាង​បទពិសោធ និង​អភិវឌ្ឍន៍​សមត្ថភាព ដើម្បី​ត្រៀម​ការប្រកួត​ថ្នាក់ជាតិ​និង​អន្តរជាតិ​នានា​។ ការប្រកួត​ទាំងនោះ​រួមមាន​ពានរង្វាន់​សម្តេច​វិបុល​បញ្ញា សុខ អាន ពានរង្វាន់​សម្តេច ស ខេង ជើងឯក​យុវជន​និង​ស្ត្រី​ពិភពលោក និង​ការ​តៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣ ជាដើម​។​
 
​ជាមួយគ្នានេះ​លោក ប៊ូ ជុំ​សេរី អនុប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី​ដែល​ចូលរួម​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដោយ​ឈរលើ​គោលការណ៍ Fair Play និង​ជៀសវាង​ប្រើ​ក្បិ​ច​កល​នានា​ដើម្បី​យកឈ្នះ​គូប្រកួត ដែល​នាំ​ប៉ះពាល់​ដល់​កិត្តិយស​ក្លិប និង​ខ្លួនឯង​។ ការប្រកួត​នេះ វា​ជា​ឱកាស​សម្រាប់​កីឡាករ​ក្នុងការ​បង្ហាញ​សមត្ថភាព ដែល​បាន​ហ្វឹកហាត់​កន្លងមក ដើម្បី​ទាក់ទាញ​ចិត្ត​របស់​ថ្នាក់ដឹកនាំ​ក្នុងការ​ក្លាយជា​កីឡាករ​ជម្រើសជាតិ​និង​ថ្នាល​ប្រចាំ​សហព័ន្ធ​។ 


 
​លោក ប៊ូ ជុំ​សេរី ដែលជា​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ផងដែរ​នោះ ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាកណ្តាល​ចៅក្រម​ប្រើ​ចំណេះ​ជំនាញ​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់​នៃ​ការប្រកួត​ក្នុងការ​កាត់ក្តី​ជូន​កីឡាករ​កីឡាការិនី​ផងដែរ​។ ការជំរុញ​បែបនេះ គឺ​ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ជូន​កីឡាករ​កីឡាការិនី ដែល​បាន​ខិតខំ​ហ្វឹកហាត់​កន្លងមក ពិសេស​ដើម្បី​កុំ​ឲ្យ​ពួកគេ​បាក់​ទឹកចិត្ត រួចហើយ​បោះបង់​ការព្យាយាម​។​
 
​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​មាន​កីឡាករ​កីឡាការិនី​ចំនួន​២២៧​នាក់​ចូលរួម ដោយ​ពួកគេ​មក​២៧​ក្លិប​-​សមាគម​។ ពួកគេ​ត្រូវ​ប្រកួតប្រជែង​លើ​៥​វិញ្ញាសា​រួមមាន​វិញ្ញាសា ក​១ ៣​នាក់​ទល់​៣​នាក់​បុរស​, វិញ្ញាសា​ក​២ ៣​នាក់​ទល់​៣​នាក់​បុរស​, វិញ្ញាសា​ស្ត្រី​៣​នាក់​ទល់​៣​នាក់​, យុវជន​៣​នាក់​ទល់​៣​នាក់ និង​វិញ្ញាសា​យុវនារី​១​នាក់​ទល់​១​នាក់​។ ការប្រកួត​ដែល​ប្រើ​រូបមន្ត​វិលជុំ​នេះ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៩-១១ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​៕    

Tag:
 ប៉េតង់​
  សុខ សប្បាយ​ណា​
  ប៊ូ ជុំ​សេរី
© រក្សាសិទ្ធិដោយ thmeythmey.com