លោក លឹម ស៊ុយ​ហេង កែច្នៃ​ចង្ក្រាន​បរិស្ថាន អាច​ដុត​ប្លា​ស្ទិ​ក និង​ប្រើ​ឧស​តិច
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក លឹម ស៊ុយ​ហេង កែច្នៃ​ចង្ក្រាន​បរិស្ថាន អាច​ដុត​ប្លា​ស្ទិ​ក និង​ប្រើ​ឧស​តិច
10, Aug 2019 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ លោក លឹម ស៊ុយ​ហេង ជា​កូន​ខ្មែរ​ម្នាក់ ដែលមាន​គំនិត​ច្នៃប្រឌិត​ក្នុង​ការធ្វើ​ចង្ក្រាន​បរិស្ថាន ឬ​ហៅ​ជា​ភាសា​បច្ចេកទេស​ថា ចង្ក្រាន​ចំហេះ​ជីវម៉ាស​។ ជា​មនុស្ស​ចូលចិត្ត​ស្រាវជ្រាវ លោក លឹម ស៊ុយ​ហេង បាន​រៀន​ពី​យូ​ធូប និង Google ហើយ​ក៏បាន​កែច្នៃ​ចង្ក្រាន​បរិស្ថាន​នេះ រហូត​ទទួលបាន​ជោគជ័យ​។ បើតាម លោក លឹម ស៊ុយ​ហេង ការធ្វើ​ចង្ក្រាន​នេះ គឺ​ក្នុង​បំណង​កាត់បន្ថយ​ផ្សែង និង​ការប្រើប្រាស់​ឧស​តិច ដែលជា​ផ្នែក​មួយ​ជួយ​ដល់​បរិស្ថាន​។  អ្វីដែល​ពិសេស​នោះ ចង្ក្រាន​នេះ ក៏​អាច​ដុត​សំរាម​ប្លា​ស្ទិ​ក ដើម្បី​ចម្អិន​ម្ហូបអាហារ​បាន​យ៉ាង​ងាយស្រួល​ទៀតផង​។


 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​ជីវ​ព័ត៌មាន ដែល​រៀបចំ​ដោយ​លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖ 



 
​ចង្ក្រាន​បរិស្ថាន ឬ​ចង្ក្រាន​ចំហេះ​ជីវម៉ាស ត្រូវបាន​បង្កើតឡើង​ដោយ លោក លឹម ស៊ុយ​ហេង ជា​ពលរដ្ឋ​រស់នៅ​សង្កាត់​គង​ណ​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ លោក លឹម ស៊ុយ​ហេង វ័យ​៤០​ឆ្នាំ ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូលហេតុ​ដែល​លោក​ដាក់ឈ្មោះ​ចង្ក្រាន​កែច្នៃ​មួយ​នេះ​ថាចង្ក្រាន​បរិស្ថាន ព្រោះតែ​វា​អាច​សន្សំសំចៃ​ឧស​បាន​រហូត ៣​ដង និង​ពុំមាន​ផ្សែងហុយ​ទៅកាន់​បរិយាកាស​ឡើយ​។ 


 
​លោក លឹម ស៊ុយ​ហេង បាន​ពន្យល់​ពី​លក្ខណៈពិសេស​របស់​ចង្ក្រាន​ចំហេះ​ជីវ​មាស​នេះ​ដូច្នេះ​ថា​៖«​វា​កាត់បន្ថយ​ផ្សែង​ហ្នឹង ព្រោះ ចង្ក្រាន​ហ្នឹង វា​ឆេះ​ទាំង​ឧស និង​ឆេះ​ទាំង​ផ្សែង​ផង​។ ធម្មតា ចង្ក្រាន​ខ្មែរ​ដែល​ប្រើ​រាល់ថ្ងៃនេះ កាលណា​យើង​ដុត វា​ឆេះ​ឧស តែ​ផ្សែង​ហ្នឹង​ហុយ​ទ្រលោម ប៉ុន្តែ ចង្ក្រាន​នេះ មិន​ហុយផ្សែង​នៅក្នុង​ផ្ទះ ឬ​ចូលក្នុង​បរិស្ថាន​នោះទេ​។ អ៊ីចឹង​ហើយ​ទើប​យើង​ហៅ​វា​ថា​ជា​ចង្ក្រាន​បរិស្ថាន​»​។​
 
​ចង្ក្រាន​បរិស្ថាន​នេះ បានធ្វើ​ពី​ដែក​ផ្សារភ្ជាប់​គ្នា ដោយ​ខ្លះ​មាន​រាង​ជ្រុង និង​ខ្លះទៀត​មាន​រាង​មូល​។  ក្រៅពី​សន្សំសំចៃ​ឧស និង​គ្មាន​ផ្សែងហុយ ចង្ក្រាន​កែច្នៃ​មួយ​នេះ ក៏​អាច​ដុត​សំរាម​ប្លា​ស្ទិ​ក សម្រាប់​ចម្អិន​អាហារ​បាន​ដោយ​ងាយស្រួល​ទៀតផង​។ 
 
​លោក លឹម ស៊ុយ​ហេង ពន្យល់​បន្ថែម​៖ «​អ្វីដែល​ខ្ញុំ​ចូលចិត្ត​ជាងគេ គឺ​ចង្ក្រាន​នេះ​ដុត​សំរាម​បាន ព្រោះ​ខ្មែរ​យើង​ពេល​ដុត​សំរាម គាត់​ដុត​នៅមុខ​ផ្ទះ ឬ​កៀន​របង ធ្វើ​ឲ្យ​ហុយ​ជាតិ​ប្លា​ស្ទិ​ក មាន​ក្លិន​ឈ្ងៀម​ពុល​មួយ​ភូមិ​។ តែបើ​យើង​ដុត​ក្នុង​ចង្ក្រាន​នេះ អត់​មាន​នរណា​ដឹងថា យើង​ដុត​សំរាម​ទេ​។ ប៉ុន្តែ​យើង​ត្រូវ​ចេះ​គ្រប់គ្រង​ចំហេះ​ហ្នឹង​ដែរ​។ យើង​ដឹង​ហើយ ពេល​ដុត​បា្ល​ស្ទិ​ក វា​ហុយ និង​ធុំក្លិន​ឈ្ងៀម​ពី​ផ្សែងខ្មៅ​ដែល​ចេញពី​ប្លា​ស្ទិ​ក ដូចជា ដប ឬ​កង់ឡាន​ជាដើម​។ ចង្ក្រាន​ហ្នឹង គុណប្រយោជន៍​វា​ត្រង់​ថា ពេល​យើង​ដុត​ទៅ ផ្សែងខ្មៅ​ដែល​ចេញពី​សំរាម​ហ្នឹង វា​ឆេះ​ដែរ ហើយអណ្តាតភ្លើង​វា​ថ្លា​ល្អ ដែល​យើង​អាច​យក​ភ្លើង​ហ្នឹង ទៅ​ដាំ​ស្ល​បាន​ទៀត​»​។  
 
​ផ្តើមចេញពី​ការ​ការស្រឡាញ់ និង​ចូលចិត្ត​បរិស្ថាន លោក លឹម ស៊ុយ​ហេង ដែលមាន​ផ្ទះ​នៅកណ្តាល​វាលស្រែ​នោះ បាន​ស្វះស្វែង​ស្រាវជ្រាវ​ពី​យូ​ធូប និង Google ដើម្បី​កែច្នៃ​ចង្ក្រាន​មួយ​នេះ ដែលជា​ផ្នែក​មួយ ជួយ​លើកកម្ពស់​បរិស្ថាន​នៅ​កម្ពុជា​។ 
 
​ប៉ុន្តែ​មុននឹង​អាច​ផលិត​បាន​ចង្ក្រាន​បរិស្ថាន​នេះ លោក ស៊ុយ​ហេង ក៏​ធ្លាប់​បរាជ័យ​ជាច្រើន​ដង​ច្រើនសារ​មកហើយ​ដែរ​។ ពាក់​អាវយឺត​ដៃខ្លី ស្លៀក​ខូវ​ប៊ូ​យ លោក លឹម ស៊ុយ​ហេង បាន​រៀបរាប់ថា​៖ «​យើង​មិនមែនជា​ជាងដែក ឬ​អ្នកបច្ចេកទេស​អ្វី​ទេ​។ យើង​មើល​តាម​យូ​ធូប ពេល​មើលទៅ​យើង​គិតថា អាហ្នឹង​ដូចជា​មិន​ពិបាក​ទេ ប៉ុន្តែ​បើសិន​មើល​តែ​យូ​ធូប​ទទេ ក៏​ធ្វើ​អត់​ចេញ​ដែរ ព្រោះ​យើង​អត់​ដឹង​ពី​លក្ខណៈ​ស៊ីជម្រៅ​។ ដូច្នេះ យើង​Search តាម Google ព្រោះ មាន​ចង្ក្រាន​ប្រភេទ​អ៊ីចឹង​ជាច្រើន​នៅក្នុង​Google​។ យើង​ធ្វើ​ច្រើនដង​ណាស់ ហើយក៏​ខុស​ច្រើនដង​ដែរ​។ វា​មិនទាន់​ប្រាកដថា អាហ្នឹង វា​ជា​ចំណុចកំពូល​ទេ ប៉ុន្តែ​ទម្រាំ​កែច្នៃ​បាន​ដូច​រាល់ថ្ងៃនេះ វា​ត្រូវការ​ពេលវេលា​យូរ និង​ថវិកា​ច្រើន​»​។ 
 
​តាមពិតទៅ លោក លឹម ស៊ុយ​ហេង ជា​ប្រធាន​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​នៅ​ភ្នំពេញ ដែលមាន​ជីវភាព​ធូរធារ​ស្រាប់​ហើយ ប៉ុន្តែ​លោក​បាន​ឆ្លៀតពេល​ដ៏​មមាញឹក​របស់លោក ដើម្បី​កែច្នៃ    ចង្ក្រាន​នេះ ជា​ប្រយោជន៍​សម្រាប់​អ្នកប្រើប្រាស់​។ បើតាម​បុរស​កូន​ពីរ រាង​ទាប និង​មាឌធំ​ល្មម​រូបនេះ ការធ្វើ​ចង្ក្រាន​ចំហេះ​ជីវម៉ាស គឺ​កើតចេញពី​ការស្រឡាញ់ និង​ចង់​ស្រាវជ្រាវ​ប៉ុណ្ណោះ មិនមែន​មានបំណង​ធ្វើ​អាជីវកម្ម​ធំដុំ​អ្វី​ឡើយ​។ យ៉ាងណាក៏ដោយ បន្ទាប់ពី​ធ្វើ​ចង្ក្រាន​រួច លោក​មាន​មិត្តភក្តិ​និង​បងប្អូន​ជាច្រើន​ក​ម្ម៉​ង់​ទិញ​ជា​បន្តបន្ទាប់ ខណៈ​ចង្ក្រាន​មួយចំនួនទៀត លោក​បាន​បរិច្ចាគ​ទៅ​វត្ត​អារាម និង​អ្នកជិតខាង​ដែល​ខ្វះខាត​។   
 
​លោក លឹម ស៊ុយ​ហេង បាន​បន្តថា បច្ចុប្បន្ន លោក​ធ្វើ​ចង្ក្រាន​ចំហេះ​ជីវម៉ាស​ចំនួន​ពីរ​ទំហំ ដែលមាន​តម្លៃ​ចាប់ពី​១០​ម៉ឺន​រៀល​ឡើងទៅ​។ ចង្ក្រាន​ប្រភេទ​ទីមួយ គឺ​មុខកាត់​ខាងក្នុង​១៨​សង់ទីម៉ែត្រ និង​ទី​ពីរ មាន​មុខកាត់​ខាងក្នុង​២៤​សង់ទីម៉ែត្រ ដោយ​ចែក​ចេញពីរ​ម៉ូដ គឺ​រាង​មូល និង​រាង​ជ្រុង​។    


 
​បើតាម លោក លឹម ស៊ុយ​ហេង ចង្ក្រាន​នេះ មាន​គេ​ប្រើ​ច្រើន​នៅ​អាហ្វ្រិក ដែល​ភាគច្រើន វា​ជា​គម្រោង​របស់​រដ្ឋាភិបាល ឬ​អង្គ​ក្រៅ​រដ្ឋាភិបាល ទិញ​ជូន​ពលរដ្ឋ​ក្រីក្រ នៅ​ជនបទ​ដាច់ស្រយាល​។ សម្រាប់​លោក លឹម ស៊ុយ​ហេង នៅ​កម្ពុជា​សម្បូរ​សំរាម និង​កាន់តែ​ខ្សត់​ឧស​បែបនេះ ដែល​ធ្វើ​ឲ្យ​ចង្ក្រាន​ចំហេះ​ជីវម៉ាស កាន់​តែមាន​តម្រូវការ និង​មាន​អត្ថប្រយោជន៍​យ៉ាង​សម្បើម​។ លោក​អះអាងថា បើសិន​មាន​អង្គការ​ណាមួយ មាន​គម្រោង​ចង់​ជួយ​ពលរដ្ឋ​នៅ​ជនបទ​ឲ្យ​មាន​ចង្ក្រាន​នេះ​ប្រើប្រាស់​នោះ លោក​នឹង​សហការ​ជាមួយ​ពួកគេ ដើម្បី​ពង្រីក​ការផលិត​ឲ្យ​បាន​កាន់តែច្រើន​។  
 
​បច្ចុប្បន្ន ក្រៅពី​ផលិត​ចង្ក្រាន​បរិស្ថាន លោក​បាន​យក​ចំណេះដឹង​ទាំងនេះ មក​ច្នៃ​បង្កើត​ឡ​បរិស្ថាន​ថែម​ទៀតផង​។ ឡ​ដុត​ធ្យូង​លក្ខណៈ​គ្រួសារ​មួយ​នេះ ត្រូវបាន​លោក លឹម ស៊ុយ​ហេង បានធ្វើ​ចេញ​ជា​រូបរាង និង​បាន​ប្រើប្រាស់​រួចហើយ​ដែរ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ឥឡូវ យើង​បានធ្វើ​ឡ​ដុត​ធ្យូង​ជា​លក្ខណៈ​គ្រួសារ យើង​ធ្វើបាន​ហើយ ជា​ឡ​ដុត​ធ្យូង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​។ យក​ចំហេះ​ផ្សែង​ហ្នឹង​ទៅ​ដុត​ធ្យូង​ហ្នឹង​វិញ មានន័យថា យក​ចំហាយ​ហ្គាស​ពី​ឧស​ដែល​យើង​យក​ធ្វើ​ធ្យូង យកទៅ​បង្កើតជា​ភ្លើង​ឲ្យ​កំដៅ​ឧស​ហ្នឹង​វិញ​។ យើង​ប្រើពេល​ដុត​៨​ម៉ោង​ក្នុង​មួយថ្ងៃ ដុត​ម្តង​បាន​ធ្យូង​ពី​២០​ទៅ​៣០​គីឡូក្រាម​។ វា​ជា​ឡ​ដុត​ធ្យូង​តូចៗ ដែល​យើង​ប្រើ​ធុងសាំង​យើង​ហ្នឹង​»​។ 
 
​លោក លឹម ស៊ុយ​ហេង មាន​មហិច្ឆតា​ធ្វើ​ឡ​ដុត​ធ្យូង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដើម្បី​ផ្តល់​ផលចំណេញ​ទាំង​អ្នករកស៊ី​ដុត​ធ្យូង និង​បរិស្ថាន ពីព្រោះ​បច្ចុប្បន្ន អ្នក​ដុត​ធ្យូង​ដែល​ប្រើឡ​បែប​ប្រពៃណី ត្រូវ​ប្រើប្រាស់​ពេល​ដុត​១៥​ថ្ងៃ ទៅ​២០​ថ្ងៃ និង​ប្រើ​ឧស​ដុត​ច្រើន​ជាងឈើ ដែល​យក​ធ្វើ​ធ្យូង​ទៅទៀត​។ ប៉ុន្តែ បើសិន​ឡ​បរិស្ថាន​នេះ ចេញ​ជា​រូបរាង លោក លឹម ស៊ុយ​ហេង អះអាងថា ឡ​ថ្មី​នេះ នឹង​ប្រើពេល​តែ​២​ថ្ងៃ និង​ចំណេះ​ឧស​ដល់​ទៅ​៣​ដង​ឯណោះ​៕         
 

Tag:
 លឹម ស៊ុយ​ហេង​
 ​ចង្ក្រាន​បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com