សៀមរាប៖ អ្នកមិនធ្លាប់បានដឹង ច្បាស់ជាភ្ញាក់ផ្អើលប្រសិនបើបានឃើញចម្ការឈើគ្រញូងតូចធំលាតសន្ធឹងល្វឹងល្វើយដាច់កន្ទុយភ្នែក ដែលត្រូវបានដាំនិងអភិរក្សដោយអាជ្ញាធរ។ ចម្ការនេះ ត្រូវបានបង្កើតឡើងក្នុងន័យដើម្បីអភិរក្សពូជឈើកម្រដែលមាននៅប្រទេសកម្ពុជា និងផ្នែកមួយដើម្បីបរិស្ថានផង។ បង្កើតតាំងពីឆ្នាំ២០០១មក សព្វថ្ងៃចម្ការឈើកម្រនេះបានពង្រីកផ្ទៃដីដាំដុះរហូតដល់ជាង២ពាន់ហិកតា ដែលនេះជាផ្ទៃដីដែលធំសម្រាប់ការអភិរក្សព្រៃឈើក្នុងខេត្តសៀមរាប។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
ដើមឈើគ្រញូង ត្រូវបានចាត់ទុកជាពូជឈើមានតម្លៃដ្បិតវាខ្លឹមល្អ ដែលអាចយកទៅកែច្នៃជាគ្រឿងបរិក្ខាផ្សេងៗយ៉ាងប្រណិត។ ដោយសារមានតម្លៃវិសេសវិសាលនេះហើយ ទើបធ្វើឱ្យប្រភេទឈើនេះកម្រ។ បទល្មើសព្រៃឈើ ជាមូលហេតុដែលកំពុងនិយាយទាំងប៉ុន្មានមកនេះ។
ជាផ្នែកនៃការចូលរួមស្ដារគម្របព្រៃឈើ និងអភិរក្សធនធានធម្មជាតិនៅប្រទេសកម្ពុជាឡើងវិញ គំនិតផ្តួចផ្តើមបង្កើតចម្ការឈើគ្រញូងមួយត្រូវបានបង្កើតឡើង។ ចម្ការឈើគ្រញូងដ៏ធំល្វឹងល្វើយ ត្រូវបានរដ្ឋបាលព្រៃឈើខេត្តសៀមរាប សហការជាមួយអង្គការក្រៅរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធ បង្កើតក្នុងភូមិសាស្ដ្រស្រុកចំនួន៣នាខេត្តសៀមរាប មានស្រុកបន្ទាយស្រី ស្វាយលើ និងស្រីស្នំ។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានរំលឹកថា ចម្ការឈើគ្រញូងនេះបង្កើតដំបូងនៅឆ្នាំ២០០១ លើទំហំផ្ទៃដី២៥ហិកតា និងមានការពង្រីកផ្ទៃដីជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០១១ បានកើនឡើងដល់ ១,៨៨៨ហិកតា និងឆ្នាំ២០១២ មានការដាំបន្ថែម ជាង៧៦០ហិកតាទៀត ដែលសរុបផ្ទៃដីទាំងអស់ជាង ២ពាន់ហិកតា។ លោកបន្តថា នាពេលបច្ចុប្បន្ននេះ ចម្ការនេះមានដើមមេពូជគ្រញូងប្រមាណ ៥៧២ដើមដែរ តែអាចកើនឡើងជាងនេះដោយសារមន្ត្រីរបស់លោកមិនទាន់ចុះធ្វើសារពើភណ្ឌត្រឹមត្រូវ។ លោកពន្យល់ថា៖«២០០១ យើងបង្កើតលើទំហំផ្ទៃដី ២៥ហិកតា ក្រោយមកមានអង្គការមួយ និងការិយាល័យរដ្ឋបាលព្រៃឈើ និងនាយកដ្ឋានរដ្ឋបាលព្រៃឈើ ខ្ញុំមកកាន់២០០៣ ពេលនោះខ្ញុំនិងក្រុមការងារបានពង្រីកបាន ៥០ហិកតា ដល់ឆ្នាំ២០០៥-២០០៦ យើងបានពង្រីកដល់២៥០ហិកតា ២០១០-២០១១ ឡើងរហូតដល់ ១,៨៨៨ហិកតា ដែលយើងមានដើមមេដែលផ្តល់ពូជបាន ៥៧២ដើម ដែលផ្តល់ពូជ»។
ជាមួយនឹងបរិមាណមេពូជឈើ៥៧២ដើមនេះ បើតាមការបញ្ជាក់ពីលោក ម៉ុង ប៊ុនលីម អាចផ្តល់គ្រាប់ចន្លោះពី៣០ទៅ៥០គីឡូក្រាមក្នុងមួយឆ្នាំ។ គ្រាប់ពូជទាំងនោះ ត្រូវបានចែកចាយទៅតាមនាយខណ្ឌរដ្ឋបាលព្រៃឈើផ្សេងៗដើម្បីទុកបណ្ដុះកូនចែកបន្តដល់ប្រជាពលរដ្ឋយកទៅដាំតាមការស្នើសុំ។ បើគិតជាមធ្យមក្នុងគ្រាប់មួយគីឡូក្រាម អាចបណ្ដុះបានកូនឈើបានប្រមាណ ៣៣,៦០០ដើម គឺបរិមាណនេះអាស្រ័យលើទំហំគ្រាប់ផងដែរ។ តាមពិតទៅ បើតាមការបញ្ជាក់ពីលោក ប៊ុនលីម មេពូជគ្រញូងអាចមានលើសពីជាង៥០០ទៀត ព្រោះថានេះជាតួលេខចាស់ដែលក្រុមការងាររបស់លោកមិនទាន់ចុះធ្វើបញ្ជីសារពើភណ្ឌបន្ថែមដូចបានបញ្ជាក់ពីដើម។
ជាធម្មជាតិរបស់គ្រញូង គឺវាតែងហុចផ្លែផ្កានៅចុងខែកក្កដា ឬដើមខែសីហា ហើយអាចប្រមូលផលគ្រាប់នៅពាក់កណ្ដាលខែ វិច្ឆិកា។ រយៈពេលប្រមូលផលគឺមានពេលខ្លីត្រឹមតែ១ខែយ៉ាងយូរ។ ខុសពីឈើដទៃទៀត គ្រាប់គ្រញូងក៏ពិបាកបណ្ដុះដែរ ដោយសារវាមានសំបកក្រាស់ ដូច្នេះត្រូវមានបច្ចេកទេសត្រឹមត្រូវច្បាស់លាស់ ទើបប្រាកដថា បណ្ដុះកើតជាកូនឈើបាន។ នេះជាការបញ្ជាក់ពីលោក ប៊ុនលីម។
ជាភូមិសាស្ដ្រមួយស្មុគស្មាញបន្ដិត ដ្បិតថាចម្ការឈើគ្រញូងដែលលាតសន្ធឹងជា២ពាន់ហិកតានេះ នៅជាប់ស្រុកចំនួន៣របស់ខេត្តសៀមរាប គឺនៅជាប់ព្រំប្រទល់ខេត្ត ឧត្ដរមានជ័យតែម្ដង។ ការជ្រើសរើសភូមិសាស្ដ្រនេះជាចម្ការពូជឈើគ្រញូង ត្រូវបានលោក ប៊ុនលីម ពន្យល់ថា ដោយសារសណ្ឋានដីនៅតំបន់នោះមានភាពអំណោយផលខ្ពស់ចំពោះកូនឈើកម្រមួយនេះ។ លោកពន្យល់ថា៖« ទីនេះមានលក្ខណៈប្រកបធ្វើឱ្យរុក្ខជាតិនេះដុះក្នុងតំបន់ ទោះបីស្ថានភាពភូមិសាស្ដ្រមានភាពលំបាក់ក៏ដោយ ដោយសារគ្រញូងត្រូវការរើសដី ដីជាំទឹកខ្លាំងមិនអារស់បាន ក្រៀមក្រោះពេកក៏មិនអាចរស់ អ៊ីចឹងដីល្បាយខ្សាច់ហើយមានលក្ខណៈទួល (តែ)មិនអាចឱ្យសើមជោកពេកទេ...»។
ជាចម្ការឈើមានតម្លៃ ច្បាស់ណាស់ថា តែងមានជនខិលខូចប៉ងកាប់បំណងយកធ្វើអាជីវកម្មផ្សេងៗ។ យ៉ាងណាក៏ដោយ លោក ប៊ុនលីម អះអាងថា ខណ្ឌរដ្ឋបាលព្រៃឈើរបស់លោករួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធនានា បានចុះអប់រំប្រជាពលរដ្ឋឱ្យយល់ពីសារសំខាន់នៃព្រៃឈើ ហើយក៏មានការចុះល្បាតត្រឹមត្រូវដែរ។ កន្លងមកធ្លាប់មានការចូលកាប់ដែរ តែត្រូវបានអាជ្ញាធរចាប់បាននិងយកមកអប់រំ។ បទល្មើសនៅក្នុងចម្ការអភិរក្សពូជឈើគ្រញូងនេះមានតិចប៉ុណ្ណោះ ព្រោះមានការគ្រប់គ្រងត្រឹមត្រូវ ពិសេសគឺមានប្រព័ន្ធការពារនៅជុំវិញចម្ការតែម្ដង។ លោក ប៊ុនលីម បន្តថា ប្រព័ន្ធការពារនោះគឺកន្លែងរបស់លោកបានជីកប្រឡាយដែលមានមាត់លើ៤ម៉ែត្រ ជម្រៅ៣ម៉ែត្រ និងបាតខាងក្រោម២ម៉ែត្រ ដែលធ្វើឱ្យជនល្មើសពិបាកឆ្លងកាត់។
ជាមួយគ្នានេះដែរ ចលនាបំផុសការដាំកូនឈើក្នុងចម្ការពូជគ្រញូងក៏ត្រូវបានរៀបចំជាហូរហែផងដែរ ដែលក្នុងនោះមានសាធារណជនរួមនិងភ្ញៀវទេសចរជាតិ-អន្ដរជាតិជាច្រើនបានចូលរួមដាំ។ ក្រៅពីធនធានព្រៃឈើដ៏វិសេសវិសាលហើយនោះ ចម្ការគ្រញូងនេះក៏មានវត្តមានសត្វព្រៃច្រើនប្រភេទរស់នៅផងដែរ ដូចជាជ្រូកព្រៃ ស្វា ប្រើស ទន្សោង រួមនិងសត្វស្លាបកម្រមួយចំនួនទៀត។ តាមការបញ្ជាក់ពីលោក ប៊ុនលីម លោកមានបំណងអភិវឌ្ឍចម្ការនេះឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមួយនាពេលអនាគត។
ជាអ្នកបរិស្ថានមួយរូប លោក ប៊ុនលីម ចង់ឱ្យបន្តចលនាដាំកូនឈើកាន់តែច្រើននៅប្រទេសកម្ពុជា ពិសេសនៅតំបន់ដែលរងការទន្ទ្រានកន្លងមក។ សម្រាប់លោកនាយខណ្ឌរដ្ឋបាលព្រៃឈើរូបនេះ ការចូលរួមដាំកូនឈើទោះបីនៅទីណាក៏ដោយ គឺត្រូវមានឆន្ទះទាំងអស់គ្នា ហើយកុំយល់ថាការងារនេះជាការផ្ដាច់មុខសម្រាប់ស្ថាប័នណាមួយ។ លោក ប៊ុនលីមបន្ត៖ «យើងជាម្ចាស់សម្បត្តិធម្មជាតិ ឱ្យមានឆន្ទះក្នុងការដាំនោះយើងនឹងមានគម្របព្រៃដ៏ល្អឡើងវិញ ហើយយើងមានអកាសធាតុល្អបរិសុទ្ធ មានទឹកភ្លៀងគ្រប់គ្រាន់ ចៀសផុតពីការប្រែប្រួលអាកាសធាតុ...»៕